ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ជាស្ពានចម្លងសម្រាប់អ្នកស្វែងរកការងារ ឱ្យជួបការងារក្នុងក្ដីស្រមៃ ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍ធនធានមនុស្ស
13-09-2026 20:32
(ភ្នំពេញ)៖ ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ បន្ទាប់ពីបានប្រព្រឹត្តទៅអស់រយៈពេល ១ថ្ងៃកន្លះ ត្រូវបានបញ្ចប់ដោយជោគជ័យ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ ក្រុមហ៊ុន សហគ្រាស រោងចក្រ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ សមាគម សហជីព សហព័ន្ធ សិល្បករ អ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គម ព្រមទាំងសិស្ស-និស្សិត និងអ្នកស្វែងរកការងារផងដែរ។
នាឱកាសនេះដែរ លោកស្រី អ៊ូច ជាច័ន្ទមល្លិកា ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ បានឱ្យដឹងថា បម្រែបម្រួលតម្រូវការជំនាញ និងមុខរបរ ព្រមទាំងការធ្វើទំនើបកម្មប្រព័ន្ធទីផ្សារការងារ គឺពិតជាមានសារៈសំខាន់ ជាពិសេស តម្រូវការជំនាញបច្ចេកវិទ្យា ឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។ លើសពីនេះ ការសិក្សាគឺជាដំណើរការពេញមួយជីវិត ដើម្បីត្រូវបន្តអភិវឌ្ឍសមត្ថភាព រួមជាមួយកិច្ចសហការរវាងរដ្ឋ និងឯកជន អ្វីដែលសំខាន់គឺ ផលិតភាពការងារ ជាកត្តាស្នូលសម្រាប់កំណើនសេដ្ឋកិច្ច និងការត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។
លោកស្រី បន្ថែមទៀតថា អ្វីដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ ត្រូវធ្វើការងារបន្ត គឺបូកសរុប និងវាយតម្លៃ នៃការរៀបចំពិព័រណ៍លើកទី១៦នេះ ដោយឆ្លុះបញ្ចាំងពីចំណុចខ្លាំង ជាពិសេសចំណុចដែលត្រូវកែលម្អ ជាមួយនឹងបទពិសោធដើម្បីជាមូលដ្ឋានសម្រាប់ការរៀបចំសម្រាប់លើកទី១៧ ក្នុងឆ្នាំ២០២៧ ឱ្យកាន់តែប្រសើរ និងទទួលបានភាពទាក់ទាញ។
ថ្លែងក្នុងពិធីបិទនេះ លោក ហេង សួរ បានលើកឡើងដែរថា ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦នេះ អាចប្រព្រឹត្តទៅបានយ៉ាងជោគជ័យ ហើយនិងបានដំណើរការទៅដោយរលូន ដោយសារមានការចូលរួមពីដៃគូសំខាន់ៗ ដែលមិនអាចខ្វះបាននោះ គឺសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមរោងចក្រសម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរកម្ពុជា (TAFTAC) ក៏ដូចជា ដៃគូដែលជួយគាំទ្រ រួមមាន មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF), ធនាគារពិភពលោក, ILO, កម្មវិធីការងារ សមរម្យសម្រាប់យុវជន, ព្រមទាំង ក្រុមហ៊ុន-ស្ថាប័ន ជាច្រើនផ្សេងទៀត ដែលបានចូលរួមគាំទ្រ និងបានដាក់តាំងបង្ហាញនូវផលិតផល ក៏ដូចជាឱកាសការងារ ជូនទៅដល់អ្នកស្វែងរកការងារ។
លោករដ្ឋមន្ត្រី បន្ថែមទៀតថា ការផ្តល់សេវាការងារ និងការប្រឹក្សាយោបល់ភ្លាមៗ ជាកន្លែងប្រមូលផ្តុំសេវាតែមួយ ជាពិសេស ការជួយរៀបចំប្រវត្តិរូបសង្ខេប និងផ្តល់ការប្រឹក្សាដើម្បីត្រៀមសម្ភាសនិងរៀបចំការសម្ភាសការងារផ្ទាល់នៅនឹងកន្លែង។ សម្រាប់យុវជន និងអ្នកដែលចង់ស្វែងរកការងារធ្វើ អាចជ្រើសរើសជំនាញទៅតាមចំណង់ចំណូលចិត្ត និងតាមតម្រូវការទីផ្សារ។
លោក ហេង សួរ សង្កត់ធ្ងន់ថា តាមរយៈឱកាសការងារ នៅមានជាច្រើនរាប់ម៉ឺនកន្លែង នេះក៏ជាការបញ្ជាក់ឱ្យឃើញផងដែរថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា រក្សាបាននូវស្ថិរភាព ហើយអាចមានលទ្ធភាពសមល្មម ដើម្បីផ្តល់ឱកាសការងារ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិត និងអភិវឌ្ឍន៍ទីផ្សារការងារឱ្យកាន់តែមានចីរភាព «ជំនាញ នាំឱ្យមានកំណើនផលិតភាព, ផលិតភាព នាំឱ្យមានភាពប្រកួតប្រជែង, ភាពប្រកួតប្រជែង នាំឱ្យមានការរីកចម្រើនប្រកបដោយចីរភាព»។
លោករដ្ឋមន្ត្រី បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោក មានការប្រែប្រួល ឬប្រឈមនឹងវិបត្តិ ប៉ុន្តែកម្ពុជា នៅតែរក្សាបាននូវស្ថិរភាព និងសមត្ថភាព ក្នុងការបង្កើតឱកាសការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋ។ ជាពិសេស រាជរដ្ឋាភិបាលបន្តខិតខំ កែលម្អបរិយាកាសវិនិយោគ និងធុរកិច្ច ទាំងសហគ្រាសធំ មធ្យម តូច និងមីក្រូ ដើម្បីទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារកាន់តែច្រើនបន្ថែមទៀតជូនយុវជនកម្ពុជា៕















