បណ្ឌិត កៅ មុយថង៖ UNCLOS និងសន្តិភាព៖ ច្បាប់មិនមែនជាការធានា ប៉ុន្តែជាមាគ៌ាសម្រាប់គ្រប់គ្រងជម្លោះ
19-09-2026 13:15
(ភ្នំពេញ)៖ បណ្ឌិត កៅ មុយថង ក្នុងនាមជាបណ្ឌិតច្បាប់មួយរូប បានថ្លែងមកកាន់បណ្ដាញព័ត៌មាន Fresh News ថា នៅក្នុងពិភពលោកដែលរដ្ឋនីមួយៗមានផលប្រយោជន៍ជាតិ អធិបតេយ្យភាព និងការបកស្រាយច្បាប់ខុសៗគ្នា ការមានច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិ មិនអាចត្រូវយល់ថា ជាការធានាថា សង្គ្រាម ឬជម្លោះនឹងលែងកើតមាននោះទេ។ ប៉ុន្តែច្បាប់អន្តរជាតិបានដើរតួនាទីសំខាន់ ក្នុងការបង្កើតក្របខណ្ឌ និងមាគ៌ាឱ្យរដ្ឋអាចដោះស្រាយភាពខុសគ្នាតាមមធ្យោបាយសន្តិវិធី ជំនួសឱ្យការប្រើកម្លាំង។
បណ្ឌិតច្បាប់រូបនេះ បានបន្តថា ប្រវត្តិសាស្ត្រពិភពលោកបន្ទាប់ពីសង្គ្រាមលោកលើកទី២ អាចជាភស្តុតាងមួយសម្រាប់ការយល់ដឹងនេះ។ ការបង្កើតអង្គការសហប្រជាជាតិ មិនបាននាំមកនូវការបញ្ចប់សង្គ្រាមទាំងអស់នៅលើពិភពលោកឡើយ។ ដូចគ្នានេះដែរ ការអនុម័តអនុសញ្ញាស្តីពីការទប់ស្កាត់ និងផ្តន្ទាទោសឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ ក៏មិនបានធ្វើឱ្យអំពើប្រល័យពូជសាសន៍បាត់ពីពិភពលោកជាស្ថាពរដែរ។
ពិតណាស់នេះមិនមានន័យថា ច្បាប់អន្តរជាតិបរាជ័យ ឬគ្មានប្រយោជន៍នោះទេ។ ផ្ទុយទៅវិញ វា បង្ហាញថា តួនាទីរបស់ច្បាប់អន្តរជាតិ គឺការកំណត់ក្របខណ្ឌថា តើរដ្ឋគួរប្រព្រឹត្តចំពោះគ្នាយ៉ាងដូចម្តេច និងតើភាពខុសគ្នាគួរត្រូវបានដោះស្រាយតាមវិធីណា។ ចំណុចនេះមានសារៈសំខាន់ជាពិសេស នៅពេលពិចារណាអំពីអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ឬ UNCLOS ដែលជាក្របខណ្ឌច្បាប់អន្តរជាតិសំខាន់មួយ សម្រាប់កំណត់សិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋនៅក្នុងសមុទ្រ និងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងដែនសមុទ្រ។
* ពីក្របខណ្ឌទ្វេភាគី ទៅកាន់យន្តការ UNCLOS
កម្ពុជា-ថៃ បានពិភាក្សាអំពីបញ្ហាដែនសមុទ្រតាំងពីឆ្នាំ១៩៩៥ ហើយនៅឆ្នាំ២០០១ ប្រទេសទាំងពីរបានចុះអនុស្សរណៈយោគយល់ស្តីពី តំបន់ដែលមានការទាមទារត្រួតស៊ីគ្នាលើខ្ពង់រាបបាតសមុទ្រ។ អនុស្សរណៈនេះបានក្លាយជាក្របខណ្ឌទ្វេភាគីសម្រាប់ការចរចា និងស្វែងរកដំណោះស្រាយចំពោះការទាមទារលើតំបន់ត្រួតស៊ីគ្នា។ ប៉ុន្តែនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ថៃបានប្រកាសបញ្ចប់អនុស្សរណៈឆ្នាំ២០០១ ហើយបានបង្ហាញបំណងបន្តការពិភាក្សាដោយផ្អែកលើច្បាប់អន្តរជាតិ និងគោលការណ៍ពាក់ព័ន្ធនៃ UNCLOS។ ចំណែកកម្ពុជា បានចាត់ទុកអនុស្សរណៈឆ្នាំ២០០១ ជាក្របខណ្ឌដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នា ដើម្បីស្វែងរកដំណោះស្រាយលើការទាមទារដែនសមុទ្រត្រួតស៊ីគ្នា។ បន្ទាប់ពីការផ្លាស់ប្តូរជំហរចំពោះអនុស្សរណៈនេះ កម្ពុជាបានប្រើយន្តការផ្សះផ្សា (Compulsory Conciliation) ក្រោម UNCLOS ដើម្បីស្វែងរកផ្លូវដោះស្រាយជម្លោះដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។
