* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ (Video inside)

16-09-2026 14:36

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីប្រគល់-ទទួលជានិមិត្តរូបនូវថវិកាដ៏ថ្លៃថ្លាចំនួន ១០ម៉ឺនដុល្លារអាម៉េរិក ជូនដល់សមាគមកាកបាទក្រហមចិន តាមរយៈស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែកក្នុងប្រតិបត្តិការមនុស្សធម៌ឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិដែលកំពុងកើតមានឡើងនៅក្នុងប្រទេសចិន។

ពិធីប្រគល់-ទទួួលជានិមិត្តរូបនេះ ប្រព្រឹត្តទៅស្ថានទូតចិន ក្រោមវត្តមានលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។ ចំណែកឯ ការផ្ទេរថវិកានឹងដំណើរការទៅតាមនិតីវិធីនៃប្រព័ន្ធធនាគារ។

នេះជាលើកទី២ហើយ ដែលកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារអាមេរិក ជូនដល់សមាគមកាកបាទក្រហមចិន ដោយការផ្តល់ជំនួយលើកទី១ ត្រូវបានធ្វើឡើងកាលពីអំឡុងខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ។ បន្ថែមពីលើនេះ កាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិកផ្សេងទៀត តាមរយៈសហព័ន្ធអន្តរជាតិ (IFRC) ដើម្បីចូលរួមគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយទឹកជំនន់នៅតំបន់ព្រំដែននេប៉ាល់-ចិន ផងដែរ។

ក្នុងឱកាសជំនួបប្រគល់ និងទទួលថវិកានេះ លោកស្រីអគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំនូវបណ្តាំសួរសុខទុក្ខ និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាជនចិនដែលកំពុងរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ។ លោកស្រីបានបញ្ជាក់ថា ទោះបីជាថវិកាជំនួយរបស់កាកបាទក្រហមកម្ពុជាមានចំនួនមិនច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែវាជាការស្តែងចេញនូវទឹកចិត្ត និងមនោសញ្ចេតនាអាសូរអាណិត ព្រមទាំងការចែករំលែកទុក្ខលំបាកយ៉ាងជ្រាលជ្រៅរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងប្រជាជនកម្ពុជា ជាមួយបងប្អូនប្រជាជនចិន។

ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងមានប្រសាសន៍ថា ក្នុងរយៈពេលត្រឹមតែជាងពីរខែប៉ុណ្ណោះ កាកបាទក្រហមកម្ពុជាបានជួយឧបត្ថម្ភដល់ប្រជាជនចិនរហូតដល់ ២លើក។ ឯកឧត្តមបានជម្រាបជូនថា កាលពីជំនួយលើកទី១ សមាគមកាកបាទក្រហមចិន បានផ្សព្វផ្សាយជាសាធារណៈជូនដល់ប្រជាជនចិនបានជ្រាប ហើយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសាធារណជនចិន។

ទន្ទឹមនឹងនេះឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានរំលឹកអំពីសកម្មភាពមនុស្សធម៌នាពេលកន្លងមក ដែលតំណាងស្ថានទូតចិនបានចុះទៅសួរសុខទុក្ខ និងផ្តល់ជំនួយថវិកាផ្ទាល់ខ្លួនបន្តិចបន្តួច (៣ម៉ឺនរៀលក្នុងមួយគ្រួសារ) ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តត្បូងឃ្មុំ។ លោកបានគូសបញ្ជាក់ថា «អ្វីដែលសំខាន់មិនមែននៅលើទំហំទឹកប្រាក់នោះទេ ប៉ុន្តែគឺស្ថិតនៅលើទឹកចិត្ត តម្លៃមនុស្សធម៌ និងមនោសញ្ចេតនាចេះជួយយកអាសារគ្នាទៅវិញទៅមកក្នុងគ្រាលំបាក»

ជាកិច្ចបន្តលោកស្រីអគ្គលេខាធិការ បានលើកឡើងអំពីបំណងរបស់កាកបាទក្រហមកម្ពុជា ក្នុងការស្នើសុំកិច្ចសហប្រតិបត្តិការជាមួយសមាគមកាកបាទក្រហមចិន សាខាខេត្តគ័ងស៊ី ដើម្បីជួយបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់មន្ត្រីកាកបាទក្រហមកម្ពុជា លើវិជ្ជាសង្គ្រោះបឋម ដោយសារបច្ចុប្បន្ន កាកបាទក្រហមកម្ពុជាមានបណ្តាញវិជ្ជាសង្គ្រោះបឋមនៅគ្រប់ ២៥ រាជធានី-ខេត្ត ហើយកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ និងបណ្តុះបណ្តាលជំនាញនេះជូនដល់ប្រជាពលរដ្ឋ។ ជាការឆ្លើយតប ឯកឧត្តមអគ្គរដ្ឋទូតបានសម្តែងការគាំទ្រយ៉ាងពេញទំហឹង និងរីករាយក្នុងការជួយសម្របសម្រួលជំរុញឱ្យកិច្ចសហប្រតិបត្តិការលើការងារបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមនេះលេចចេញជាផ្លែផ្កា។

ជាទីបញ្ចប់លោកអគ្គរដ្ឋទូតចិន បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ជាថ្មីម្តងទៀតថា ស្ថានទូតចិនតែងតែរង់ចាំជួយ និងសហការជាមួយកាកបាទក្រហមកម្ពុជាជានិច្ច ហើយរាល់សេចក្តីត្រូវការចាំបាច់ទាំងឡាយណាដែលកាកបាទក្រហមកម្ពុជាស្នើសុំ ស្ថានទូតចិននឹងខិតខំប្រឹងប្រែងចែករំលែក និងជួយជ្រោមជ្រែងតាមលទ្ធភាពដែលអាចធ្វើទៅបាន៕