ការនាំចេញអង្ករកម្ពុជាទៅហ្វីលីពីន រំពឹងហក់ឡើងដល់ ២០ម៉ឺនតោនក្នុងឆ្នាំ២០២៦ ប្រកៀកជាមួយចិន ដែលជាទីផ្សារធំជាងគេរបស់កម្ពុជា
17-09-2026 17:00
(ភ្នំពេញ)៖ ការនាំចេញអង្ករកម្ពុជាទៅហ្វីលីពីនរំពឹងថា នឹងហក់ឡើងដល់ប្រមាណ ២០ម៉ឺនតោន ក្នុងឆ្នាំ២០២៦នេះ ដោយមានចំនួនប្រហែលប្រទេសចិន ដែលជាទីផ្សារនាំចេញអង្ករធំជាងគេរបស់កម្ពុជា។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពិធីចុះកិច្ចសន្យាទិញ-លក់អង្ករ រវាងក្រុមហ៊ុន CITY RICE Import Export របស់កម្ពុជា ជាមួយក្រុមហ៊ុន DILAI TRADING របស់ហ្វីលីពីន ដើម្បីនាំចេញអង្ករ ១០ ០០០ តោន កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ការនាំចេញទៅហ្វីលីពីន បានកើនឡើងយ៉ាងគំហុកពីត្រឹម៣ ពាន់តោន កាលពី ៣ឆ្នាំមុន ហក់ឡើងដល់ជិត ២០ម៉ឺនតោនសម្រាប់ឆ្នាំនេះ។
លោកស្រីបន្តថា ហ្វីលីពីន គឺជាទីផ្សារសក្តានុពលដ៏ធំមួយ សម្រាប់ការនាំចេញអង្កររបស់កម្ពុជានៅពេលអនាគត ដោយសារតម្រូវការប្រើប្រាស់អង្កររបស់ហ្វីលីពីនមានរហូតដល់ ៣ លានតោនក្នុងមួយឆ្នាំ។
លោកស្រី ចម និម្មល បន្ថែមថា ភាពជោគជ័យនេះ កើតចេញពីកត្តាសំខាន់ពីរ គឺការផ្សព្វផ្សាយឱ្យពិភពលោកបានស្គាល់ពីគុណភាពអង្ករកម្ពុជា ជាពិសេសបន្ទាប់ពីទទួលបានពានរង្វាន់ជាអង្ករលេខ ១ លើពិភពលោកចំនួន ៧ ដង និងការខិតខំប្រឹងប្រែងរបស់វិស័យឯកជន រួមទាំងសហព័ន្ធស្រូវអង្ករកម្ពុជា។ ទោះបីជាអង្ករកម្ពុជាមានតម្លៃថ្លៃជាងអង្ករប្រទេសក្នុងតំបន់ក៏ដោយ គុណភាព និងកិច្ចខិតខំប្រឹងប្រែងទាំងនេះបានបើកច្រកទីផ្សារថ្មី និងពង្រីកវត្តមានអង្ករកម្ពុជានៅលើឆាកអន្តរជាតិ។
ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export Co., Ltd និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចាត់ទុកថា ឆ្នាំ២០២៦នេះជាឆ្នាំប្រវត្តិសាស្ត្រនៃការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារហ្វីលីពីន ដែលអាចនឹងក្លាយជាទីផ្សារធំជាងគេបង្អស់។ ការកើនឡើងនេះ គឺដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ដែលបានដឹកនាំវិស័យឯកជន រួមមានសហព័ន្ធស្រូវអង្ករកម្ពុជា និងសហគ្រាសពាណិជ្ជកម្មកម្ពុជា (CTE) ក្នុងការធ្វើទស្សនកិច្ច និងផ្គូរផ្គងពាណិជ្ជកម្មជាមួយអ្នកនាំចូលរបស់ហ្វីលីពីន រហូតឈានដល់កិច្ចសន្យាទិញលក់ និងការនាំចេញកើនឡើងជាលំដាប់។
លោកបន្ថែមថា កាលឆ្នាំ២០២៥ ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីន មានបរិមាណត្រឹមតែ៤ទៅ៥ ពាន់តោនប៉ុណ្ណោះ ប៉ុន្តែរហូតមកខែ កញ្ញាឆ្នាំនេះ ការនាំចេញបានកើនឡើង រហូតដល់ជា១០ម៉ឺនតោន។ ប្រសិនបើកម្ពុជានៅមានអង្ករច្រើន និងការនាំចេញនៅមានសន្ទុះដូចបច្ចុប្បន្ននេះ ហ្វីលីពីនអាចនឹងក្លាយជាប្រទេសនាំចូលអង្ករធំជាងគេពីកម្ពុជា ដោយមានចំនួននាំចេញប្រហាក់ប្រហែលនឹងប្រទេសចិន។
លោកបន្ថែមថា«ទីផ្សារនេះបើសិនជាមានលទ្ធភាពរលូនដូចបច្ចុប្បន្ននេះ គឺយើងនឹងអាចឈានទៅដល់៣០ម៉ឺនតោន។ ហើយសហព័ន្ធស្រូវអង្ករកម្ពុជានឹងជំរុញសមាជិកទាំងអស់ និងធ្វើការជិតស្និទ្ធជាមួយនឹងអ្នកនាំចូល ដើម្បីបង្កើនទំហំនាំចូលអង្ករដែលមានគុណខ្ពស់ពីប្រទេសកម្ពុជាទៅប្រទេសហ្វីលីពិនឱ្យមានការកើនឡើង នៅឆ្នាំ២០២៧ ទៀត»។
ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករទៅហ្វីលីពីនបានចំនួន ១២២ ១០២ តោន ដែលស្មើនឹងជាង ១៥,៤% នៃបរិមាណនាំចេញអង្ករសរុប ៧៩២ ២១២ តោន។ តាមការបញ្ជាក់របស់សហព័ន្ធអង្ករកម្ពុជា (CRF) អង្ករដែលមានកិច្ចសន្យាទិញរួចហើយសម្រាប់ខែកញ្ញា ដល់ខែធ្នូឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងមានបន្ថែមទៀត ៨៧ ៣៤៤ តោន ដែលនឹងធ្វើឱ្យបរិមាណនាំចេញសរុបទៅហ្វីលីពីនក្នុងឆ្នាំ២០២៦ ឈានដល់ប្រមាណ ២០៩ ៤៤៦ តោន។
សូមជម្រាបថា ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករកិនរួចប្រមាណ ៧៩២.២១២ តោន គិតជាទឹកប្រាក់ប្រមាណ ៤៦៤,១ លានដុល្លារអាម៉េរិក។ ផ្អែកលើកំណើនដ៏ខ្លាំងក្លានេះ កម្ពុជារំពឹងថានឹងសម្រេចបានគោលដៅនាំចេញអង្ករចំនួន ១ លានតោននៅក្នុងឆ្នាំ២០២៦នេះ ស្របតាមគោលនយោបាយជំរុញការនាំចេញអង្កររបស់រាជរដ្ឋាភិបាល៕