ដូច្នេះការផ្លាស់ប្តូរនៅឆ្នាំ២០២៦ មិនគួរយល់ថា ជាការផ្លាស់ប្តូរពី «ការចរចា» ទៅ «ការប្រឈម មុខ» នោះទេ។ ផ្ទុយទៅវិញ វាអាចយល់បានថា ជាការផ្លាស់ប្តូរពីការផ្តោតលើក្របខណ្ឌទ្វេភាគីឆ្នាំ ២០០១ ទៅកាន់យន្តការផ្សះផ្សាក្រោម UNCLOS ដែលមាននីតិវិធីជាក់លាក់សម្រាប់ដំណើរការនេះ។
* តើកម្ពុជាចង់បានអ្វី?
នៅក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោម UNCLOS នៅសិង្ហបុរី នៅថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ គេបានមើលឃើញថា កម្ពុជាបានបង្ហាញថា គោលដៅសំខាន់ គឺស្វែងរក ដំណោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។
ចំណុចស្នូលរបស់កម្ពុជា គឺចង់ឱ្យបញ្ហាដែនសមុទ្រត្រូវបានដោះស្រាយជាកញ្ចប់មួយតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី។ ក្នុងន័យនេះ កម្ពុជាបានបង្ហាញជម្រើសជាបីកម្រិត៖
- ជម្រើសទី១៖ ដំណោះស្រាយចុងក្រោយ ចង់ឈានទៅរកសន្ធិសញ្ញា “single, all-purpose maritime boundary” រវាងកម្ពុជានិងថៃ។ នេះជាគោលដៅចម្បងដែលកម្ពុជា បានដាក់នៅចំពោះ មុខគណៈកម្មការ។
- ជម្រើសទី២៖ ដំណោះស្រាយបណ្តោះអាសន្ន ប្រសិនបើមិនទាន់អាចឈានដល់ការកំណត់ព្រំដែនចុងក្រោយបាន កម្ពុជាបើកលទ្ធភាពសម្រាប់កិច្ចព្រមព្រៀង joint development និង equitable sharing of resources រង់ចាំរហូតដល់មានកិច្ចព្រមព្រៀងកំណត់ព្រំដែនចុងក្រោយ។
- ជម្រើសទី៣៖ បើមិនអាចសម្រេចបានពីរជម្រើសខាងលើ កម្ពុជាចង់ឱ្យគណៈកម្មការរៀបចំរបាយការណ៍ដែលមានអនុសាសន៍ ដើម្បីអាចយកទៅធ្វើជាមូលដ្ឋានសម្រាប់ការឈានទៅរកកិច្ចព្រម ព្រៀងបន្ត។
ក្នុងន័យនេះ កម្ពុជាមានគោលដៅច្បាស់លាស់ ក្នុងការស្វែងរកកិច្ចព្រមព្រៀងកំណត់ព្រំដែនសមុទ្រចុងក្រោយ។ ម្យ៉ាងទៀត កម្ពុជាក៏បង្ហាញភាពបត់បែនចំពោះវិធីឈានទៅរកគោលដៅនោះ ដោយបើកលទ្ធភាពឱ្យមានការរៀបចំបណ្តោះអាសន្នស្តីពីការអភិវឌ្ឍរួម និងការចែករំលែកធនធាន ខណៈរង់ចាការកំណត់ព្រំដែនចុងក្រោយ។
ចំណែកការផ្សះផ្សា មិនមែនមានន័យថា គណៈកម្មការជាអ្នកសម្រេចជំនួសកម្ពុជា និងថៃនោះទេ។ តួនាទីរបស់គណៈកម្មការ គឺស្តាប់ជំហរ និងទស្សនៈរបស់ភាគី ពិនិត្យបញ្ហាពាក់ព័ន្ធ ហើយនៅចុង បញ្ចប់រៀបចំរបាយការណ៍ រួមទាំងសេចក្តីសន្និដ្ឋាន ឬអនុសាសន៍ ដែលអាចប្រើជាមូលដ្ឋានសម្រាប់ការ ពិភាក្សា និងការចរចាបន្ត។
* ចំណែកថៃផ្តោតលើអ្វី?
