* ដើមសប្តាហ៍ តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ បន្ទាប់ពីលោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់
* លោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់ឡើយ ប្រសិនបើការចរចាដំណើរការទៅមុខ
* ប្រធានាធិបតីបារាំង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* Fresh Exclusive: ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* កម្ពុជាប្រារព្ធខួបលើកទី៧៣ឆ្នាំ នៃការដណ្តើមបានឯករាជ្យពីអាណានិគមបារាំង ៩ វិច្ឆិកា
* ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បើកកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា

15-09-2026 10:19

(ភ្នំពេញ)៖ ដូចអ្វីដែលបានគ្រោងទុកកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាដោយបង្ខំ​នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានចាប់ផ្តើមជាផ្លូវការ​នា​ព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅប្រទេសសិង្ហបុរី។

កិច្ចប្រជុំនេះ ភាគីកម្ពុជាដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ អមដោយមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូប​ទៀត មានដូចជាលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការកិច្ចការព្រំដែន លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង​ថាម​ពល ព្រមទាំងមន្ត្រីជំនាញជាន់ខ្ពស់របស់កម្ពុជាមួយចំនួនទៀត។

ដោយឡែកភាគីថៃ ដឹកនាំដោយលោក ស៊ីហាសាក់ ភួងកិតកែវ រដ្ឋមន្ត្រីក្រសួងការ​បរទេស​ថៃ។ ក្រោមការដឹកនាំរបស់គណៈកម្មការផ្សះផ្សាឯករាជ្យទាំង៥រូប រួមមានលោកស្រី Katrina Cooper ប្រធាន​គណៈកម្មការផ្សះផ្សា និងសមាជិក៤រូប រួមមានឯកអគ្គ​រដ្ឋទូត Peter Taksøe-​Je​n​sen ជនជាតិដាណឺម៉ាក, សាស្ត្រាចារ្យ Jean-Marc Thouvenin ជនជាតិបារាំង, លោក Rudiger Wolfrum ជនជាតិអាល្លឺម៉ង់ និង លោក Albert Hoffmann ជនជាតិអាហ្វ្រិកខាងត្បូង។

ពិធីបើកកិច្ចប្រជុំនេះ ត្រូវបានចាប់ផ្តើមដោយការថ្លែងសុន្ទរកថារបស់រដ្ឋមន្ត្រីក្រសួងការ​បរទេសនៃប្រទេសកម្ពុជា និងថៃ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន តំណាងឱ្យកម្ពុជា បានថ្លែងអំណរគុណ​​ដល់គណៈ​កម្ម​ការផ្សះផ្សា និងថ្លែងអំណរគុណតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ ជាពិសេស​លោក​បណ្ឌិត Di Giacomo Toledo អ្នកស្រី Seok និងសហការី ដែលបានបំពេញភារកិច្ច​ជាលេខាធិការដ្ឋាន (Registry) ប្រកបដោយប្រសិទ្ធភាព។

លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចពីប្រវត្តិសាស្ត្ររបស់កម្ពុជាពីដំណាក់កាលដ៏រុង​រឿង និងជាទីមោទនតាមរយៈប្រាង្គប្រាសាទ និងវប្បធម៌នានា ឆ្ពោះទៅកាន់ដំណាក់កាល​វេទនា និងវិនាសកម្មដោយសារតែភ្លើងសង្គ្រាម។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសរំលេចថា កម្ពុជាបានចាប់ផ្តើម​កសាង​ប្រទេស​ឡើងវិញយ៉ាងសកម្ម បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងដំណើរការស្វែងរកសន្តិភាពដែលគាំទ្រដោយអង្គការសហប្រជាជាតិ។ ក្នុងនាម​ជា​ប្រទេ​ស​ដែលមានការអភិវឌ្ឍតិចតួចបំផុតមួយលើលោក កម្ពុជាដែលទើប​តែងើបចេញពីជម្លោះ និងភាពឯកោអស់ពេលជាច្រើនទសវត្សរ៍ ត្រូវប្រឈមមុខនឹងភារកិច្ចដ៏ធំធេងក្នុងការ​កសាង​ឡើងវិញនូវសេដ្ឋកិច្ច ស្ថាប័ន និងសង្គមជាតិ។

«ពុំមានប្រទេសច្រើនអាចយល់ស៊ីជម្រៅជាងកម្ពុជា អំពីតម្លៃនៃសន្តិភាព និងផល​ប៉ះ​ពាល់​ដ៏ធ្ងន់ធ្ងរទាំងផ្នែកមនុស្សធម៌ និងសេដ្ឋកិច្ចដែលបណ្តាលមកពីជម្លោះ។ គឺស្ថិតក្នុងបរិបទ​ប្រវត្តិ​សាស្ត្រនេះហើយ កម្ពុជាបានប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនសមុទ្រដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ»។ នេះជាការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រីប្រមុខការ​ទូតកម្ពុជា។

