កំណត់ត្រាប្រវត្តិសាស្ត្រ! ប្រទះឃើញសត្វកម្រជិតផុតពូជ ៣ប្រភេទ ក្នុងតំបន់ការពារស្រែអំបិល ខេត្តកោះកុង
16-09-2026 17:08
(តំបន់ការពារធម្មជាតិ)៖ កំណត់ត្រាជាប្រវត្តិសាស្រ្តដំបូងបំផុតសម្រាប់តំបន់ការពារ និងអភិរក្ស នៃភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុងមាន ថនិកសត្វដ៏កម្របំផុតចំនួន ៣ប្រភេទ ត្រូវបានថតជាប់ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ មានប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជដូចជា សត្វក្ដាន់ សត្វសំពោចធំ សត្វភេរោមច្រមុះ។
រូបថត និងវីដេអូជាច្រើនត្រូវបានថតពីចន្លោះខែតុលា ឆ្នាំ២០២៥ ដល់ខែមករា ឆ្នាំ២០២៦ ក្នុងអំឡុងពេលសិក្សាស្រាវជ្រាវតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិនៅតំបន់នោះ ដែលជាកិច្ចសហការរួមគ្នារវាងអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហគ្រាស ហ្វីស៊ីងខេត អេកូឡូជីខល អេនធើប្រាយ ខូ អ៉ិល ធី ឌី (FCEE) និងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS)។
កំណត់ត្រាដំបូងទាំងនេះគឺជាសញ្ញាលើកទឹកចិត្តដល់ការអភិរក្សប្រភេទសត្វក្នុងចំណោមប្រភេទសត្វថនិកសត្វថ្នាក់ធំដែលរងការគំរាមកំហែងនៅតំបន់ឥណ្ឌូចិន។ នៅប្រទេសកម្ពុជា សត្វក្ដាន់ ត្រូវបានគេរកឃើញជាថ្មី នៅខេត្តក្រចេះ ក្នុងឆ្នាំ២០០៦ ដូច្នេះភស្តុតាងនៃវត្តមានជាថ្មីរបស់ប្រភេទនេះគឺជាព័ត៌មានដ៏គួរឱ្យរំភើបរីករាយ។
ស្រដៀងគ្នានេះដែរ កំណត់ត្រាថ្មីរបស់សត្វភេរោមច្រមុះ គឺជាកំណត់ត្រាដ៏មានសារៈសំខាន់។ សត្វភេរោមច្រមុះគឺជាប្រភេទកម្របំផុតនៅក្នុងពិភពលោក ហើយប្រភេទសត្វនេះមានវត្តមានតែនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះ។ តែទោះជាយ៉ាងណាក៏ដោយ មានគេស្គាល់តិចតួចណាស់អំពីប្រភេទនេះ ហើយក៏ពុំអាចសន្និដ្ឋានដឹងបានដែរថា តើវានៅចំនួនប៉ុន្មានក្នុងធម្មជាតិ។ អ្វីដែលកាន់តែគួរឱ្យសោកស្តាយជាងនេះទៅទៀតនោះ គឺចំនួនរបស់ពួកវាហាក់ដូចជាកំពុងថយចុះ ដោយសារកត្តាគំរាមកំហែងមួយចំនួនដូចជា ការបាត់បង់ជម្រក ការបំពុលបរិស្ថាន និងការប្រមាញ់ខុសច្បាប់។ ដោយឡែកនៅកម្ពុជា កំណត់ត្រាអំពីភេរោមច្រមុះនាពេលកន្លងមក មានប្រភពមកពីព្រៃលិចទឹកនៅបឹងទន្លេសាប និងព្រៃកោងកាងតាមដងស្ទឹងក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង ដែលមន្ទីរបរិស្ថានខេត្តពាក់ពន្ធ និង FCEE កំពុងធ្វើការសិក្សាស្រាវជ្រាវ និងតាមដានវត្តមាន និងចំនួនរបស់ប្រភេទសត្វនេះ។
