* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ

15-09-2026 21:09

​(វ៉ាស៊ីនតោន)៖ អារ៉ាប៊ីសាអូឌីតមើលឃើញខ្លួនឯងកាន់តែផុងខ្លួនជាប់កៀបចំកណ្ដាលនៃសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់។ មេដឹកនាំនៃព្រះរាជាណាចក្រមួយនេះកំពុងពិចារណាលើជម្រើសថាតើត្រូវធ្វើការឆ្លើយតបយ៉ាងដូចម្ដេច? ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់មានមូលដ្ឋានក្នុងប្រទេសយេម៉ែនបានបើកការវាយប្រហារជាបន្តបន្ទាប់លើអារ៉ាប៊ីសាអូឌីត។ ការវាយប្រហារទាំងនោះបានបង្កការរំខានយ៉ាងខ្លាំងដល់ការនំាចេញប្រេងរបស់អារ៉ាប៊ីសាអូឌីត និងកំពុងបង្កើនសម្ពាធកាន់តែខ្លាំងទៅលើសេដ្ឋកិច្ចពិភពលោក។

ប៉ុន្តែសំខាន់ជាងនេះ នោះគឺក្រុមអតីតមន្ត្រីការទូត និងអ្នកវិភាគបាននិយាយថាអារ៉ាប៊ីសាអូឌីតមានការខកចិត្ត និងអស់សង្ឃឹមចំពោះភាពស្ទាក់ស្ទើរ និងសោះអង្គើយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងការប្រឈមមុខជាមួយក្រុមហ៊ូទី។ ម្យ៉ាង កិច្ចប្រឹងប្រែងការទូតរបស់អារ៉ាប៊ីសាអូឌីត ក្នុងការទំនាក់ទំនងជាមួយអ៉ីរ៉ង់ក៏មានប្រសិទ្ធភាពតិចតួចប៉ុណ្ណោះ។ តួយ៉ាង កិច្ចប្រជុំមួយដែលគ្រោងនឹងធ្វើឡើងកាលពីថ្ងៃចន្ទសប្ដាហ៍នេះរវាងក្រុមមន្ត្រីមកពីអ៉ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងបណ្ដាប្រទេសអារ៉ាប់ដទៃទៀតក្នុងតំបន់ឈូងសមុទ្រពែក្ស ត្រូវបានប្រកាសលើកពេលភ្លាមៗកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ។ «ឥលូវ អារ៉ាប៊ីសាអូឌីតពិតជាខកចិត្តយ៉ាងខ្លាំង ហើយមើលទៅ​វាហាក់ដូចជាសេណារីយ៉ូដ៏អាក្រក់បំផុតមួយរបស់ពួកគេ»។ នេះជាការលើកឡើងរបស់លោក Michael Ratney ជាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអារ៉ាប៊ីសាអូឌីត។

ស្ថានការណ៍ដ៏ស្មុគស្មាញដែលអារ៉ាប៊ីសាអូឌីតកំពុងប្រឈមក្នុងពេលនេះបានបង្ហាញយ៉ាងច្បាស់ពីផលប៉ះពាល់ធ្ងន់ធ្ងរនៅទូទាំងតំបន់មជ្ឈិមបូព៌ា បង្កឡើងដោយសង្រ្គាមរបស់សហរដ្ឋអាមេរិក អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ ក្នុងនោះរួមមានទាំងផលប៉ះពាល់ទៅលើមេដឹកនាំដែលប្រឆាំងនឹងសង្រ្គាម ឬអំពាវនាវម្ដងហើយម្ដងទៀតឱ្យបិទបញ្ចប់សង្រ្គាម។ កាលពីប៉ុន្មានខែដំបូងនៃសង្រ្គាមអ៉ីរ៉ង់ អារ៉ាប៊ីសាអូឌីតបានរងការវាយប្រហារតិចតួចប៉ុណ្ណោះពីការវាយប្រហារសងសឹងរបស់អ៉ីរ៉ង់ បើធៀបទៅនឹងប្រទេសអារ៉ាប់ក្បែរខាងផ្សេងទៀត។ តែឥលូវ ខណៈសង្រ្គាមមិនទាន់មានពន្លឺបិទបញ្ចប់ អ៉ីរ៉ង់កាន់តែព្យាយាមបង្កើនការយកប្រៀបរបស់ខ្លួនលើសហរដ្ឋអាមេរិក រីឯអារ៉ាប៊ីសាអូឌីតបានក្លាយជាគោលដៅចម្បងមួយ។