ក្នុងសុន្ទរកថាបើកនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីបញ្ហាដែនសមុទ្ររវាង​កម្ពុជា និងថៃ។ បើតាមលោកឧបនាយករដ្ឋមន្ត្រី ចាប់តាំងពីពាក់កណ្ដាលទសវត្សរ៍១៩៩០ កម្ពុជាបានព្យាយាមដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយថៃ ដើម្បីទទួលបានសិទ្ធិ​ប្រើ​ប្រាស់​ធនធានចាំបាច់សម្រាប់ជំរុញកំណើនឧស្សាហកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច ដូច​ប្រទេស​ជិតខាងកម្ពុជាដែលបានទទួលផលប្រយោជន៍នេះអស់រយៈ​ពេលជាច្រើន​ទស​វត្សរ៍​មកហើយ។ ដើម្បីសម្រេចបាននូវគោលបំណងនេះ កម្ពុជា និងថៃ បានចាប់ផ្ដើមការ​ពិ​ភា​ក្សា​គ្នាអំពីព្រំដែនសមុទ្រនៃប្រទេសទាំងពីរក្នុងខែមេសាឆ្នាំ១៩៩៥។

មកដល់ឆ្នាំ២០០១ រដ្ឋទាំងពីរបានឯកភាពលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ។ អនុស្សរណៈនេះបានឆ្លុះ​បញ្ចាំង​​អំពីការ​ប្តេជ្ញាចិត្តរួមគ្នាក្នុងការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀង​ពាក់ព័ន្ធនឹង​ព្រំដែនសមុទ្រ និងការអភិវឌ្ឍធនធានដើម្បីផលប្រយោជន៍ទៅវិញទៅមក។

លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ទោះបីជាមានការខិតខំចរចារកដំណោះស្រាយ​ក៏​ដោយ ក៏ភាគីទាំងពីរនៅតែមិនអាចឈាន​ដល់​កិច្ច​ព្រមព្រៀងណាមួយលើបញ្ហាព្រំដែន​សមុទ្រ ឬសន្ធិសញ្ញាអភិវឌ្ឍន៍រួម ហើយធន​ធាន​ក្រោមសមុទ្រក្នុងតំបន់ដែលមិនទាន់​កំណត់​ព្រំដែនក៏នៅតែមិនទាន់ត្រូវបានរុករក។ ខណៈពិភពលោកកំពុងតែប្រឈម​នឹង​បញ្ហារាំងស្ទះក្នុងការផ្គត់ផ្គង់ថាមពលដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ តំបន់យើងនឹងទទួល​បាន​ផលប្រយោជន៍ច្រើនជាងពេលណាៗទាំងអស់ពី​ការអភិវឌ្ឍធន​ធានក្រោម​សមុទ្រ​នេះ។

ផ្តើមពីការដែលថៃ ប្រកាសជាសាធារណៈលុបចោលដោយឯកតោភាគី​នូវអនុស្សរណៈ​នៃ​កា​​រ​យោគយល់គ្នាឆ្នាំ២០០១នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ កម្ពុជាបានសម្រេចយក​ជម្រើស​ផ្តួចផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការ​សហប្រជាជាតិ​ស្តីពីនីតិ​សមុទ្រ។

លោក ប្រាក់ សុខុន បានអះអាងថា កម្ពុជាបានជ្រើសរើសយកជម្រើសនេះ ដើម្បីស្វែងរក​ផ្លូវ​សន្តិភាពទៅមុខស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាមើលឃើញដំណើរការផ្សះផ្សានេះថា ជា​មធ្យោ​បាយមួយសម្រាប់ស្ដារទំនុកចិត្តឡើងវិញ ហើយពុំមែនជាទម្រង់នៃការបង្កើនភាព​តានតឹងនោះឡើយ។

តំណាងឱ្យកម្ពុជា លោក ប្រាក់ សុខុន សង្ឃឹមថា ប្រទេសថៃ ចូលរួមដំណើរការផ្សះផ្សា​ក្នុង​ស្មារតីស្ថាបនា ហើយ​ស្របពេលគ្នានេះដែរ នឹងធ្វើសកម្មភាពឆ្ពោះទៅរកការកែលម្អទំនាក់​ទំនងទ្វេភាគី តាមរយៈ​ការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវរាល់​កិច្ច​ព្រមព្រៀងទ្វេភាគីដែលមានស្រាប់ទាំងអស់ ជាពិសេសសេចក្ដីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

