រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
18-09-2026 20:12
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ប្រទេសថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានកម្ពុជា ហើយថៃ មិនអាចយកច្បាប់របស់ខ្លួនមកអនុវត្តលើទឹកដីកម្ពុជាបាននោះទេ។
ការលើកឡើងបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្នុងសន្និសីទសារព័ត៌មានមុនកម្ពុជាធ្វើម្ចាស់ផ្ទះក្នុងការរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវ៉ាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្គេមអនឡាញ»។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងយ៉ាងដូច្នេះថា៖ «ប្រទេសជិតខាងរបស់យើង (ថៃ) គឺបានធ្វើការផ្សព្វផ្សាយ ខ្ញុំបានឃើញឱ្យតែមានបញ្ហាទាក់ទងជាមួយនឹង Scams គឺតែងតែផ្សព្វផ្សាយ ហើយរួមទាំងការដែលឈ្លានពានទឹកដីកម្ពុជា គ្រប់គ្រងទឹកដីកម្ពុជា ដោយខុសច្បាប់ ហើយគេបានរៀបចំនូវដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធា របស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលនៅប្រទេសរបស់គេនោះមកទីតាំងនោះ ហើយធ្វើបង្ហាញពីអ្វីដែលជារូបភាពនៅកន្លែងនោះ»។
ត្រង់ចំណុចនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចោទជាសំណួរថា មិនដឹងថាភាគីថៃ រៀបចំអ្វីនោះទេ នៅលើទឹកដីកម្ពុជា ដែលត្រូវយោធាថៃ ឈ្លានពានគ្រប់គ្រងដោយខុសច្បាប់ ចំពោះការចូលទឹកដីកម្ពុជាដោយខុសច្បាប់ ព្រោះតំបន់អូស្មាច គឺជាទឹកដីរបស់កម្ពុជា។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «គេបានប្រើប្រាស់លេសរឿងការបង្ក្រាប Scams ដើម្បីបិទបាំងនូវមូលហេតុពិតប្រាកដ នៃការឈ្លានពានទឹកដីកម្ពុជា អ៊ឹចឹងហើយបានជារាល់ពេលដែលគេនោះបាននាំ (ថៃ) អ្នកសារព័ត៌មាន នាំអនុព័ន្ធយោធា ទៅទស្សនកិច្ចនៅកន្លែងនោះ គឺរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស តាមរយៈក្រសួងព័ត៌មាន ដែលទាក់ទងជាមួយនឹងការងារសារព័ត៌មាននេះ គឺយើងបានបង្ហាញអំពីការតវ៉ាយ៉ាងខ្លាំងក្លាចំពោះការរំលោភំពានមកលើអធិបតេយ្យភាពជាតិកម្ពុជា»។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា ថៃ គេមិនអាចយកច្បាប់របស់ថៃ មកអនុវត្តនៅលើទឹកដីកម្ពុជាបានទេ ហើយបើសិនជាជាមានបញ្ហាពាក់ព័ន្ធជាមួយនឹងបទល្មើស Online Scams វាចាំបាច់ដែលត្រូវការសហការគ្នា ប៉ុន្តែមិនមែនយកនូវកម្លាំងមកឈ្លាពានគ្រប់គ្រងទឹកដីកម្ពុជាដោយខុសច្បាប់នោះទេ ជារើយៗភាគីថៃ តែងតែផ្សព្វផ្សាយនូវព័ត៌មានមិនពិត ដើម្បីសម្អុយកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ ពាក់ព័ន្ធបទល្មើស Online Scams។
ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កម្ពុជា ត្រូវការភាពស្មោះត្រង់ ត្រូវការសហការដោយស្មោះសហើយអ្វីដែលកម្ពុជាបានបង្ហាញនៅទីនេះ គឺកម្ពុជាបើកជំហរនៅក្នុងការសហការបង្ក្រាបទល្មើសនានា ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយកម្ពុជាមិនបានទាញផលចំណេញពីអ្វីដូចដែលភាគីថៃ បានធ្វើមកលើប្រទេសកម្ពុជា ក្នុងការឈ្លានពានកម្ពុជា ហើយភាគីថៃ បែរជាយកបញ្ហា Online Scams នេះមកបិទបាំងទង្វើរបស់ខ្លួន ដើម្បីគ្រប់គ្រងទឹកដីកម្ពុជាដោយខុសច្បាប់ទៅវិញ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា ចំពោះអ្វីដែលកម្ពុជា ផ្សព្វផ្សាយ គឺកម្ពុជាចង់បានការពិតពីកម្ពុជា ហើយការពិតពីកម្ពុជា គឺកម្ពុជា ជាប្រទេសរងគ្រោះ ព្រមទាំងបានបង្ហាញអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ និងបង្ហាញពីការពិតថាឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា គឺលុបបំបាត់នូវទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីផ្ដល់នូវសុខសុវត្ថិភាពដល់ប្រជាជន ភ្ញៀវទេសចរ និងអ្នកវិនិយោគទុននានាផងដែរ។
សូមបញ្ជាក់ថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការស៊ើបអង្កេតលើទីតាំងសង្ស័យបានចំនួនជាង ៨៣០កន្លែង និងបានចុះបង្ក្រាបជាក់ស្តែងចំនួន ៦៦៣ទីតាំង ក្នុងនោះបានគ្រប់គ្រង និងកម្ទេចទីតាំងអនឡាញស្កែមទ្រង់ទ្រាយធំបានរហូតដល់ ៨៦កន្លែង និងបានបណ្តេញចេញមុខសញ្ញាជនសង្ស័យជាជនបរទេសជាង ២ម៉ឺនាក់។
គួរជម្រាបថា ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្កែមអនឡាញ»។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនឹងមានការចូលរួមពីតំណាងបណ្តាប្រទេសជាង ២០ និងអង្គការអន្តរជាតិធំៗចំនួន ៣ផងដែរ៕

















