មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ បណ្តុះបណ្តាលពីការគ្រប់គ្រង និងប្រើប្រាស់ឧបករណ៍មានហានិភ័យខ្ពស់នៅតាមរោងចក្រ សហគ្រាស និងសិប្បកម្ម
17-09-2026 17:35
(ភ្នំពេញ)៖ មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ និងវគ្គបណ្តុះបណ្តាលប្រឡងវាយតម្លៃប្រតិបត្តិករ»។
ពិធីនេះ រៀបចំធ្វើឡើងនៅសាលរបស់មជ្ឈមណ្ឌល ក្រោមអធិបតីភាពលោកបណ្ឌិត ទីង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកអគ្គនាយកនៃអគ្គនាយកដ្ឋានមន្ទីរពិសោធន៍សំណង់ជាតិ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរឧស្សាហកម្មតាមបណ្តាខេត្ត តំណាងសមាគមពាណិជ្ជកម្ម ថ្នាក់ដឹកនាំសួនឧស្សាហកម្ម និងតំណាងសហគ្រាសជាង ៣០០នាក់។
ជាមួយនឹងការបង្កើនល្បឿននៃដំណើរការឧស្សាហូបនីយកម្មនៅកម្ពុជា អគារខ្ពស់ៗ រោងចក្រទំនើបៗ និងកំពង់ផែឡូជីស្ទិកជាច្រើនបានលេចឡើងយ៉ាងសន្ធឹកសន្ធាប់។ ចំនួនឧបករណ៍ដែលមានហានិភ័យខ្ពស់ ដូចជាឡចំហាយ (Boiler) ជណ្តើរយន្ត ម៉ាស៊ីនស្ទូច បំពង់ សម្ពាធ ធុងសម្ពាធ យានយន្តលើកដាក់ (Forklift) ម៉ាស៊ីនភ្លើង និងម៉ាស៊ីនបណ្ណែនខ្យល់ជាដើម មានការកើនឡើងយ៉ាងគំហុក ដែលធ្វើឱ្យអ្នកប្រតិបត្តិការសុវត្ថិភាពជំនាញពុំអាចផ្គត់ផ្គង់ឱ្យទាន់តម្រូវការឡើយ។
ក្រោមការណែនាំពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ បានបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្តាលជំនាញជាផ្លូវការ ដើម្បី បំពេញចន្លោះប្រហោងនៃការបណ្តុះបណ្តាលជាប្រព័ន្ធលើការងារដែលមានហានិភ័យខ្ពស់នៅកម្ពុជា។
លោក He Jingwei ទីប្រឹក្សានៃមជ្ឈមណ្ឌល បានបង្ហាញអំពីបេសកកម្ម និងដំណើរការត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ ចាប់ពីការវាយតម្លៃ ការអនុញ្ញាតផលិត ការត្រួតពិនិត្យតាមដាន ការដំឡើង កែច្នៃ ជួសជុល រហូតដល់ការត្រួតពិនិត្យតាមកាលកំណត់ ព្រមទាំងបង្ហាញពីសេវាកម្ម គ្រូបណ្តុះបណ្តាលជំនាញ និងទីតាំងហ្វឹកហាត់ជាក់ស្តែងរបស់មជ្ឈមណ្ឌល។
លោកបណ្ឌិត ទីង ស៊ីនី បានពន្យល់អំពីអនុស្សរណៈនៃការយោគយល់រវាងក្រសួង និងមជ្ឈមណ្ឌល ព្រមទាំងសង្កត់ធ្ងន់ថា អង្គភាពដែលប្រើប្រាស់ឧបករណ៍មានហានិភ័យខ្ពស់ ត្រូវយកចិត្តទុកដាក់លើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ។ ការចុះបញ្ជីប្រើប្រាស់ឧបករណ៍ ត្រូវឆ្លងកាត់ការត្រួតពិនិត្យជាចាំបាច់ ដើម្បីធានាសុវត្ថិភាព។
លោក ចុង ប៊ូ ប្រធាននាយកដ្ឋានបច្ចេកទេស និងសុវត្ថិភាពឧស្សាហកម្ម បានបកស្រាយអំពីច្បាប់ស្តីពីការគ្រប់គ្រងឧស្សាហកម្ម បទដ្ឋានប្រតិបត្តិ ការថែទាំប្រចាំថ្ងៃ និងនីតិវិធីស្នើសុំវិញ្ញាបនបត្រសុវត្ថិភាព ដោយបញ្ជាក់ថា លទ្ធផលត្រួតពិនិត្យ គឺជាមូលដ្ឋានសំខាន់សម្រាប់ការទទួលបានវិញ្ញាបនបត្រសុវត្ថិភាព។
ក្នុងពិធីនោះលោកបណ្ឌិត ទីង ស៊ីនី បានអញ្ជើញប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមដែលបានប្រឡងជាប់ការវាយតម្លៃ និងបានលើកទឹកចិត្តឱ្យសហគ្រាសទាំងអស់អនុវត្តកាតព្វកិច្ចសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន។
តំណាងស្ថាប័នពាក់ព័ន្ធ និងសហគ្រាសដែលបានចូលរួម បានសម្តែងការគាំទ្រ និងប្តេជ្ញានាំយកចំណេះដឹងពីសិក្ខាសាលាទៅអនុវត្តនៅតាមរោងចក្រ និងតំបន់ឧស្សាហកម្មរៀងៗខ្លួន ដើម្បីពង្រឹងកិច្ចសហការជាមួយមជ្ឈមណ្ឌល ក្នុងការធានាសុវត្ថិភាព ឧបករណ៍មានហានិភ័យខ្ពស់ និងរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាប្រកបដោយគុណភាព និងសុវត្ថិភាព៕




















