កម្ពុជា គាំទ្រសំណើរបស់សភាប្រើភាសាបារាំង (APF) សុំឋានៈជាអ្នកសង្កេតការណ៍ នៅមហាសន្និបាតអង្គការសហប្រជាជាតិ
10-09-2026 19:30
(អាម៉េរិក)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានសាខាកម្ពុជានៃសភាប្រើភាសាបារាំង និងជាប្រតិភូសភាប្រើភាសាបារាំង (APF) ទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានចូលរួមបេសកកម្មរបស់សភាប្រើភាសាបារាំង នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ដែលបេសកកម្មនេះដឹកនាំដោយលោកស្រី Nathalie Roy ប្រធាន APF និងជាប្រធានរដ្ឋសភាកេបិច ក្នុងគោលបំណងជំរុញការគាំទ្រសំណើរបស់ APF ដើម្បីទទួលឋានៈជាអ្នកសង្កេតការណ៍នៅមហាសន្និបាតអង្គការសហប្រជាជាតិ។
លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ក៏បានចូលរួម និងជួយសម្របសម្រួលការងាររបស់គណៈប្រតិភូផងដែរ។
ក្នុងអំឡុងបេសកកម្មគណៈប្រតិភូ APF បានជួបពិភាក្សាជាមួយតំណាងប្រទេសជាច្រើនរួមមាន៖ ប្រេស៊ីល បែលហ្សិក ស្វីស អ៉ីតាលី អង់ហ្គោឡា ប៊ូរុនឌី អ៊ុយក្រែន និងជីប៊ូទី ព្រមទាំងតំណាងអង្គការអន្តរជាតិនៃប្រទេសប្រើភាសាបារាំង (OIF) និងក្រុមឯកអគ្គរដ្ឋទូតនៃប្រទេសប្រើភាសាបារាំងប្រចាំអង្គការសហប្រជាជាតិ។
ក្នុងជំនួបទាំងនេះលោក អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ថា ឋានៈជាអ្នកសង្កេតការណ៍នឹងជួយពង្រឹងតួនាទីនៃការទូតសភា និងនាំសំឡេងរបស់សមាជិកសភា ព្រមទាំងប្រជាពលរដ្ឋ ដែលពួកគេតំណាងឱ្យចូលរួមកាន់តែសកម្មក្នុងកិច្ចសន្ទនាពហុភាគី។ APF ដែលមានសមាជិកចំនួន ១០០ មកពីទ្វីបទាំង៥ អាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការអប់រំ សុខភាព សមភាពយេនឌ័រ និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោក អ៊ុច បូររិទ្ធ ក៏បានចែករំលែកបទពិសោធន៍របស់កម្ពុជា ដែលបានឆ្លងកាត់សង្គ្រាម និងយល់ច្បាស់ពីតម្លៃនៃសន្តិភាព។ កម្ពុជាបន្តគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងបន្តរួមចំណែកក្នុងបេសកកម្មរក្សាសន្តិភាព និងការបោសសម្អាតមីន។
សូមបញ្ជាក់ដែរថា ជុំវិញសំណើរបស់ APF ត្រូវបានដាក់ជាផ្លូវការដោយជីប៊ូទី ទទួលបានការគាំទ្រពីកម្ពុជា និងប្រទេសដៃគូមួយចំនួន ហើយក្នុងបេសកកម្មនេះតំណាងប្រទេសជាច្រើន ក៏បានបង្ហាញទស្សនៈវិជ្ជមានចំពោះសំណើខាងលើផងដែរ។ កម្ពុជានឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ APF ស្ថានបេសកកម្មជីប៊ូទី OIF និងបណ្ដាប្រទេសដៃគូ ដើម្បីជំរុញសំណើនេះ និងលើកកម្ពស់តួនាទីការទូតសភាក្នុងការបម្រើសន្តិភាព កិច្ចសហប្រតិបត្តិការ និងពហុភាគីនិយម៕










