មេស៉ីម៉ាក់កម្ពុជា ប្រកាសដឹកដៃអ្នកជំនាញអន្តរជាតិ ចុះពិនិត្យដោយផ្ទាល់ទីតាំងគ្រាប់ចង្កោម និងសារធាតុគីមី ដែលយោធាថៃ បាញ់លើទីតាំងស៉ីវិលកម្ពុជា (Video inside)
14-09-2026 18:48
(សៀមរាប)៖ លោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានប្រកាសដឹកដៃអ្នកជំនាញអន្តរជាតិ ឬស្ថាប័នអន្តរជាតិ ចុះពិនិត្យដោយផ្ទាល់ទីតាំងគ្រាប់ចង្កោម និងសារធាតុគីមី ដែលយោធាថៃ បាញ់លើទីតាំងស៉ីវិលកម្ពុជា ចុះពិនិត្យដោយផ្ទាល់ទីតាំងគ្រាប់ចង្កោម និងសារធាតុគីមី ដែលយោធាថៃ បាញ់លើទីតាំងស៉ីវិលកម្ពុជា នៅក្នុងអំឡុងសង្គ្រាមឈ្លានពានទឹកដីកម្ពុជា ទាំងពីរលើកកាលពីឆ្នាំ២០២៥។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ថ្មីៗនេះ នៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប, អគ្គនាយកស៉ីម៉ាក់កម្ពុជា បានញ្ជាក់យ៉ាងច្បាស់ៗថា៖ «មានអន្តរជាតិសួរថាច្រើនអី ច្រើនយ៉ាងនេះ ម៉េចនឹងជឿ អ៊ឹចឹងយើងមាននីតិវិធីរបស់យើង បើធ្វើប៉ុណ្ណឹងហើយអ្នកឯងមិនជឿឱ្យធ្វើយ៉ាងម៉េច? […] រយៈពេលប៉ុន្មានខែហ្នឹងយើងបានបោសសម្អាតហើយរកឃើញទីតាំងមួយចំនួន យើងបានឃើញមានជាង ១៦ ០០០ភស្តុតាង បើអ្នកណាថាព័ត៌មានហ្នឹងមិនពិតយើងអាចដឹកដៃគ្នាទៅចង្អុលបាន»។
បន្ថែមពីនេះ អគ្គនាយកស៉ីម៉ាក់កម្ពុជា បានបញ្ជាក់ថា យោធាថៃ បានបាញ់មកលើទឹកដីកម្ពុជាជាង ១៦ ០០០ទិសដៅបាញ់។ ជាមួយគ្នានេះថៃ បានបាញ់មកលើប្រាសាទព្រះវិហារ ៥០១ទិសដៅបាញ់ ដែលមានគ្រាប់ប្រមាណ ១ ៥៩៩គ្រាប់។ ក្នុងសង្រ្គាមឈ្លានពានពីយោធាថៃ មកលើទឹកដីកម្ពុជានេះ គ្រាប់ដែលស៊ីម៉ាក់ បានកំណត់រួចរាល់ ១៦ ០០០រណ្ដៅ ប៉ះពាល់ដល់ផ្ទៃដី ៣ពាន់គីឡូម៉ែត្រក្រឡា។ រយៈពេល៦ខែមកនេះ ស៊ីម៉ាក់ បានប្រឹងប្រែងដោះគ្រាប់បានផ្ទៃដីជាង ១០០គីឡូម៉ែត្រក្រឡា ដែលមានប្រមាណ ១ម៉ឺនគ្រាប់។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានលើកឡើងថា ក្នុងអំឡុងសង្គ្រាមកាន់កាប់ទឹកដីប្រទេសកម្ពុជា យោធាថៃបានប្រើប្រាស់សារធាតុគីមី និងគ្រាប់បែកផូស្វ័រស តាមរយៈកាំភ្លើងធំទំហំ ១៥៥ មីលីម៉ែត្រ និង ១៣០ មីលីម៉ែត្រ ព្រមទាំងការប្រើប្រាស់យន្តហោះ និងដ្រូនសម្រាប់វាយប្រហារ។