ជំហររបស់ថៃ អាចត្រូវបានយល់ដោយឡែក។ នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Sihasak Phuangketkeow ថ្ងៃទី១៥ កញ្ញា បានបញ្ជាក់ថា៖ “Thailand enters this conciliation in good faith, fully mindful of the provisions of UNCLOS…”។ មានន័យថា «ថៃ ចូលរួមក្នុងដំណើរការ ផ្សះផ្សាដោយសុឆន្ទៈ និងដោយយល់ដឹងពេញលេញអំពីបទប្បញ្ញត្តិរបស់ UNCLOS»។
ក្នុងសេចក្តីថ្លែងការណ៍ដដែលលើកឡើងថា គោលបំណងគឺឈានទៅរកដំណោះស្រាយ ដែលអាចចរចាបាន និងមានភាពសមធម៌លើការកំណត់ព្រំដែនសមុទ្រ។ ដូច្នេះភាគីថៃ បានសង្កត់ធ្ងន់លើការកំណត់ព្រំដែនសមុទ្រ ជាចំណុចផ្តោតសំខាន់នៃដំណើរការផ្សះផ្សា។ ចំណែកបញ្ហាការអភិវឌ្ឍ ឬការចែករំលែកធនធានរួមគ្នា គឺជាបញ្ហាដែលភាគីអាចពិភាក្សាបន្តតាមលំដាប់លំដោយ និងនៅក្នុងក្របខណ្ឌដែលភាគីព្រមព្រៀងគ្នា។
បើនិយាយឱ្យច្បាស់ គឺភាពខុសគ្នារវាងកម្ពុជានិងថៃ នៅក្នុងដំណើរការ UNCLOS មិនមែនស្ថិត នៅត្រង់ថា ភាគីណាមួយចង់ដោះស្រាយដោយសន្តិវិធី ហើយមានភាគីណាមួយមិនចង់នោះទេ។ ភាគី ទាំងពីរសុទ្ធតែយក UNCLOS និងការចរចាដោយសន្តិវិធីជាក្របខណ្ឌ។ ប៉ុន្តែភាពខុសគ្នា គឺស្ថិតនៅត្រង់ថា កម្ពុជាចង់រកផ្លូវដែលអាចនាំទៅរកដំណោះស្រាយទាំងមូល ហើយបើការកំណត់ព្រំដែនចុង ក្រោយមិនទាន់អាចសម្រេចបាន ក៏អាចមានការរៀបចំបណ្តោះអាសន្នសម្រាប់ការអភិវឌ្ឍ និងចែករំលែកធនធាន។ ចំណែកភាគីថៃវិញ គឺផ្តោតលើគោលការណ៍ថា ត្រូវកំណត់ព្រំដែនសមុទ្រឱ្យបានច្បាស់ជាមុនសិន ហើយបន្ទាប់មក ទើបពិភាក្សាអំពីការប្រើប្រាស់ ឬចែករំលែកធនធានតាមការព្រមព្រៀង។ ដូច្នេះបញ្ហាសំខាន់នៅដំណាក់កាលបន្ទាប់ គឺមិនមែនត្រឹមតែថា ភាគីទាំងពីរយល់ព្រមលើ UNCLOS ឬអត់ទេ ប៉ុន្តែគឺថា តើអាចរកចំណុចប្រសព្វរវាង «កំណត់ព្រំដែនជាមុន» និង «រៀបចំដំណោះស្រាយបណ្តោះអាសន្ន ខណៈរង់ចាំព្រំដែនចុងក្រោយ» បានដែរឬទេ។
* តើ UNCLOS អាចផ្តល់អ្វីខ្លះ?