ចំនួនសត្វសំពោចធំមានការថយចុះយ៉ាងគំហុកជាសកល ក៏ប៉ុន្តែប្រទេសកម្ពុជាទំនងជាមានចំនួនសត្វនេះច្រើនជាងគេ ព្រោះកម្ពុជាមានដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគិរី ជាទីជម្រកចុងក្រោយមួយដែលមានសក្ដានុពលសម្រាប់ប្រភេទសត្វនេះ។ អ្វីដែលកាន់តែគួរឱ្យរំភើបជាងនេះទៅទៀតនោះគឺ កំណត់ត្រាលើកដំបូងនៃសត្វសំពោចធំ នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង គឺថតជាប់ជាគ្រួសារមួយដែលមាន មេចំនួន ១ក្បាល និងកូនចំនួន ២ក្បាល ដែលជាកំណត់ត្រាដ៏កម្រ និងជាភស្តុតាងដែលបញ្ជាក់អំពីការបង្កាត់ពូជ។
លោកស្រី Vanessa Herranz Muñoz នាយិកា FCEE មានប្រសាសន៍ថា៖ បេសកកម្មរបស់យើងខ្ញុំគឺផ្តោតលើព្រៃកោងកាងតំបន់ខ្ពង់រាប និងព្រៃស្មាច់ក្នុងតំបន់ប្រព័ន្ធព្រែកស្រែអំបិល ដើម្បីស្វែងរកប្រភេទសត្វកម្រដូចជា សត្វសំពោចធំ និងសត្វភេរោមច្រមុះ ដែលជាការសិក្សាស្រាវជ្រាវ បង្កើនចំណេះដឹង និងផ្តល់ជាទិន្នន័យសម្រាប់សកម្មភាពអភិរក្សជីវៈចម្រុះក្នុងតំបន់នោះ។ ការរកឃើញសត្វទាំង ៣ប្រភេទនេះ គឺជាលទ្ធផលគួជាទីមោទនៈ។ កំណត់ត្រាជាលើកដំបូងទាំងនេះ បានផ្ដល់ក្ដីសង្ឃឹមជាថ្មីម្ដងទៀតសម្រាប់ការអភិរក្សប្រភេទសត្វថនិកសត្វដ៏កម្រ ដែលងាយរងគ្រោះថ្នាក់ខ្លាំងឈាន ទៅរកការផុតពូជ។ វត្តមានរបស់ប្រភេទសត្វខាងលើ ជាការជំរុញដល់ដំណើរការអភិរក្សឲ្យកាន់តែមុតមាំបន្ថែមទៀត ចំពោះជម្រកសត្វលើដីជុំវិញប្រព័ន្ធព្រែកស្រែអំបិល។
លោក Chee Yoong, Woo មន្រ្ដីសម្របសម្រួលផ្នែកប្រភេទសត្វនៃអង្គការ IUCN បានលើកឡើងថា៖ សម្រាប់សត្វភេរោមច្រមុះ ការរកឃើញប្រភេទសត្វដែលកម្រ និងពូកែលាក់ខ្លួនដូចជាសត្វភេរោមច្រមុះនេះ គឺជារឿងគួរឱ្យរំភើបរីករាយខ្លាំងណាស់។ កំណត់ត្រានេះផ្តល់បន្ថែមភស្តុតាងថា កម្ពុជាជាទីជម្រកដ៏សំខាន់មួយក្នុងសកលលោកសម្រាប់ប្រភេទសត្វនេះ។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល បានមានប្រសាសន៍ថា ជាង២៥ឆ្នាំមកនេះ អគ្គនាយកដ្ឋានជលផលបាន និងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ និងដៃគូអភិរក្សផ្សេងទៀត ដើម្បីការពារជីវៈចម្រុះដ៏ពិសេសប្លែកនៃតំបន់ទេសភាពស្រែអំបិល។ លោកបានបន្ថែមទៀតថា ការប្តេជ្ញាចិត្តរយៈពេលវែងរបស់យើង បានរួមចំណែកដល់ការស្តារឡើងវិញ និងការអភិរក្សប្រភេទសត្វដែលកំពុងរងការគំរាមកំហែងជាសកល ដូចជា សត្វអណ្តើកហ្លួង និងសត្វក្រពើភ្នំ ដែលជាប្រភេទសត្វជិតផុតពូជបំផុត។