លោក ហេង រតនា បានអះអាងយ៉ាងដូច្នេះថា៖ «ការប្រើប្រាស់អាវុធ និងសារធាតុគីមីនៅលើទីតាំងស៊ីវិល គឺជាទង្វើដែលផ្ទុយនឹងច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអាវុធគីមីឆ្នាំ១៩៩៣ ដែលកម្ពុជា និងថៃ សុទ្ធតែជារដ្ឋសមាជិក»។ កម្ពុជាបានរៀបចំដាក់ពាក្យបណ្តឹងទៅកាន់អង្គការហាមឃាត់អាវុធគីមី (OPCW) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់។ ការដាក់ពាក្យបណ្តឹងទៅកាន់ OPCW ជាជំហានមួយរបស់កម្ពុជា ដើម្បីស្នើឱ្យមានការពិនិត្យ និងស៊ើបអង្កេតពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុគីមី និងអាវុធដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជាជនស៊ីវិល ក្នុងអំឡុងជម្លោះប្រដាប់អាវុធ។
មន្រ្តីអគ្គនាយកស៊ីម៉ាក់ បានគូសបញ្ជាក់ថា ការប្រើប្រាស់សារធាតុពុល បានបង្កផលប៉ះពាល់ដល់កងកម្លាំង និងប្រជាពលរដ្ឋជាច្រើននាក់។ បើយោងតាមតួលេខដែលបានលើកឡើងពីក្រសួងសុខាភិបាល មានប្រជាពលរដ្ឋចំនួន ៣៩៩នាក់ ត្រូវបានរាយការណ៍ថា រងរបួសដោយសារការប្រើប្រាស់អាវុធគីមី ដែលបង្កឡើងដោយភាគីថៃ។
លោក ហេង រតនា បានឱ្យដឹងថា ក្នុងអំឡុងជម្លោះ យោធាថៃ បានប្រើប្រាស់អាវុធប្រមាណ ៤៣ប្រភេទ។ ក្នុងចំណោមនោះគ្រាប់បែកដែលទម្លាក់ពីយន្តហោះភាគច្រើនជាប្រភេទ MK ជាពិសេស MK82 និង MK84 ដែលមានទំហំធំ និងតម្រូវឱ្យមានការជីកកកាយ និងដោះចេញដោយប្រុងប្រយ័ត្ន។
បើតាមលោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានថ្លែងថា CMAC បានចុះត្រួតពិនិត្យប្រាសាទ និងតំបន់ជុំវិញប្រមាណ ៧០ហិកតា ដើម្បីវាយតម្លៃសុវត្ថិភាព និងគាំទ្រកិច្ចខិតខំប្រឹងប្រែងអភិរក្ស។ ក្រុមអភិរក្សកម្ពុជាបានចូលរួមជួយនៅទីតាំងដែលរងការខូចខាតចំនួន៣ ខណៈទីតាំងចំនួន៩ ត្រូវការថវិកាសម្រាប់ការងារជួសជុល និងអភិរក្ស។
អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា ក្រុមការងារបានប្រមូលបំណែកថ្មប្រាសាទដែលរងការខូចខាតដោយការបាញ់ផ្លោងប្រមាណ ៧០០០០ដុំ ដោយការងារប្រមូល និងការពារបំណែកថ្មទាំងនេះកំពុងបន្ត។
លោក គង់ ពុទ្ធិការ បានគូសបញ្ជាក់ថា៖ «យើងសង្ឃឹមថា ថ្ងៃណាមួយ នៅពេលលក្ខខណ្ឌអំណោយផល យើងអាចប្រើប្រាស់បំណែកថ្មទាំងនោះ ដើម្បីសាងសង់ និងជួសជុលប្រាសាទឡើងវិញ»។ កម្ពុជាកំពុងប្រើប្រាស់បច្ចេកវិទ្យាស្កេន LiDAR ដើម្បីចងក្រងឯកសារអំពីតំបន់ដែលរងការខូចខាត និងតំបន់ដែលមានគ្រោះថ្នាក់ ដោយបង្កើតកំណត់ត្រាសម្រាប់គាំទ្រការងារអភិរក្ស និងជួសជុល។
អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានអះអាងថា កម្ពុជាស្វាគមន៍រាល់អ្នកជំនាញអន្តរជាតិ ឱ្យចុះពិនិត្យការខូចខាតដោយផ្ទាល់ នៅលើប្រាង្គប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិទូទាំងពិភពលោក៕






























