* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូនកុមារា ហ៊ុន កំសត់
* រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រឈមមុខនឹងការជំរុញដំណើរការនីតិវិធីដកតំណែង ជុំវិញសង្រ្គាមអ៉ីរ៉ង់
* ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* កូរ៉េខាងជើង ធ្វើតេស្តបាញ់ប្រព័ន្ធអាវុធ torpedo ល្បឿនលឿនស៊េរីថ្មី
* លោក ត្រាំ មានគម្រោងផ្អាកការវាយប្រហារលើអ៉ីរ៉ង់ តាមការអំពាវនាវពីក្រុមប្រទេសក្នុងតំបន់ដែលចង់ឃើញសន្តិភាព
* វិភាគអន្តរជាតិ៖ ចំណុចខ្សោយនៃឧស្សាហកម្មដ្រូនយោធារបស់អ៊ុយក្រែន
* ពីការបំផ្លាញនយោបាយជាតិ ដល់ការរារាំងទស្សនកិច្ចលោក Macron នៅកម្ពុជា៖ តើអ្វីជាជំហរនយោបាយពិតប្រាកដរបស់ សម រង្ស៊ី?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?

16-09-2026 21:11

(ប៉េកាំង)៖ នៅពេលរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi ធ្វើដំណើរទស្សនកិច្ចលើកចុងក្រោយបំផុតកាន់ប្រទេសចិន កាលពីខែឧសភាកន្លងទៅ គឺវាកើតឡើងមួយរយៈពេលខ្លីប៉ុណ្ណោះនៅមុនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើទស្សនកិច្ចនៅចិន។ លោក Araghchi បានបំពេញទស្សនកិច្ចសាជាថ្មីនៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ទៅកាន់ទីក្រុងប៉េកាំងដែលជាដំណើរទស្សនកិច្ច លើកទី២របស់លោកទៅកាន់រដ្ឋធានីចិន ចាប់តាំងពីសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ផ្ទុះឡើងកាលពីចុងខែកុម្ភៈកន្លងទៅនេះ។ ជាថ្មីម្ដងទៀត ដំណើរទស្សនកិច្ចរបស់លោក Araghchi ធ្វើឡើងចំពេលមានសេចក្ដីរាយការណ៍ថាលោកប្រធានាធិបតី ស៊ី ជីនពីងគ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមក្នុងកិច្ចប្រជុំជាមួយលោក ដូណាល់ ត្រាំ ក្នុងខែកញ្ញានេះ។

កិច្ចប្រជុំកាលពីខែឧសភា និងឥលូវនៅក្នុងខែកញ្ញានេះ បានគូសបញ្ជាក់ពីតួនាទីដែលចិនបានដើរអំឡុងសង្រ្គាមអ៉ីរ៉ង់ ក្នុងនាមជាភាគីអព្យាក្រឹតមួយដែលមានបំណងចង់ឃើញសន្តិភាព និងការបិទបញ្ចប់សង្រ្គាម។ លោក ស៊ី ជីនពីង នៅឯកិច្ចប្រជុំកំពូល BRICS ក្នុងទីក្រុងញូវដែលីកាលពីពេលថ្មីៗនេះបានជំរុញឱ្យប្លុកមួយនេះដើរតួនាទីជាអ្នកស្ថាបនាសន្តិភាពក្នុងជម្លោះនៅមជ្ឈិមបូព៌ា ហើយបាននិយាយថាចិនមានឆន្ទៈធ្វើការជាមួយបណ្ដាប្រទេសនៅក្នុង BRICS ឆ្ពោះទៅរកគោលដៅនេះ។ ជាការពិតណាស់ ខណៈលោក ស៊ី ជីនពីងបានបង្ហាញពីចំណាប់អារម្មណ៍លើការដើរតួនាទីសម្របសម្រួលដោយផ្ទាល់ក្នុងសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់នៅក្នុងសុន្ទរកថារបស់លោកនៅឯកិច្ចប្រជុំ BRICS ក៏ដោយ ក៏លោកមិនបានប្រកាសត្រង់ៗថាតើការសម្របសម្រួលបែបនេះនឹងត្រូវធ្វើភ្លាមៗឬយ៉ាងណានោះទេ?

