នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
15-09-2026 12:11
(ភ្នំពេញ)៖ នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បានចាកចេញពីកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីបានបញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្រ ដែលជាការចូលចតលើកដំបូងរបស់នាវាកងទ័ពជើងទឹកឥណ្ឌា នៅមូលដ្ឋានសមុទ្ររាម។
ការចូលចតនេះ បានពង្រឹងបន្ថែមទៀតនូវភាពជាដៃគូលំហសមុទ្រដ៏យូរអង្វែង រវាងប្រទេសឥណ្ឌា និងកម្ពុជា ព្រមទាំងបានផ្តល់ឱកាសដល់នាវិកនៃកងទ័ពជើងទឹកឥណ្ឌា និងកងទ័ពជើងទឹកកម្ពុជា ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងលើវិស័យជាច្រើន រួមមាន វិស័យវិជ្ជាជីវៈ ប្រតិបត្តិការ កីឡា និងវប្បធម៌។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ នាយនាវីបញ្ជាការនាវា INS Kulish បានចូលជួបសម្តែងការគួរសមជាមួយឥស្សរជនជាន់ខ្ពស់កម្ពុជា រួមមាន លោកឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ជំនួបសម្តែងការគួរសមទាំងនេះ បានផ្តល់ឱកាសសម្រាប់ការផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការលំហសមុទ្រ និងការស្វែងរកកាលានុវត្តភាព ដើម្បីកសាង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ។
ពិធីលៀងសាយភោជន៍ស្វាគមន៍មួយ ត្រូវបានរៀបចំឡើងនៅលើនាវា INS Kulish ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ជាអធិបតីកិត្តិយស ព្រមទាំងមានការអញ្ជើញចូលរួមពី លោក ម៉ាង ស៊ីណេត នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់ពីក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ តំណាងរាជរដ្ឋាភិបាលកម្ពុជា សមាជិកអង្គទូត និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ ពិធីលៀងសាយភោជន៍នេះ បានរំលេចអំពីការស្វាគមន៍យ៉ាងកក់ក្តៅ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងឥណ្ឌា និងកម្ពុជា ព្រមទាំងជាឱកាសសម្រាប់ប្រារព្ធអបអរសាទរចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រជាជាតិទាំងពីរ។
ក្នុងក្របខ័ណ្ឌនៃកិច្ចផ្លាស់ប្តូរវិជ្ជាជីវៈ កងទ័ពជើងទឹកនៃប្រទេសទាំងពីរ បានអនុវត្តការហ្វឹកហ្វឺនរួមគ្នាលើជំនាញគ្រឹះសំខាន់ៗចំនួនបី ពាក់ព័ន្ធនឹងសមត្ថភាពនាវិក និងការគ្រប់គ្រងនាវា រួមមាន ការត្រួតពិនិត្យ និងសង្គ្រោះការខូចខាត ការពន្លត់អគ្គិភ័យ និងការសង្គ្រោះបឋម។
ជាមួយគ្នានេះ ការប្រកួតកីឡាបាល់ទះមិត្តភាពរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ក៏ត្រូវបានរៀបចំឡើងផងដែរ ដោយបានផ្តល់ឱកាសដល់នាយទាហាន និងពលទាហាន ក្នុងការប្រាស្រ័យទាក់ទង កសាងភាពស្និទ្ធស្នាល និងពង្រឹងចំណងមិត្តភាព ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការការពារជាតិរវាងឥណ្ឌា និងកម្ពុជា។
ជោគជ័យនៃការចូលចតនាវានេះ បានបង្ហាញយ៉ាងច្បាស់អំពីវិសាលភាព និងជម្រៅនៃការរីកចម្រើននៃកិច្ចសហប្រតិបត្តិការលំហសមុទ្ររវាងឥណ្ឌា និងកម្ពុជា។ ព្រឹត្តិការណ៍នេះ ត្រូវបានកសាងឡើងលើមូលដ្ឋាននៃប្រវត្តិសាស្ត្រនៃដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹក និងនាវាឆ្មាំសមុទ្រឥណ្ឌា មកកាន់កម្ពុជានាពេលកន្លងមក រួមមាន នាវា INS Sudarshini ក្នុងឆ្នាំ២០១២ នាវា INS Ranvir និង INS Kamorta ក្នុងឆ្នាំ២០១៥ នាវា INS Kadmatt ក្នុងឆ្នាំ២០១៧ នាវា ICGS Vijit និង INS Sahyadri/INS Kiltan ក្នុងឆ្នាំ២០១៩ នាវា INS Kiltan ក្រោមបេសកកម្ម SAGAR-III ក្នុងឆ្នាំ២០២០ នាវា INS Delhi និង INS Satpura ក្នុងឆ្នាំ២០២៣ ព្រមទាំងនាវា INS Sujata និង ICGS Veera ក្នុងឆ្នាំ២០២៥។
ការចូលចតរបស់នាវា INS Kulish នាពេលនេះ បានបន្ថែមទំព័រប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀត ក្នុងដំណើរនៃ «ស្ពានមិត្តភាព» រវាងឥណ្ឌា និងកម្ពុជា៕










