បណ្ឌិត គុណ ញឹម បន្តនាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនពលរដ្ឋភៀសសឹកនៅភូមិរង់ចាំជាង ៣ ០០០គ្រួសារ
10-09-2026 19:30
(បន្ទាយមានជ័យ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយ និងរដ្ឋាករនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ ចំនួន ៣ ៣១៨គ្រួសារ ដែលពិធីនេះប្រព្រឹត្តទៅដោយមានការចូលរួមពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។
ក្នុងឱកាសនោះលោកបណ្ឌិត គុណ ញឹម បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់។
លោកបណ្ឌិត បានបញ្ជាក់ថា អំណោយដែលបាននាំយកមកជូននាពេលនេះ គឺស្របតាមការណែនាំរបស់រាជរដ្ឋាភិបាលដែលតែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋនៅភូមិរង់ចាំ ហើយការផ្តល់អំណោយនេះក៏បង្ហាញនូវស្មារតីសាមគ្គីភាពខ្មែរតែមួយ និងស្មារតីខ្មែរជួយខ្មែរ ដើម្បីចូលរួមចំណែកដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋភៀសសឹកមួយចំនួន ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញបាន ដោយសារតែអំពើឈ្លានពានរបស់ភាគីថៃ ប្រើប្រាស់កម្លាំងយោធាព័ទ្ធយកតំបន់មួយចំនួនតាមព្រំដែន ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយ។
លោកបណ្ឌិត បានក្រើនរំលឹកឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់រក្សាអនាម័យ ថែទាំសុខភាព ហើយត្រូវមានភាពកក់ក្តៅក្នុងចិត្តថា រាជរដ្ឋាភិបាលនឹងបន្តស្វែងរកដំណោះស្រាយទាំងតាមផ្លូវការទូត និងការប្រើច្បាប់អន្តរជាតិ។ ទន្ទឹមនេះសប្បុរសជនទូទាំងប្រទេស នឹងនៅបន្តរួមសុខរួមទុក្ខជាប់ជានិច្ច ដោយមិនបោះបង់បងប្អូនចោលឡើយ។
អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត សម្រាប់ឧបត្ថម្ភជូនគ្រួសារប្រជាពលរដ្ឋនៅភូមិរង់ចាំសរុបរួមមាន ក្រណាត់ ១ ២៧០ដុំ, សម្លៀកបំពាក់ ៦២២កាតុង, សាច់បង្កក ៤,៥២តោន, អង្ករ ១៦,៥៩តោន, មីកញ្ចប់ ៣ ៣១៨កេស និងកញ្ចប់ (Kits) ៣ ៣១៨ (១ កញ្ចប់សម្រាប់ ១ គ្រួសារ) ដោយក្នុង Kits នីមួយៗ រួមមាន៖ មុង ១, ភួយ ១, ត្រីខ ៥កំប៉ុង, សាច់ក្រក ១កញ្ចប់ (០,៥ គ.ក្រ), ឆៃប៉ូវ ១កញ្ចប់ (០,៥ គ.ក្រ), ទឹកស៊ីអ៉ីវ ២ដប, ទឹកត្រី ២ដប, ស្ករស ១ គ.ក្រ, ទឹកដោះគោខាប់ ៥កំប៉ុង, ទឹកដោះគោស្រស់ម៉ាក Angkor Milk ១១០ ml ២យួរ ស្មើ ៨ប្រអប់, ទឹកក្រូច V-Cola 600ml ២ដប, ច្រាសដុសធ្មេញនិង ថ្នាំដុសធ្មេញ ១ឈុត, សាប៊ូដុសខ្លួន ១ដុំ, សាប៊ូម្សៅ ៣៨០g ១កញ្ចប់ និង នំ ២ដុំ ព្រមទាំងថវិកាមួយចំនួន។
គួរបញ្ជាក់ថា ចាប់តាំងពីពេលមានសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពថៃមកលើកម្ពុជាកន្លងមក សមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាននាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ប្រគល់ជូនប្រជាពលរដ្ឋភៀសសឹកសរុបចំនួន ៨លើក ស្មើនឹងចំនួន ២០ ៤៤៦គ្រួសារ ក្នុងភូមិសាស្ត្រខេត្តសៀមរាប, ខេត្តបន្ទាយមានជ័យ, ខេត្តពោធិ៍សាត់, ខេត្តកោះកុង, ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ បន្ថែមលើនេះសមាគម ក៏បានផ្ដល់អំណោយតាមរយៈសមាគមនិងអ្នកស្ម័គ្រចិត្តផ្សេងទៀត និងព្រះចៅអធិការវត្តមួយចំនួនដែលទទួលប្រជាពលរដ្ឋភៀសសឹក ជាពិសេសសមាគមក៏បាននាំយកអំណោយជូនវីរកងទ័ពទាំងគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងមធ្យោបាយធ្វើដំណើរផងដែរ។
សមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី និង លោកជំទាវបណ្ឌិត ឧបត្ថម្ភជូនប្រជាពលរដ្ឋភៀសសឹកបន្ថែមទៀតនាពេលអនាគត៕




