លោកស្រី ឱ វណ្ណឌីន៖ «សុខភាពជាចម្បង» មិនមែនជាការងាររបស់វិស័យសុខាភិបាលតែមួយនោះទេ ប៉ុន្តែគឺជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា
10-09-2026 16:10
(ព្រះវិហារ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារ PHC-BIF ថ្នាក់ជាតិ បានថ្លែងលើកឡើងថា «សុខភាពជាចម្បង» មិនមែនជាការងាររបស់វិស័យសុខាភិបាលតែមួយនោះទេ ប៉ុន្តែគឺជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។
ការថ្លែងលើកឡើងរបស់លោកស្រី ឱ វណ្ដឌីន ក្នុងឱកាសដែលលោកស្រីអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យសមិទ្ធផលក្រុមការងារ និងលេខាធិការដ្ឋាន ស្តីពីការអនុវត្តក្របខណ្ឌជំរុញបង្កើនការងារសុខភាពបឋមថ្នាក់ស្រុក (PHC-BIF) ឆមាសទី១ ឆ្នាំ២០២៦ នៅស្រុករវៀង នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ព្រមទាំងមន្ត្រីជំនាញ និងភាគីពាក់ព័ន្ធជាច្រើនទៀត។
ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានថ្លែងគូសបញ្ជាក់ថា ការងារសុខភាពបឋម គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍ ហើយការងារនេះមិនមែនជាបន្ទុករបស់វិស័យ សុខាភិបាល តែមួយឡើយ ប៉ុន្តែទាមទារឱ្យមានការចូលរួមពីគ្រប់វិស័យ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។
លោកស្រីរដ្ឋលេខាធិការ បានថ្លែងទៀតថា «ធ្វើអោយបាននូវសុខភាពជាចម្បង ដូចនេះបញ្ហាសុខភាពមិនមែនជាបញ្ហារបស់វិស័យសុខាភិបាលតែម្នាក់ទេ គឺជាបញ្ហារបស់យើងទាំងអស់គ្នា» ដោយត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យសុខភាព របស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍កាន់តែល្អប្រសើរ។
លោកស្រី ឱ វណ្ណឌីន ក៏បានថ្លែងណែនាំឱ្យក្រុមការងារទាំងអស់រួមគ្នាធ្វើឱ្យសម្រេចបាននូវគោលដៅ «ភូមិ ឃុំ មានសុវត្ថិភាព និងមានសុខភាពល្អ» តាមរយៈការចូលរួមទប់ស្កាត់អំពើហិង្សាក្នុងសង្គម និងក្នុងគ្រួសារ បញ្ហាគ្រឿងញៀន បញ្ហាទឹកស្អាត និងបញ្ហាសុខភាពផ្សេងៗទៀតដែលប៉ះពាល់ដល់ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកស្រី ឱ វណ្ដឌីន បានថ្លែងសង្កត់ធ្ងន់ពីសារៈសំខាន់នៃការពង្រឹងដំណើរការរបស់គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងកិច្ចប្រជុំរបស់ក្រុមទ្រទ្រង់សុខភាពភូមិ ដោយស្នើឱ្យមានការរៀបចំកិច្ចប្រជុំជាប្រចាំ រៀងរាល់ខែ ឬយ៉ាងហោចណាស់រៀងរាល់២ខែម្តង ដើម្បីពិនិត្យបញ្ហាប្រឈម និងរួមគ្នាជំរុញការអនុវត្តការងារថែទាំសុខភាពបឋមឱ្យកាន់តែមានប្រសិទ្ធភាព។
លោកស្រីបានថ្លែងថា ការងារទាំងអស់ត្រូវមានផែនការច្បាស់លាស់ ដោយលោកស្រីបានប្រៀបធៀបថា «បើយើងធ្វើការគ្មានផែនការ ប្រៀបដូចយើងយាត្រាគ្មានគោលដៅ»។ ដូច្នេះ ក្រុមការងារត្រូវរៀបចំផែនការឱ្យបានល្អ និងបញ្ចូលបញ្ហាសុខភាពនានាទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ/សង្កាត់ ព្រមទាំងអនុវត្តសកម្មភាពឱ្យមានប្រសិទ្ធភាព និងសម្រេចបាននូវគោលដៅដែលបានកំណត់។
ដោយឡែក ចំពោះមណ្ឌលសុខភាព លោកស្រី ឱ វណ្ណឌីន បានថ្លែងណែនាំឱ្យមណ្ឌលសុខភាពទាំងអស់រៀបចំផែនការកែលម្អគុណភាពសេវា និងពង្រឹងការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព ព្រមទាំងជំរុញការបង្រៀន និងចែករំលែកចំណេះដឹងរវាងបុគ្គលិក ដើម្បីឱ្យអាចចេះជំនាញគ្រប់ផ្នែក និងជួយគ្នាទៅវិញទៅមកបាន។
លោកស្រី ឱ វណ្ដឌីន ក៏បានថ្លែងស្នើឱ្យបន្តពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ បដិសណ្ឋារកិច្ច និងសុជីវធម៌របស់បុគ្គលិកសុខាភិបាលជាប្រចាំ ដើម្បីធានាថាប្រជាពលរដ្ឋទទួលបានសេវាសុខាភិបាលដែលមានគុណភាព និងការយកចិត្តទុកដាក់។
ដោយឡែកលោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងគូសបញ្ជាក់ថា ក្រុមទ្រទ្រង់សុខភាពភូមិបានដើរតួនាទីយ៉ាងសំខាន់ និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញការអនុវត្ត ក្របខណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋមឱ្យសម្រេចបានតាមគោលដៅ។
លោកប្រធានមន្ទីរបានថ្លែងណែនាំឱ្យមូលដ្ឋានសុខាភិបាលទាំងអស់ក្នុងខេត្តព្រះវិហារ បន្តពង្រឹងការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព ប្រសិទ្ធសិទ្ធិភាព និងសុវត្ថិភាព ព្រមទាំងធានាបាននូវសមធម៌ក្នុងការទទួលបានសេវាសុខាភិបាល។
ដើម្បីជាការលើកទឹកចិត្ត និងទទួលស្គាល់ការចូលរួមរបស់ក្រុមទ្រទ្រង់សុខភាពភូមិ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងឱ្យដឹងថា៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ នឹងផ្តល់ប័ណ្ណសម្គាល់ជូនដល់ក្រុមទ្រទ្រង់សុខភាពភូមិ ដើម្បីពួកគាត់បានប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យទាំងឡាយក្នុងខេត្តព្រះវិហារ ដោយមិនបង់ប្រាក់។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណងពិនិត្យវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម និងទិសដៅការងារបន្ត ក្នុងការអនុវត្តក្របខណ្ឌជំរុញបង្កើនការងារសុខភាពបឋម ដើម្បីរួមគ្នាលើកកម្ពស់គុណភាពសេវាសុខាភិបាល និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕




