ជំនួសមកវិញ លោក ស៊ី ជីនពីងជាថ្មីម្ដងទៀតបានលើកកម្ពស់ផែនការ៤ចំណុចដើម្បីបន្ធូរបន្ថយជម្លោះក្នុងតំបន់មជ្ឈិមបូព៌ា ក្នុងនោះរួមមានការរួមរស់នៅជាមួយគ្នាដោយសន្តិភាព គោរពអធិបតេយ្យគ្នាទៅវិញទៅមក អនុវត្តតាមច្បាប់អន្តរជាតិ ហើយធ្វើឱ្យមានតុល្យភាពរវាងការអភិវឌ្ឍ និងសន្តិសុខ។ ក្រុមអ្នកវិភាគបាននិយាយថាខណៈចិនចង់ឃើញសង្រ្គាមដែលបានធ្វើឱ្យទីផ្សារថាមពល និងហិរញ្ញវត្ថុចលាចលបិទបញ្ចប់ ចិនជាប្រពៃណីតែងតែចៀសវាងលូកដៃចូលក្នុងសង្រ្គាមរវាងប្រទេសដទៃ ជាពិសេសនៅពេលមើលឃើញថាលទ្ធភាពដែលកិច្ចប្រឹងប្រែងការទូតមួយអាចនឹងទទួលបានជោគជ័យមានអត្រាទាប។ នៅក្នុងប្រទេសអ៉ីរ៉ង់ មានទស្សនៈយល់ឃើញចម្រុះទៅលើសារៈសំខាន់នៃការកត់សម្គាល់របស់លោក ស៊ី ជីនពីង។ អតីតរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Mohammad Javad Zarif បានលើកឡើងថាគំនិតផ្ដួចផ្ដើមប្រកបដោយលក្ខណៈស្ថាបនារបស់លោក ស៊ី ជីនពីង បានផ្ដល់ឱកាសដ៏សមស្របមួយដើម្បីបន្ធូរបន្ថយភាពតានតឹង និងបង្ហាញថាការទូតពហុភាគីគឺជាជំហានជាក់លាក់តែមួយគត់ដើម្បីស្ថិរភាព។ ក៏ប៉ុន្តែ លោក Hamed Vafaei ជាសាស្ត្រាចារ្យផ្នែកអក្សរសាស្ត្រចិន និងជាអ្នកសិក្សាពីចិនមកពីសាកលវិទ្យាល័យតេហេរ៉ង់ បាននិយាយថាការយល់ឃើញថាការកត់សម្គាល់របស់លោក ស៊ី ជីនពីងជាការបង្ហាញពីឆន្ទៈសម្របសម្រួលរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ គឺជាការបកស្រាយទូលំទូលាយចង់ថាយ៉ាងម៉េចក៏បាន និងហួសពីការពិតនៃអ្វីដែលលោក ស៊ី ជីនពីង ចង់និយាយសំដៅដល់។

កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុប ដូចជាបារាំង អាល្លឺម៉ង់ និងព្រីតថេន បានទទួលជោគជ័យក្នុងការជំរុញក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលអាតូមិអន្តរជាតិ IAEA​ បញ្ជូនសំណុំរឿងនុយក្លេអ៊ែរអ៉ីរ៉ង់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ការបញ្ជូនសំណុំរឿងនុយក្លេអ៊ែរអ៉ីរ៉ង់លើកចុងក្រោយបំផុតទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ធ្វើឡើងកាលពីជាង២០ឆ្នាំមុន បន្ទាប់ពីដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខចំនួន៦ ត្រូវបានអនុម័តប្រឆាំងនឹងអ៉ីរ៉ង់ ហើយដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើសេដ្ឋកិច្ចរបស់អ៉ីរ៉ង់។ ប៉ុន្តែក្នុងពេលនេះ សកម្មភាពបែបនេះត្រូវបានគេមើលឃើញថាគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ។ ដ្បិតចិន និងរុស្ស៉ីដែលមានសិទ្ធិវេតូបានបង្ហាញការប្រឆាំងជំទាស់យ៉ាងខ្លាំង។