UNCLOS ផ្តល់ក្របខណ្ឌច្បាប់អន្តរជាតិ សម្រាប់កំណត់សិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋឆ្នេរសមុទ្រ ព្រមទាំងកំណត់គោលការណ៍ និងនីតិវិធីសម្រាប់ការកំណត់ព្រំដែនសមុទ្រ និងការដោះស្រាយវិវាទតាមច្បាប់អន្តរជាតិ។ សម្រាប់ Exclusive Economic Zone (EEZ) មាត្រា៧៤ ចែងថា៖ «ការកំណត់ព្រំដែនរវាងរដ្ឋ ដែលមានឆ្នេរទល់មុខ ឬជាប់គ្នា ត្រូវធ្វើតាមកិច្ចព្រមព្រៀង ដោយផ្អែកលើច្បាប់អន្តរជាតិ និងមានគោលដៅឈានទៅរក «ដំណោះស្រាយប្រកបដោយសមធម៌»។ ប្រសិនបើមិនអាចឈានដល់កិច្ចព្រមព្រៀងក្នុងរយៈពេលសមស្រប ភាគីត្រូវប្រើនីតិវិធីដោះស្រាយជម្លោះដែលមានចែងក្នុង UNCLOS។
សម្រាប់ Continental shelf មាត្រា៨៣ មានគោលការណ៍ស្រដៀងគ្នា គឺការកំណត់ព្រំដែន ត្រូវធ្វើតាមកិច្ចព្រមព្រៀង ដោយផ្អែកលើច្បាប់អន្តរជាតិ ដើម្បីឈានទៅរកដំណោះស្រាយប្រកបដោយ សមធម៌។ ខណៈរង់ចាំកិច្ចព្រមព្រៀងចុងក្រោយ ភាគីត្រូវខិតខំស្វែងរកការរៀបចំបណ្តោះអាសន្ន ដែលមានលក្ខណៈអនុវត្តបាន ហើយមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយឡើយ។ ចំណុចនេះមានសារៈសំខាន់សម្រាប់ការយល់ដឹងរបស់សាធារណជន៖ UNCLOS ផ្តល់ក្របខណ្ឌ ច្បាប់ គោលការណ៍ និងនីតិវិធី ប៉ុន្តែមិនគូសបន្ទាត់ព្រំដែនជាក់លាក់មួយដោយស្វ័យប្រវត្តិសម្រាប់ គ្រប់ករណីនោះទេ។
* ហេតុអ្វីបានជា UNCLOS មិនកំណត់បន្ទាត់តែមួយសម្រាប់គ្រប់ករណី?
ជាញឹកញាប់មានការយល់ថា បញ្ហាកំណត់ព្រំដែនសមុទ្រ អាចដោះស្រាយដោយគ្រាន់តែគូស បន្ទាត់កណ្តាលរវាងប្រទេសពីរ។ ប៉ុន្តែការយល់បែបនេះ មិនអាចយកមកអនុវត្តដោយស្វ័យប្រវត្តិចំពោះ EEZ និង continental shelf គ្រប់ករណីទាំងអស់បានទេ។
- មាត្រា៧៤ និង៨៣ របស់ UNCLOS មិនបានចែងថា បន្ទាត់កណ្តាលត្រូវអនុវត្តដោយស្វ័យប្រវត្តិចំពោះការកំណត់ EEZ ឬ continental shelf ទេ។ គោលដៅរបស់វា គឺស្វែងរកការព្រមព្រៀងគ្នា និងដំណោះស្រាយដែលមានភាពសមធម៌។
- មាត្រា៧៤ និងមាត្រា៨៣ របស់ UNCLOS ផ្តោតលើការស្វែងរក «ដំណោះស្រាយប្រកបដោយ សមធម៌» ហើយមិនបានចែងថា បន្ទាត់កណ្តាលត្រូវអនុវត្តដោយស្វ័យប្រវត្តិក្នុងគ្រប់ករណីនោះទេ។ ទោះជាយ៉ាងណាក្នុងការអនុវត្តជាក់ស្តែង តុលាការ និងតុលាការអន្តរជាតិបានអភិវឌ្ឍវិធីសាស្ត្រ equidistance/relevant circumstances ដែលជាវិធីសាស្ត្រដែលត្រូវបានទទួលស្គាល់យ៉ាងទូលំ ទូលាយក្នុងច្បាប់ស្តីពីការកំណត់ព្រំដែនសមុទ្រ។