សម្រាប់លោក ប្រាក់ សុខុន ការស្ដារសន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃ មិនត្រឹមតែ​ផ្ដល់​ប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់​សហ​គមន៍អាស៊ានទាំងមូលទៀតផង។

ក្នុងសុន្ទរកថាបើកកិច្ចប្រជុំដែលជាដំណាក់កាលដ៏សំខាន់នៃការផ្សះផ្សះនេះ លោក ប្រាក់ សុខុន បានបញ្ជាក់ពីគោលបំណងចម្បងបំផុតរបស់កម្ពុជា គឺសម្រេចឱ្យបាននូវដំណោះ​ស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ហើយរួមចំណែក​ដល់​សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់។

ដើម្បីសម្រេចបាននូវគោលដៅនេះ កម្ពុជាមានបំណងចុះសន្ធិសញ្ញាមួយជា​មួយ​ប្រទេស​ថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការ និងស្របតាមច្បាប់អន្តរជាតិ ដើម្បី​កំណត់​ព្រំដែនសមុទ្រតែមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

បន្ថែមពីលើនេះ កម្ពុជាត្រៀមខ្លួនចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃ សម្រាប់ការអភិវឌ្ឍ​រួម​គ្នានិងការបែងចែកធនធានដោយសមធម៌រវាងរដ្ឋទាំងពីរ ក្នុងអំឡុងពេលរង់ចាំកិច្ច​ព្រម​ព្រៀង​ជាស្ថាពរស្តីពីព្រំដែនសមុទ្រ។

ក្នុងករណីមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងជាស្ថាពរទាំងលើព្រំដែនសមុទ្រ និងទាំង​លើការអភិវឌ្ឍរួមគ្នា កម្ពុជាស្នើឱ្យគណៈកម្មការរៀបចំរបាយការណ៍​ផ្ដល់អនុសាសន៍​ដល់​ភាគីទាំងពីរ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ភាគីទាំងពីរក្នុងការចរចា​ដើម្បីសម្រេច​កិច្ចព្រមព្រៀងទាំងនេះនៅពេលក្រោយ ដោយអនុលោមតាមកាតព្វកិច្ចរបស់ភាគីទាំងពីរ​ក្រោមអនុសញ្ញា UNCLOS។

លោក ប្រាក់ សុខុន ក៏បានឆ្លៀតគូសរំលេចដែរថា ការគោរពច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងស្ថាប័ននានាដែល​លើក​កម្ពស់​គោលការណ៍ទាំងនេះ បានចាក់ឫសយ៉ាងជ្រៅក្នុងបទពិសោធន៍ជាតិរបស់កម្ពុជា។ ការស្វែងរកដំណោះស្រាយតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆ្លុះបញ្ចាំងពីទំនុក​ចិត្តលើស្ថាប័នអន្តរជាតិ ក្នុងនាមជាយន្តការដោះស្រាយវិវាទដ៏ស្មុគស្មាញរវាង​រដ្ឋនានា​ដោយ​សន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

បទពិសោធន៍នេះបានបង្ហាញថា បញ្ហាសំខាន់បំផុតសម្រាប់ជាតិអាចដោះ​ស្រាយបាន​តាមសន្តិវិធី និងតាមយន្តការពហុភាគី ជាជាងតាមការប្រើប្រាស់កម្លាំង ហើយក្របខ័ណ្ឌ​អន្តរ​ជាតិអាចផ្ដល់មូលដ្ឋានគ្រឹះដ៏រឹងមាំ និងចីរកាលសម្រាប់ឱ្យរដ្ឋជិតខាងគ្នាដោះស្រាយ​ទំនាស់របស់ខ្លួន។

ការប្តេជ្ញាចិត្តដូចបានលើកឡើងខាងដើម គឺជាកត្តាកំណត់អភិក្រមរបស់កម្ពុជា​ក្នុងការរក្សា​ទំនាក់ទំនងជាមួយព្រះរាជាណាចក្រថៃ។ ទំនាក់ទំនងរវាងកម្ពុជា-ថៃ បាន​និងកំពុង​តែឆ្លង​កាត់ដំណាក់កាលដ៏លំបាក។ កម្ពុជាសង្ឃឹមថាគណៈកម្មការផ្សះផ្សាអាចជួយភាគីទាំងពីរ​ក្នុងការបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ភាគីទាំងពីរ។

លោក ប្រាក់ សុខុន បានបង្ហាញទំនុកចិត្តថា គណៈកម្មការផ្សះផ្សា មានសមត្ថភាពគ្រប់​គ្រាន់​ក្នុងការជួយដល់កម្ពុជា និងថៃ ឱ្យសម្រេចបាននូវលទ្ធផលដែលនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពរួមសម្រាប់តំបន់៕