សម្ពាធពីបណ្ដាប្រទេសលោកខាងលិចលើតេហេរ៉ង់នៅតែបន្តកើនឡើង។ ជាក់ស្ដែង ប្រមុខនុយក្លេអ៊ែរអ៉ីរ៉ង់ លោក Mohammad Eslami ត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងសន្និសីទមួយរបស់ IAEA ក្នុងទីក្រុងវីយែន ប្រទេសអូទ្រីសក្នុងសប្ដាហ៍នេះ អនុលោមតាមការដាក់ទណ្ឌកម្មឡើងវិញរបស់មហាអំណាចអឺរ៉ុបកាលពីឆ្នាំមុន។ សហរដ្ឋអាមេរិកវិញក៏នៅតែបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងអ៉ីរ៉ង់ផងដែរជាមួយការធ្វើយុទ្ធនាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីកាត់ផ្ដាច់រដ្ឋាភិបាលអ៉ីរ៉ង់ឱ្យឯកោពីសហគមន៍អន្តរជាតិ ស្របពេលបន្តអនុវត្តការបិទខ្ទប់មិនឱ្យកប៉ាល់ចេញចូលកំពង់ផែអ៉ីរ៉ង់។ ក្រុមហ៊ុនចិនមួយចំនួនដែលត្រូវបានចោទថានៅតែបន្តទិញប្រេងពីអ៉ីរ៉ង់ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីដាក់ទណ្ឌកម្មនេះ បើទោះជាធនាគារធំៗរបស់ចិនមិនទាន់ជាប់ទណ្ឌកម្មក៏ដោយ។ កាលពីថ្ងៃទី១៤ ខែកញ្ញា ក្រសួងហិរញ្ញវត្ថុអាមេរិកបានបញ្ចូលធនាគារ VTB Bank របស់រុស្ស៉ីទៅក្នុងកញ្ចប់ទណ្ឌកម្មប្រឆាំងអ៉ីរ៉ង់។ ក្រសួងហិរញ្ញវត្ថុអាមេរិកមិនបានលើកឡើងចំឈ្មោះចិននោះទេ តែ VTB Bank ដែលជាធនាគារធំលំដាប់ទី២របស់រុស្ស៉ីគឺជាធនាគារតែមួយគត់ដែលមានសាខាទទួលបានអាជ្ញាបណ្ណនៅក្នុងប្រទេសចិនដោយអាចចូលទៅប្រើប្រាស់ដោយផ្ទាល់ប្រព័ន្ធទូទាត់របស់ចិន។

ចិននៅតែជាអ្នកទិញប្រេងដ៏ធំបំផុតពីអ៉ីរ៉ង់ ហើយប៉េកាំងបានសន្យាថានឹងការពារផលប្រយោជន៍របស់ខ្លួន។ ទំនាក់ទំនងរបស់ចិនជាមួយសមត្ថភាពយោធាអ៉ីរ៉ង់ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិកដែរក្នុងសប្ដាហ៍នេះ បន្ទាប់ពីកាសែតអាមេរិក Wall Street Journal បានរាយការណ៍ថាអ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបពីក្រុមហ៊ុនចិនមួយចំនួន នៅមុនការវាយប្រហាររបស់អ៉ីរ៉ង់លើមូលដ្ឋានទ័ពមួយក្នុងប្រទេសហ្ស៊កដានីកាលពីខែកក្កដា ដែលបានសម្លាប់ទាហានអាមេរិក ៣នាក់។ យ៉ាងនេះក្ដី លោក ដូណាល់ ត្រាំ បាននិយាយថាលោកមិនបារម្ភពីសេចក្ដីរាយការណ៍របស់ Wall Street Journal នោះទេ ហើយបានទទូចថាលោកមានទំនាក់ទំនងដ៏អស្ចារ្យជាមួយលោក ស៊ី ជីនពីង៕