* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងការពារជាតិ រៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉ន (វគ្គ១) ឆ្នាំ២០២៥ និងបើកវគ្គហ្វឹកហ្វឺនបំប៉ន (វគ្គ២) ឆ្នាំ២០២៦ ស្តីពី «ការពង្រឹងអនុវត្តន៍ លក្ខន្តិកៈទូទៅចំពោះយោធិន បទវិន័យទូទៅ និងលំហាត់របៀប នៃកងយោធពលខេមរភូមិន្ទ»

16-09-2026 16:59

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងការពារជាតិ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉ន (វគ្គ១) ឆ្នាំ២០២៥ និងបើកវគ្គហ្វឹកហ្វឺនបំប៉ន (វគ្គ២) ឆ្នាំ២០២៦ ស្តីពី «ការពង្រឹងអនុវត្តន៍ លក្ខន្តិកៈទូទៅចំពោះយោធិន បទវិន័យទូទៅ និងលំហាត់របៀប នៃកងយោធពលខេមរភូមិន្ទ» នៅសាលប្រជុំបាយ័ន អគារ «ក» ទីស្តីការក្រសួងការពារជាតិ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋមន្ត្រីស្តីទី ក្រសួងការពារជាតិ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ យោធាចារ្យ គ្រូជំនួយ សិក្ខាកាម និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ក្នុងពិធីនេះ តាងនាមឧត្តមសេនីយ៍ឯក ច័ន្ទ សុភត្រ្តា រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារដឹកនាំជម្រុញការអនុវត្តសេចក្តីណែនាំលេខ០០៣, លោកឧត្តមសេនីយ៍ឯក គឹម រស្មី អគ្គលេខាធិការរង ក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារអនុវត្តសេចក្តីណែនាំលេខ០០៣ ទទួលបន្ទុកដឹកនាំការងារហ្វឹកហ្វឺន បានឡើងរាយការណ៍ជូនអង្គពិធី អំពីលទ្ធផលនៃការរៀបចំ និងដំណើរការវគ្គហ្វឹកហ្វឺនបំប៉ន វគ្គ១ ឆ្នាំ២០២៥ ព្រមទាំងផែនការរៀបចំដំណើរការ វគ្គបំប៉ន វគ្គ២ ឆ្នាំ២០២៦។

តាមរបាយការណ៍បានឱ្យដឹងថា វគ្គហ្វឹកហ្វឺនបំប៉ន វគ្គ១ ឆ្នាំ២០២៥ មានអ្នកចូលរួមសរុបចំនួន ១១៤រូប ក្នុងនោះសិក្ខាកាម ចំនួន ៩៧រូប យោធាចារ្យ ចំនួន៧រូប គ្រូជំនួយចំនួន៣រូប និងក្រុមការងារគ្រប់គ្រងចំនួន១០រូប។ វគ្គនេះបានដំណើរការរយៈពេល ៣៩ថ្ងៃ ក្នុងមួយសប្តាហ៍សិក្សា ៣ថ្ងៃ គឺថ្ងៃអង្គារ ពុធ និងព្រហស្បតិ៍។ ការបណ្តុះបណ្តាលបានបែងចែកជាពីរផ្នែក គឺការសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ ហើយសិក្ខាកាម បានបង្ហាញពីការខិតខំប្រឹងប្រែងខ្លួន ក្រោមការយកចិត្តទុកដាក់បង្ហាត់បង្រៀនរបស់គ្រូយោធាចារ្យ គ្រូជំនួយ និងក្រុមការងារគ្រប់គ្រង ក្នុងការធានាគុណភាពនៃការបណ្តុះបណ្តាល។