លោក អ៊ុក វិបុល បានឱ្យដឹងថា កំណត់ត្រាថ្មីៗអំពីប្រភេទថនិកសត្វទាំងនេះ បានពង្រឹងបន្ថែមនូវសារៈសំខាន់ថ្នាក់ជាតិ និងអន្តរជាតិ នៃតំបន់ដីសើមស្រែអំបិល ព្រមទាំងបង្ហាញថា ការវិនិយោគប្រកបដោយចីរភាពលើការការពារជម្រកសត្វ ការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំជាមួយសហគមន៍មូលដ្ឋាន នៅតែបន្តផ្តល់នូវលទ្ធផលអភិរក្សដ៏មានអត្ថន័យ។ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអភិរក្សប្រព័ន្ធអេកូឡូស៊ីទឹកសាប និងឆ្នេរសមុទ្រដ៏មានសារៈសំខាន់ សម្រាប់កូនចៅជំនាន់ក្រោយ។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យ ក្រសួងបរិស្ថាន មានប្រសាសន៍ថា តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង គឺជាប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើមតំបន់ឆ្នេរដ៏មានសារៈសំខាន់ដូចជា ប្រព័ន្ធព្រែក ព្រៃកោងកាង វាលភក់ និងតំបន់ដីមមោក ដែលជាទីជម្រកសម្រាប់ប្រភេទជីវចម្រុះសំខាន់ៗ ជាពិសេសប្រភេទសត្វកម្រ ដែលបច្ចុប្បន្ននេះទើបប្រទះឃើញប្រភេទសត្វជិតផុតពូជចំនួន ៣ប្រភេទ រួមមាន សត្វក្ដាន់ សត្វសំពោចធំ សត្វភេរោមច្រមុះ ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានានូវការរស់រានតជំនាន់នៃសត្វព្រៃកម្រ តាមរយៈការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ជាពិសេសសសរស្តម្ភទី២ «ភាពបៃតង» ក្នុងការពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការស្តារធនធានធម្មជាតិ និងការអនុវត្តច្បាប់។
ក្រោមកិច្ចសហការរវាង ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរបរិស្ថានខេត្តកោះកុង FCEE សមាជិកគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ សមាជិកសហគមន៍នេសាទក្នុងមូលដ្ឋាន និងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា បានបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ ដើម្បីសិក្សាវត្តមានជីវៈចម្រុះ។ ការចូលរួមរបស់ភាគីពាក់ព័ន្ធក្នុងមូលដ្ឋានបង្ហាញថា ប្រជាពលរដ្ឋនៅតំបន់នេះក៏បានស្គាល់ប្រភេទសត្វទាំងនេះមួយចំនួនដែរ។
កំណត់ត្រាប្រភេទថ្មីៗទាំងនេះត្រូវបានរកឃើញនៅក្នុងជម្រកតាមដងព្រែកដែលជាជម្រករបស់ល្មូនតំណាងជាតិកម្ពុជាគឺសត្វអណ្ដើកលួង។ លទ្ធផលនេះបានបង្ហាញពីភាពជោគជ័យរបស់កម្ពុជាក្នុងការអភិរក្សតំបន់ការពារធម្មជាតិ ដែលជាទីជម្រកដ៏សំខាន់សម្រាប់ប្រភេទជីវៈចម្រុះជិតផុតពូជ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានផ្តល់កិច្ចសហការក្នុងការសិក្សាស្រាវជ្រាវ៕
សូមស្វែងរករូបភាព និងឯកសារយោងតាមរយៈ https://drive.google.com/drive/folders/1Yv9HhE-SGVwlyCVuUNSA9Utqi3AOXGFK