ក្នុងពេល ២សប្ដាហ៍មកនេះ អារ៉ាប៊ីសាអូឌីតត្រូវប្រឈមមុខនឹងការវាយប្រហារពីក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ចេញពីភាគខាងកើត ភាគខាងត្បូង និងភាគខាងជើង។ មិនតែប៉ុណ្ណោះ កប៉ាល់ដឹកប្រេងមួយរបស់អារ៉ាប៊ីសាអូឌីតត្រូវបានវាយប្រហារក្នុងច្រកសមុទ្រ Hormuz កាលពីចុងខែសីហា ដោយសម្លាប់នាវិក ២នាក់។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ហ៊ូទីដែលបានប្រកាសបិទខ្ទប់លើការដឹកជញ្ជូនប្រេងអារ៉ាប៊ីសាអូឌីតក្នុងតំបន់សមុទ្រក្រហម រួចទៅហើយនោះ បានវាយដណ្ដើមកាន់កាប់ទឹកដីស្ថិតនៅតាមបណ្ដោយផ្លូវទឹកដ៏សំខាន់មួយសម្រាប់ការដឹកជញ្ជូនតាមសមុទ្ររបស់ពិភពលោក ក្រោយបានវាយបំបាក់កងកម្លាំងគាំទ្រដោយអារ៉ាប៊ីសាអូឌីតក្នុងប្រទេសយេម៉ែន។

ក្នុងថ្ងៃដដែលនោះដែរ អាជ្ញាធរអារ៉ាប៊ីសាអូឌីតបានប្រកាសថាពួកគេត្រូវបង្ខំចិត្តបិទបំពង់បង្ហូរប្រេងដ៏សំខាន់មួយ ដោយសារតែការវាយប្រហារ ដ្រូនរបស់ចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់មានមូលដ្ឋានក្នុងប្រទេសអ៉ីរ៉ាក់។ បំពង់បង្ហូរប្រេងនេះបានក្លាយជាផ្លូវជំនួសដ៏សំខាន់មួយសម្រាប់អារ៉ាប៊ីសាអូឌីតនាំប្រេងចេញតាមសមុទ្រក្រហម បន្ទាប់ពីអ៉ីរ៉ង់បិទខ្ទប់ច្រកសមុទ្រ Hormuz។ តាមលោក Ratney មូលហេតុមួយដែលប្រទេសដូចជាអារ៉ាប៊ីសាអូឌីត ចំណាយលុយរាប់ពាន់លានដុល្លារលើការអភិវឌ្ឍភាពជាដៃគូសន្តិសុខជាមួយសហរដ្ឋអាមេរិក នោះគឺដើម្បីទប់ទល់នឹងស្ថានការណ៍ដែលកំពុងកើតឡើងសព្វថ្ងៃ។ ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីន សាល់ម៉ាន មានហេតុផលជាច្រើន ដែលត្រូវការភាពជាដៃគូសន្តិសុខជាមួយសហរដ្ឋអាមេរិក។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ រដ្ឋាភិបាលរបស់ព្រះអង្គបានវិនិយោគប្រាក់រាប់ពាន់លានដុល្លារ និងប្រើប្រាស់ផលប្រយោជន៍នយោបាយជាច្រើនដើម្បីកសាងទំនាក់ទំនងផ្ទាល់ខ្លួនជាមួយលោក ត្រាំ និងក្រុមគ្រួសាររបស់លោកប្រធានាធិបតីអាមេរិក។