ក្នុងរបាយការណ៍លោកឧត្តមសេនីយ៍ឯក គឹម រស្មី បានបញ្ជាក់ថា ការអនុវត្តវគ្គហ្វឹកហ្វឺនបំប៉ននេះ អាចដំណើរការទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ ដោយមានការយកចិត្តទុកដាក់ និងការគាំទ្រពីថ្នាក់ដឹកនាំ ជាពិសេសលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងមានការសហការល្អពីបណ្តាអង្គភាពពាក់ព័ន្ធ និងការចូលរួមយ៉ាងសកម្មរបស់យោធាចារ្យ គ្រូជំនួយ និងសិក្ខាកាម។

លោកឧត្តមសេនីយ៍ឯក គឹម រស្មី បានលើកឡើងថា ចំណេះដឹង និងបទពិសោធ ដែលសិក្ខាកាមទទួលបានពីវគ្គនេះ បានរួមចំណែកធ្វើឱ្យសិក្ខាកាមមានការយល់ដឹងកាន់តែច្បាស់អំពីលក្ខន្តិកៈ បទវិន័យ បទបញ្ជា និងលំហាត់របៀប ព្រមទាំងអាចយកចំណេះដឹងទាំងនេះទៅអនុវត្តក្នុងការបំពេញតួនាទី និងភារកិច្ចនៅតាមអង្គភាពឱ្យបានត្រឹមត្រូវ ស្របតាមឋានានុក្រម បទបញ្ជា និងគោលការណ៍ដឹកនាំរបស់កងយោធពលខេមរភូមិន្ទ។

ទន្ទឹមនឹងនេះ ការបណ្តុះបណ្តាលក៏បានរួមចំណែកពង្រឹងស្មារតី ការគោរពវិន័យ សណ្តាប់ធ្នាប់ មនសិការ សីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ សាមគ្គីភាពផ្ទៃក្នុង និងឆន្ទៈក្នុងការបំពេញភារកិច្ចរបស់យោធិន។

ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ ចាយ សាំងយុន បានកោតសរសើរចំពោះលទ្ធផលដែលសម្រេចបាន និងបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារ យោធាចារ្យ សាស្ត្រាចារ្យ គ្រូជំនួយ និងសិក្ខាកាម ដែលបានរួមចំណែកធ្វើឱ្យវគ្គហ្វឹកហ្វឺនបំប៉ន វគ្គ១ ប្រព្រឹត្តទៅដោយជោគជ័យ។

លោកនាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ការពង្រឹងការអនុវត្តលក្ខន្តិកៈទូទៅចំពោះយោធិន បទវិន័យទូទៅ និងលំហាត់របៀប គឺជាការងារដែលមានសារៈសំខាន់សម្រាប់ការពង្រឹងវិន័យ សណ្តាប់ធ្នាប់ សមត្ថភាព និងវិជ្ជាជីវៈរបស់យោធិន ព្រមទាំងរួមចំណែកក្នុងការកសាងធនធានមនុស្សឱ្យមានគុណភាព និងសមត្ថភាពឆ្លើយតបនឹងតម្រូវការរបស់កងយោធពលខេមរភូមិន្ទក្នុងដំណាក់កាលកែទម្រង់ និងទំនើបកម្ម។

ឯកឧត្តមបានណែនាំដល់សិក្ខាកាមដែលបានបញ្ចប់វគ្គ ត្រូវយកចំណេះដឹង និងបទពិសោធ ដែលទទួលបានទៅអនុវត្តឱ្យមានប្រសិទ្ធភាពនៅតាមអង្គភាព ត្រូវគោរពច្បាប់ លក្ខន្តិកៈ បទវិន័យ បទបញ្ជា និងសេចក្តីណែនាំរបស់ថ្នាក់ដឹកនាំ ព្រមទាំងប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ សាមគ្គីភាព និងការសម្ងាត់យោធា។