ជាទូទៅ វិធីសាស្ត្រនេះអាចចាប់ផ្តើមពីការគូស provisional equidistance line ឬបន្ទាត់សមមូលបឋម បន្ទាប់មកពិនិត្យថា តើមាន relevant circumstances ឬកត្តាភូមិសាស្ត្រពាក់ព័ន្ធ ដែលតម្រូវឱ្យកែសម្រួលបន្ទាត់នោះ ដើម្បីឈានទៅរកលទ្ធផលប្រកបដោយសមធម៌ឬទេ។ ដំណាក់កាលចុងក្រោយ ក៏អាចពិនិត្យថា លទ្ធផលមានភាពមិនសមាមាត្រយ៉ាងខ្លាំងឬទេ។
ដូច្នេះការកំណត់ព្រំដែនសមុទ្រមិនមែនជាការអនុវត្តរូបមន្តគណិតវិទ្យាតែមួយ ដោយមិនបាន ពិចារណាបរិបទនៃករណីនីមួយៗនោះទេ។ ទម្រង់ឆ្នេរ ទីតាំងភូមិសាស្ត្រ កោះ និងកត្តាពាក់ព័ន្ធផ្សេងៗ គឺមានសារៈសំខាន់ក្នុងការវាយតម្លៃថា តើការកំណត់ព្រំដែនបែបណាអាចនាំទៅរកដំណោះស្រាយ ប្រកបដោយសមធម៌។ ITLOS ក៏បានបញ្ជាក់ថា ឥទ្ធិពលរបស់កោះក្នុងការកំណត់ព្រំដែន អាស្រ័យលើ ស្ថានភាពភូមិសាស្ត្រ និងកាលៈទេសៈជាក់លាក់នៃករណីនីមួយៗ ហើយមិនមានច្បាប់ទូទៅតែមួយ សម្រាប់គ្រប់កោះនោះទេ។
* ដូច្នេះ UNCLOS អាចផ្តល់អ្វីខ្លះ?
និយាយឱ្យងាយ UNCLOS អាចផ្តល់យ៉ាងហោចណាស់ ៤ចំណុចសំខាន់៖
ទី១. ផ្តល់ក្របខណ្ឌច្បាប់ វាកំណត់សិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋ ហើយកំណត់គោលការណ៍ ដែលភាគីត្រូវយកមកអនុវត្ត។
ទី២. ផ្តល់គោលការណ៍សម្រាប់ការកំណត់ព្រំដែន ជាពិសេសគោលដៅនៃការស្វែងរកដំណោះ ស្រាយប្រកបដោយសមធម៌ តាមមាត្រា ៧៤ និង ៨៣។
ទី៣. ផ្តល់ផ្លូវសម្រាប់ការរៀបចំបណ្តោះអាសន្ន ខណៈរង់ចាំកិច្ចព្រមព្រៀងចុងក្រោយ ភាគីត្រូវ ខិតខំស្វែងរកការរៀបចំបណ្តោះអាសន្នដែលអាចអនុវត្តបាន ដោយមិនប៉ះពាល់ដល់ការឈានទៅរកការកំណត់ព្រំដែនចុងក្រោយ។
ទី៤. ផ្តល់យន្តការដោះស្រាយវិវាទ នៅពេលការចរចាមិនអាចស្វែងរកកិច្ចព្រមព្រៀងបានទេ UNCLOS មានយន្តការដោះស្រាយវិវាទជាច្រើនប្រភេទ។ ប៉ុន្តែការអនុវត្តយន្តការនីមួយៗ អាស្រ័យលើលក្ខខណ្ឌនៃ UNCLOS និងជំហររបស់រដ្ឋពាក់ព័ន្ធ រួមទាំងការកក់សិទ្ធិ ឬការលើកលែងដែលរដ្ឋ អាចបានធ្វើតាមមាត្រា២៩៨។
ហេតុនេះហើយ ការកំណត់ព្រំដែនសមុទ្រត្រូវការទាំងច្បាប់ ការទូត ការចរចា ភូមិសាស្ត្រ និង ជំនាញបច្ចេកទេស។ UNCLOS ផ្តល់ «ច្បាប់នៃការប្រកួត» និងផ្លូវច្បាប់សម្រាប់ដោះស្រាយ ប៉ុន្តែ បន្ទាត់ព្រំដែនចុងក្រោយក្នុងវិវាទជាក់លាក់មួយ មិនកើតឡើងដោយស្វ័យប្រវត្តិពីពាក្យ “UNCLOS” នោះទេ។ វាត្រូវការការអនុវត្តច្បាប់លើភូមិសាស្ត្រជាក់ស្តែង និងការស្វែងរកកិច្ចព្រមព្រៀងរវាងភាគី។
