* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូនកុមារា ហ៊ុន កំសត់
* រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រឈមមុខនឹងការជំរុញដំណើរការនីតិវិធីដកតំណែង ជុំវិញសង្រ្គាមអ៉ីរ៉ង់
* ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* កូរ៉េខាងជើង ធ្វើតេស្តបាញ់ប្រព័ន្ធអាវុធ torpedo ល្បឿនលឿនស៊េរីថ្មី
* លោក ត្រាំ មានគម្រោងផ្អាកការវាយប្រហារលើអ៉ីរ៉ង់ តាមការអំពាវនាវពីក្រុមប្រទេសក្នុងតំបន់ដែលចង់ឃើញសន្តិភាព
* វិភាគអន្តរជាតិ៖ ចំណុចខ្សោយនៃឧស្សាហកម្មដ្រូនយោធារបស់អ៊ុយក្រែន
* ពីការបំផ្លាញនយោបាយជាតិ ដល់ការរារាំងទស្សនកិច្ចលោក Macron នៅកម្ពុជា៖ តើអ្វីជាជំហរនយោបាយពិតប្រាកដរបស់ សម រង្ស៊ី?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការ

16-09-2026 15:37

(ភ្នំពេញ)៖ គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ។

ពិធីនេះដែរ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។ ពិធីប្រកាសនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវសមាជិការដ្ឋសភា និងជាអនុប្រធានសមាគម, លោ្ក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ, ប្រធានកិត្តិយសសាខាសាមាគម, ថ្នាក់ដឹកនាំក្រសួង, សមាជិកាថ្នាក់កិត្តិយស និងថ្នាក់ប្រតិបត្តិនៃគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំង លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ដ្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។

នាឱកាសនោះដែរ លោក ឆាយ ឫទ្ធិសែន បានថ្លែងសុន្ទរកថាស្វាគមន៍ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងបានជម្រាបជូនថា ការរៀបចំពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពជាផ្លូវការនាពេលនេះ គឺជាការបន្តពង្រឹងយន្តការដឹកនាំ ការសម្របសម្រួល និងការអនុវត្តការងារឱ្យកាន់តែមានភាពរស់រវើក និងប្រសិទ្ធភាព សំដៅធានានិរន្តរភាពនៃសកម្មភាពរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ស្របតាមទិសដៅនយោបាយនិងកម្មវិធីរបស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្ដ្រី បានជម្រាបជូនបន្ថែមអំពីការខិតខំប្រឹងប្រែងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការកសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព តាមរយៈការអនុវត្តគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដែលមានកម្មវិធីអាទិភាពចំនួន៥។ ទន្ទឹមនោះដែរ ក្រសួងបានយកចិត្តទុកដាក់ក្នុងការងារលើកកម្ពស់សិទ្ធិស្រ្តី ដោយបង្កើនចំនួនមន្រ្តីរាជការជាស្រ្តីឱ្យទទួលបានមុខងារ និងតួនាទីធ្វើសេចក្តីសម្រេចចិត្ត នៅគ្រប់រចនាសម្ព័ន្ធគ្រប់គ្រងតាមអង្គភាពក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។

ជាមួយគ្នានេះ លោកស្រី ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការនិងជាប្រធានប្រតិបត្តិសាខាសមាគម បានឡើងធ្វើរបាយការណ៍អំពីលទ្ធផលការងាររបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ ដោយបានបង្ហាញនូវការសមិទ្ធផលជាច្រើន ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ទាំងនៅក្នុងការងារក្រសួងអភិវឌ្ឍន៍ជនបទ និងការងារសប្បុរសធម៌នានា។ បន្ទាប់មក លោកស្រី សាន្ដ អរុណ សមាជិករដ្ឋសភា និងជាអនុប្រធានសមាគម បានអានសេចក្តីសម្រេចទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានសមាសភាពសរុបចំនួន ៧៩រូប ក្នុងនោះថ្នាក់កិត្តិយសមានចំនួន ២២រូប និងថ្នាក់ប្រតិបត្តិមានចំនួន ៥៧រូប។

ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញប្រគល់សេចក្ដីសម្រេចជូន លោកស្រី វង គន្ធារី ឆាយឫទ្ធិសែន ប្រធានកិត្តិយសគណៈកម្មការសាខាសមាគម និងប្រគល់ត្រា ជូនលោកស្រី ម៉ាត់ ម៉ារ៉ា ប្រធានសាខាសមាគម។ អញ្ជើញមានប្រសាសន៍សំណេះសំណាលក្នុងពិធីប្រកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងការកោតសរសើរចំពោះ លោកជំទាវ និងបងប្អូននារីទាំងអស់ដែលត្រូវបានផ្តល់សេចក្តីទុកចិត្ត គាំទ្រ និងតែងតាំងបំពេញបន្ថែម ក្នុងសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងអភិវឌ្ឍន៍ជនបទនា។

សម្តេចបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងបុរេសកម្មរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរ និងផ្តល់តម្លៃជាយុទ្ធសាស្ត្រថា “ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ”។ ក្នុងបរិបទនេះ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានកំណត់យ៉ាងច្បាស់លាស់នូវការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងសិទ្ធិអំណាច និងការបង្កើនតួនាទីស្នូលរបស់ស្ត្រី ទាំងនៅក្នុងរចនាសម្ព័ន្ធស្ថាប័នរដ្ឋ និងក្នុងប្រព័ន្ធអេកូឡូស៊ី នៃវិស័យឯកជន ជាកាតាលីករ និងជាអាទិភាពគន្លឹះមិនអាចខ្វះបាន ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព។

មុននឹងបញ្ចប់ សម្ដេចបានផ្ដល់នូវអនុសាសន៍ណែនាំសំខាន់ៗមួយចំនួន ជូនដល់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបន្ដពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដើម្បីជំរុញឱ្យការអនុវត្តតួនាទីនិងភារកិច្ចរបស់សាខាសមាគម កាន់សម្រេចបានលទ្ធផល ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យបន្ថែមទៀត។ ជាកិច្ចបញ្ចប់លោក ឆាយ ឫទ្ធិសែន និងលោកស្រី បានជូនបាច់ផ្កា និងវត្ថុអនុស្សាវរីយ៍ចំពោះ សម្ដេចកិត្តិសង្គហបណ្ឌិត ប្រធានសមាគម និងលោកជំទាវអនុប្រធានសមាគម ព្រមទាំងជូនបាច់ផ្កាដល់លោកជំទាវប្រធានគិត្តិយសសាខាសមាគម ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត៕