ជាមួយគ្នានេះ លោកបានណែនាំដល់យោធាចារ្យ សាស្ត្រាចារ្យ និងគ្រូបណ្តុះបណ្តាល ឱ្យបន្តពង្រឹងគុណភាពនៃការបង្រៀន ធ្វើបច្ចុប្បន្នភាពខ្លឹមសារមេរៀន និងបង្កើនការផ្សារភ្ជាប់រវាងទ្រឹស្តី និងការអនុវត្ត។ ចំពោះក្រុមការងារគ្រប់គ្រង ត្រូវបន្តពង្រឹងការរៀបចំ សម្របសម្រួល និងធានាលក្ខខណ្ឌបច្ចេកទេស រដ្ឋបាល និងសម្ភារៈ ដើម្បីឱ្យការបណ្តុះបណ្តាលមានប្រសិទ្ធភាព និងគុណភាពខ្ពស់។

ដោយឡែកសម្រាប់វគ្គ២ ឆ្នាំ២០២៦ ដែលត្រូវបានបើកវគ្គ នាពេលនេះ មានសិក្ខាកាមចំនួន ១០០រូប និងក្រុមយោធាចារ្យ គ្រូជំនួយ និងក្រុមការងារគ្រប់គ្រង សរុបចំនួន ១២០រូប។ វគ្គនេះមានរយៈពេល ៣៩ថ្ងៃ ដោយបន្តផ្តោតលើការសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីឱ្យសិក្ខាកាមមានការយល់ដឹងកាន់តែច្បាស់ និងមានសមត្ថភាពអនុវត្តជាក់ស្តែងលើលក្ខន្តិកៈ បទវិន័យ និងលំហាត់របៀប។

ការបណ្តុះបណ្តាលវគ្គ២ នឹងប្រើប្រាស់វិធីសាស្ត្របង្រៀនចម្រុះ រួមមាន ៖ ការបកស្រាយតាមឯកសារ បទបង្ហាញ និងស្លាយ ការពិភាក្សា និងផ្លាស់ប្តូរបទពិសោធ ការដោះស្រាយបញ្ហា ព្រមទាំងការអនុវត្តជាក់ស្ដែង លើមុខវិជ្ជាលំហាត់របៀបជាបុគ្គល និងជាក្រុម។

តាមរយៈវគ្គនេះ សិក្ខាកាមត្រូវបានរំពឹងថា នឹងពង្រឹងបានទាំងចំណេះដឹង សមត្ថភាព វិន័យ សណ្តាប់ធ្នាប់ មនសិការ និងឆន្ទៈ និងការទទួលខុសត្រូវ ក្នុងការបំពេញតួនាទី និងភារកិច្ច ព្រមទាំងអាចចូលរួមចំណែក ក្នុងការពង្រឹងប្រសិទ្ធភាពការងាររបស់អង្គភាព និងការកសាងកងយោធពលខេមរភូមិន្ទឱ្យកាន់តែមានវិន័យ សមត្ថភាព និងវិជ្ជាជីវៈ។

ការរៀបចំវគ្គហ្វឹកហ្វឺនបំប៉ននេះ ក៏ជាផ្នែកមួយនៃការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស និងការកសាងសមត្ថភាពកងយោធពលខេមរភូមិន្ទ ឱ្យស្របតាមទិសដៅកែទម្រង់ និងទំនើបកម្ម ព្រមទាំងការពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់យោធិនគ្រប់លំដាប់ថ្នាក់។

ជាចុងក្រោយ ពិធីបានប្រព្រឹត្តទៅដោយរលូន ប្រកបដោយស្មារតីទទួលខុសត្រូវ សណ្តាប់ធ្នាប់ និងរបៀបរៀបរយខ្ពស់ ដោយបានបញ្ចប់ជាផ្លូវការនូវ វគ្គហ្វឹកហ្វឺនបំប៉ន វគ្គ១ ឆ្នាំ២០២៥ និងប្រកាសបើកដំណើរការ វគ្គហ្វឹកហ្វឺនបំប៉ន វគ្គ២ ឆ្នាំ២០២៦ ស្តីពីការពង្រឹងអនុវត្តន៍លក្ខន្តិកៈទូទៅចំពោះយោធិន បទវិន័យទូទៅ និងលំហាត់របៀបនៃកងយោធពលខេមរភូមិន្ទ៕