គេអាចនិយាយបានម្យ៉ាងទៀតថា UNCLOS មិនមែនជាខ្មៅដៃ ដែលគូសបន្ទាត់ព្រំដែនឱ្យប្រទេសពីរដោយស្វ័យប្រវត្តិនោះទេ។ វាជាក្របខណ្ឌច្បាប់ ដែលប្រាប់ថា តើភាគីត្រូវចរចាយ៉ាងដូចម្តេច? តើត្រូវស្វែងរកលទ្ធផលបែបណា? និងតើត្រូវដោះស្រាយជម្លោះតាមផ្លូវណា? ចំណែកបន្ទាត់ព្រំដែនចុងក្រោយ ត្រូវកើតចេញពីការអនុវត្តច្បាប់ទៅលើភូមិសាស្ត្រជាក់ស្តែង និងការព្រមព្រៀង ឬការដោះស្រាយតាមយន្តការដែលច្បាប់អនុញ្ញាត។
ច្បាប់អាចកំណត់ក្របខណ្ឌ ប៉ុន្តែមនុស្សជាអ្នកធ្វើឱ្យសន្តិភាពកើតឡើង។ នៅទីបំផុត ករណីកម្ពុជា-ថៃ អាចផ្តល់មេរៀនមួយដែលមានតម្លៃលើសពីបញ្ហាព្រំដែនសមុទ្រ។ ច្បាប់អន្តរជាតិមិនអាចធានាថា ជម្លោះនឹងមិនកើតឡើងទេ ហើយ UNCLOS ក៏មិនអាចធានាថា រដ្ឋពីរដែលមានការទាមទារដែនសមុទ្រត្រួតស៊ីគ្នា នឹងអាចឈានដល់ការព្រមព្រៀងលើបន្ទាត់ព្រំដែន មួយក្នុងរយៈពេលខ្លីនោះដែរ។
ប៉ុន្តែអត្ថប្រយោជន៍ដ៏សំខាន់របស់ច្បាប់ គឺការផ្តល់ «ផ្លូវ» សម្រាប់ដោះស្រាយជម្លោះ។ នៅពេល មានក្របខណ្ឌច្បាប់ ភាគីមិនចាំបាច់ពឹងផ្អែកតែលើសម្ពាធ ឬការប្រឈមមុខគ្នាទេ ប៉ុន្តែអាចប្រើនីតិវិធី ដែលបានកំណត់ដើម្បីបន្តការចរចា និងស្វែងរកដំណោះស្រាយដោយសន្តិវិធី។
សន្តិភាព មិនមែនមានន័យថា ភាគីទាំងអស់ត្រូវយល់ស្របគ្នាលើគ្រប់បញ្ហានោះទេ។ ប្រទេសពីរ អាចមានផលប្រយោជន៍ខុសគ្នា អាចមានការបកស្រាយច្បាប់ខុសគ្នា និងអាចមានការទាមទារខុសគ្នា ប៉ុន្តែភាពខុសគ្នាទាំងនោះអាចត្រូវបានគ្រប់គ្រងតាមរយៈច្បាប់ ការទូត និងការចរចា ដោយមិនឱ្យវា ឈានទៅរកការប្រើកម្លាំង។
ក្នុងន័យនេះ ការចូលរួមក្នុងដំណើរការផ្សះផ្សាក្រោម UNCLOS មិនគួរត្រូវបានមើលថាជាការ សន្យាថា ជម្លោះនឹងត្រូវបញ្ចប់ភ្លាមៗនោះទេ។ វាគួរត្រូវបានយល់ថា ជាការបង្កើតក្របខណ្ឌ និងនីតិវិធីមួយ ដែលអនុញ្ញាតឱ្យភាគីទាំងពីរបង្ហាញជំហរ ពិភាក្សាភាពខុសគ្នា និងស្វែងរកមូលដ្ឋានសម្រាប់ការ ចរចាបន្ត។
នៅទីបំផុត មេរៀនសំខាន់គឺ សន្តិភាពមិនមែនកើតឡើងដោយសារមានច្បាប់តែមួយមុខទេ។ ច្បាប់អាចប្រាប់ថា តើជម្លោះគួរត្រូវបានដោះស្រាយតាមផ្លូវណា ប៉ុន្តែការជ្រើសរើសដើរតាមផ្លូវនោះ និងការឈានទៅរកការសម្របសម្រួល នៅតែអាស្រ័យយ៉ាងសំខាន់លើការសម្រេចចិត្តរបស់មនុស្ស និងរដ្ឋ៕