ប៉ុន្តែនៅពេលព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន ស្នើឱ្យលោក ត្រាំ ចាត់វិធានការយោធាប្រឆាំងនឹងក្រុមហ៊ូទី លោកប្រធានាធិបតីអាមេរិកត្រូវបានរាយការណ៍ថាបែរជាបដិសេធទៅវិញ។ ក្រុមមន្ត្រីអារ៉ាប៊ីសាអូឌីត និងក្រុមអ្នកវិភាគបាននិយាយថាអារ៉ាប៊ីសាអូឌីតមិនចង់ប្រយុទ្ធជាមួយក្រុមហ៊ូទីតែម្នាក់ឯងនោះទេ។ នេះគឺជាការពិត ពីព្រោះប្រតិបត្តិការយោធាកាលពីអតីតកាលដឹកនាំដោយអារ៉ាប៊ីសាអូឌីតប្រឆាំងនឹងក្រុមហ៊ូទីបានប្រែក្លាយទៅជាជម្លោះដ៏ស្មុគស្មាញ ហើយក្លាយជាសុបិនអាក្រក់មួយតាមលងបន្លាចអារ៉ាប៊ីសាអូឌីតជាច្រើនឆ្នាំ។

«ការអំពាវនាវឱ្យមានការគាំទ្រជាអន្តរជាតិ មិនមែនធ្វើឡើងដោយអារ៉ាប៊ីសាអូឌីតតែម្នាក់ឯងនោះទេ ពោលគឺប្រទេសជាច្រើនក្នុងតំបន់ក៏បានអំពាវនាវផងដែរ»។ នេះជាការកត់សម្គាល់របស់លោក Abdulrahman al-Rashed ជាអ្នកកាសែតម្នាក់មានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាលទីក្រុងរីយ៉ាដ។ តែទោះជាបែបនេះក្ដី លោក ត្រាំ ត្រូវបានគេមើលឃើញថាមានការស្ទាក់ស្ទើរលូកដៃក្នុងជម្លោះរវាងអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទី។ លោក Dan Shapiro ជាអតីតមន្ត្រីគោលនយោបាយមជ្ឈិមបូព៌ាម្នាក់ នៃមន្ទីរបញ្ចកោណក្រោមរដ្ឋបាលអតីតប្រធានាធិបតី លោក ចូ បៃដិន បានពន្យល់ថាការស្ទាក់ស្ទើររបស់លោក ត្រាំ មិនមែនជារឿងភ្ញាក់ផ្អើលនោះទេ។ លោកបានពន្យល់ថាខណៈជាប់ផុងក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់រួចទៅហើយ រីឯកងទ័ពជើងទឹកអាមេរិកកំពុងរងសម្ពាធ ហើយស្ដុកអាវុធថយចុះផងនោះ ដូច្នេះលោក ត្រាំ មិនចង់ បើកសមរភូមិសង្រ្គាមថ្មីមួយទៀតនោះទេ។

កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន លោក ត្រាំបានប្រាប់ក្រុមអ្នកសារព័ត៌មានអំឡុងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអៀរឡង់ថាក្រុមហ៊ូទីបានទាក់ទងមកកាន់សហរដ្ឋអាមេរិក ហើយថាពួកគេមិនចង់ប្រយុទ្ធជាមួយសហរដ្ឋអាមេរិកឡើយ។ លោក ត្រាំ ដោយចង់សំដៅលើអារ៉ាប៊ីសាអូឌីត ថែមទាំងបានព្រលយទៀតផងថាមានប្រទេសមួយដែលក្រុមហ៊ូទីមិនសប្បាយចិត្តជាមួយ តែយ៉ាងណាលោកថានឹងដោះស្រាយបញ្ចប់បញ្ហា។

