ជំនួបជាមួយឯកអគ្គរាជទូតម៉ាឡេស៊ី, អ្នកឧកញ៉ា គិត ម៉េង លើកទឹកចិត្តឱ្យសហគមន៍ធុរកិច្ចម៉ាឡេស៊ី ឱ្យចាប់យកឱកាសវិនិយោគ លើវិស័យសក្តានុពលនៅកម្ពុជា ខណៈទំហំពាណិជ្ជកម្មកើនលើស ១ពាន់លានដុល្លារ
14-09-2026 12:41
(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយបណ្ឌិត ស្យាហារ៉ូឌីន អ៊ន (Shaharuddin Onn) ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា។
ក្នុងឱកាសនៃជំនួបនេះ បណ្ឌិត ស្យាហារ៉ូឌីន អ៊ន បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី ព្រមទាំងបានរំលេចអំពីកិច្ចប្រជុំគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី (Cambodia-Malaysia Joint Committee Bilateral Cooperation) នាពេលថ្មីៗនេះ ដែលបានផ្តោតជាសំខាន់លើវិស័យគន្លឹះនានា ជាពិសេសពាណិជ្ជកម្ម និងការវិនិយោគ។
លោកបន្ថែមទៀតថា ក្នុងនាមជាប្រទេសសមាជិកអាស៊ានដ៏សកម្មមួយ ម៉ាឡេស៊ីបានខិតខំប្រឹងប្រែងសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាព និងដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដោយឈរលើគោលការណ៍មជ្ឈភាពអាស៊ាន សំដៅធានាសន្តិភាព ស្ថិរភាពយូរអង្វែង និងបរិយាកាសអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ទាំងមូល។
លោកបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន នៃវិស័យឯកជននៅកម្ពុជា ជាពិសេសភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា។
បន្ថែមពីនេះ លោកបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាក្រុមហ៊ុនឈានមុខគេដ៏ធំបំផុតមួយនៅកម្ពុជា និងតែងតែផ្តល់ការគាំទ្រដល់សកម្មភាពរបស់ស្ថានទូតម៉ាឡេស៊ីកន្លងមក។ លោកបានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចកាន់តែខ្លាំងក្លាបន្ថែម។
ជាកិច្ចឆ្លើយតប អ្នកឧកញ៉ា គិត ម៉េង បានស្វាគមន៍យ៉ាងកក់ក្តៅ និង ថ្លែងអំណរគុណចំពោះស្មារតី សហប្រតិបត្តិការ និងចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។
អ្នកឧកញ៉ា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ី ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម ដែលបានខិតខំប្រឹងប្រែងសម្របសម្រួលបញ្ចប់ជម្លោះកម្ពុជាថៃ រហូតឈានដល់ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ» កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា បានរំលឹកពីទំនាក់ទំនងការទូតជិត ៧ ទសវត្សរ៍ (១៩៥៧–២០២៧)រវាងប្រទេសទាំងពីរ ព្រមទាំងការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ដែលបានបើកផ្លូវយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការធុរកិច្ចទ្វេភាគី។
លើសពីនេះ អ្នកឧកញ៉ា ក៏បានបញ្ជាក់ថា កំណើនដ៏គួរឲ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា ម៉ាឡេស៊ី ដែលមានទំហំលើសពី ១ពាន់លានដុល្លារកាលពីឆ្នាំ ២០២៥ កន្លងទៅ។
អ្នកឧកញ៉ាប្រធានបានគូសបញ្ជាក់ថា កម្ពុជាមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ និងបរិយាកាសវិនិយោគអំណោយផល ដែលទាក់ទាញវិនិយោគិនបរទេសពីគ្រប់ទិសទី។ សមិទ្ធផលទាំងនេះកើតចេញពីមូលដ្ឋានគ្រឹះសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា។ បន្ថែមពីនេះ ការបន្តដឹកនាំប្រកបដោយភាពស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងជំរុញកំណើនសេដ្ឋកិច្ចជាតិ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អបរិយាកាសវិនិយោគឱ្យកាន់តែមានភាពទាក់ទាញជាលំដាប់។
ទន្ទឹមនឹងនេះ អ្នកឧកញ៉ា ក៏បានលើកទឹកចិត្តដល់សហគមន៍ធុរកិច្ចម៉ាឡេស៊ី ឱ្យចាប់យកកាលានុវត្តភាព វិនិយោគលើវិស័យសក្តានុពលនានា។
បន្ថែមពីលើនេះ អ្នកឧកញ៉ា ក៏បានជម្រាបជូនលោកឯកអគ្គរដ្ឋទូត អំពីការចុះអនុស្សរណៈយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ ដែលជាការបញ្ជូនសារយ៉ាងសំខាន់ទៅកាន់សហគមន៍ធុរកិច្ចអន្តរជាតិ ពាក់ព័ន្ធនឹងតម្លាភាពរបស់វិស័យឯកជន និងបរិយាកាសវិនិយោគដ៏ល្អប្រសើរនៅកម្ពុជា។
ជាមួយគ្នានេះ ភាគីទាំងពីរបានបង្ហាញនូវការប្តេជ្ញាចិត្ត និងជំនឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជននិងប្រជាជន ព្រមទាំងទស្សនវិស័យនៃវិបុលភាពរួម នឹងបន្តជាគ្រឹះដ៏រឹងមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ឱ្យឈានឡើងដល់កម្រិត និងដំណាក់កាលថ្មីមួយទៀត៕