ក៏ប៉ុន្តែព្រមពេលជាមួយគ្នា លោក Mohammed al-Bukhaiti ជាមន្ត្រីនយោបាយម្នាក់របស់ក្រុមហ៊ូទី បានបដិសេធថាក្រុមរបស់ខ្លួនមិនបានទំនាក់ទំនងទៅកាន់សហរដ្ឋអាមេរិកនោះទេ។ «យើងមិនបានទំនាក់ទំនងជាមួយលោក ត្រាំទេ ហើយក៏មិនបានសុំឱ្យលោកកុំវាយប្រហារលើពួកយើងនោះដែរ»។ នេះបើតាមមន្ត្រីហ៊ូទីរូបនេះ។ «ថាតើសហរដ្ឋអាមេរិកនឹងលូកដៃធ្វើអន្តរាគមន៍នៅយេម៉ែនឬក៏យ៉ាងណា វាកំពុងស្ថិតក្នុងការពិចារណា និងពិភាក្សានៅឡើយ។ តែទីក្រុងវ៉ាស៊ីនតោនកំពុងបន្តជួយគាំទ្រអារ៉ាប៊ីសាអូឌីត តាមរយៈព័ត៌មានស៊ើបការណ៍សម្ងាត់»។ នេះបើតាមលោក John W. Miller ជាមេបញ្ជាការកងទ័ពជើងទឹកអាមេរិកចូលនិវត្តន៍ម្នាក់ក្នុងតំបន់មជ្ឈិមបូព៌ា។

ដោយឡែក បើតាមលោកស្រី Barbara Leaf ជាអតីតឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចមជ្ឈិមបូព៌ា និងអាហ្វ្រិក អារ៉ាប៊ីសាអូឌីត ទំនងជានឹងងាកទៅរកដំណោះស្រាយការទូត។ លោកស្រីបន្តថាទោះជាអារ៉ាប៊ីសាអូឌីត សហរដ្ឋអាមេរិក និងអ៉ីស្រាអែល ធ្លាប់បានទម្លាក់គ្រាប់បែកលើក្រុមហ៊ូទីជាច្រើនឆ្នាំក៏ដោយ ក៏ពួកគេមិនអាចរកឃើញដំណោះស្រាយយោធាមួយដើម្បីបំបាក់ក្រុមហ៊ូទីទាំងស្រុងនោះនោះឡើយ។ អារ៉ាប៊ីសាអូឌីតក៏អាចធ្វើការជាមួយបណ្ដាប្រទេសក្បែរខាង និងអ៉ីរ៉ង់ ដើម្បីស្វែងរកកិច្ចព្រមព្រៀងមួយនាំសង្រ្គាមឆ្ពោះទៅរកទីបញ្ចប់។

លោកស្រី Barbara Leaf បានកត់សម្គាល់ថាអារ៉ាប៊ីសាអូឌីតអាចបោះដៃទៅរកចិនដើម្បីស្វែងរកដំណោះស្រាយមួយ។ ប៉ុន្តែកិច្ចប្រឹងប្រែងការទូតរបស់ប៉េកាំងនាពេលកន្លងមកនៅក្នុងតំបន់មិនបាននាំទៅរកកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងនោះទេ។ ចិនបានសម្របសម្រួលការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់កាលពីឆ្នាំ២០២៣ តែទំនាក់ទំនងនេះនៅតែរង្គោះរង្គើរ ជាពិសេសក្រោយសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើងកាលពីខែកុម្ភៈមក។ ក្រុមអ្នកវិភាគយល់ថាបច្ចុប្បន្ន ក្រុមមន្ត្រីអារ៉ាប៊ីសាអូឌីតទំនងជានឹងមិនរិះគន់ជាសាធារណៈលើសហរដ្ឋអាមេរិកនោះទេ ទោះជាពួកគេខកចិត្ត ឬមិនពេញចិត្តយ៉ាងណាក៏ដោយ។ អារ៉ាប៊ីសាអូឌីតទំនងជាក៏នឹងមិនបង្ហាញឱ្យគេឃើញពីគម្លោតណាមួយជាមួយសហរដ្ឋអាមេរិកនោះដែរ ហើយអាចនឹងចាប់ផ្ដើមកិច្ចប្រឹងប្រែងការទូតដើម្បីដោះស្រាយបញ្ហា៕