* ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក លឹម ប៊ុនហុក អំពាវនាវដល់ថ្នាក់ដឹកនាំ គាំទ្រគំនិតរៀបចំ «សំណេរអង្គរ» លើកទី៥ នៅជុំវិញវិមានឯករាជ្យ (Video inside)

19-09-2026 15:45

(ភ្នំពេញ)៖ លោក លឹម ប៊ុនហុក ស្ថាបនិកកម្មវិធី «សំណេរអង្គរ» បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល ពិនិត្យ និងគាំទ្រគំនិតរបស់ក្រុមការងារ ក្នុងការរៀបចំកម្មវិធី «សំណេរអង្គរ» លើកទី៥ នៅជុំវិញវិមានឯករាជ្យ រាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៨ ប្រសិនបើមានការឯកភាព និងអនុញ្ញាតពីថ្នាក់ដឹកនាំ។

ការអំពាវនាវនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំកម្មវិធី «សំណេរអង្គរ» លើកទី៤ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។

លោក លឹម ប៊ុនហុក បានលើកឡើងយ៉ាងដូច្នេះថា «យើងចង់ធ្វើការប្រកួតសរសេរតាមអានដែលហៅថា សំណេរអង្គរនេះ នៅរាជធានីភ្នំពេញ នៅឆ្នាំ២០២៨ មានន័យថាលើកទី៥ ហើយសង្ឃឹមថា សូមអធ្យាស្រ័យទុកជាមុន ប្រសិនបើថ្នាក់ដឹកនាំ ឬរាជរដ្ឋាភិបាលលឺហើយ គឺគំនិតហ្នឹងគឺចង់រៀបចំឡើងនៅជុំវិញវិមានឯករាជ្យតែម្ដង […] ប៉ុន្តែយើងនៅមានគំនិតមួយទៀតគឺនៅស្ទះចរាចរណ៍»។

បើតាមការលើកឡើងរបស់ លោក លឹម ប៊ុនហុក, បន្ទាប់ពីការរៀបចំកម្មវិធី «សំណេរអង្គរ» បានចំនួន៣លើក ក្រុមការងារបានពិចារណា និងគិតគូរអំពីទីតាំងសម្រាប់រៀបចំកម្មវិធីលើកទី៥ ដោយមានគោលបំណងបើកឱកាសឱ្យប្រជាពលរដ្ឋមកពីគ្រប់រាជធានី-ខេត្ត អាចចូលរួមបានកាន់តែច្រើន។

លោកបានបញ្ជាក់ថា ក្រុមការងារមានគំនិតចង់រៀបចំកម្មវិធី «សំណេរអង្គរ» លើកទី៥ នៅជុំវិញវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ ដោយសារទីតាំងនេះអាចផ្ទុកអ្នកចូលរួមបានច្រើន និងជាទីតាំងសំខាន់មួយនៅកណ្តាលរាជធានី។ លោកទទួលស្គាល់ថា ការរៀបចំកម្មវិធីនៅតំបន់ជុំវិញវិមានឯករាជ្យ អាចមានភាពស្មុគស្មាញ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាចរាចរណ៍ ប៉ុន្តែក្រុមការងារបានគិតគូរពីបញ្ហាទាំងនេះផងដែរ។

យ៉ាងណាក្ដី ស្ថាបនិកកម្មវិធី «សំណេរអង្គរ» បានបន្តថា ប្រសិនបើថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលពិនិត្យឃើញ និងគាំទ្រគំនិតនេះ ក្រុមការងារនឹងខិតខំរៀបចំកម្មវិធីលើកទី៥ នៅជុំវិញវិមានឯករាជ្យ ដើម្បីឲ្យព្រឹត្តិការណ៍នេះក្លាយជាកម្មវិធីដែលមានការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋខ្មែរ។

លោកបានបន្ថែមថា ការរៀបចំ «សំណេរអង្គរ» នៅរាជធានីភ្នំពេញ ក៏មានគោលបំណងបង្ហាញទៅកាន់សាធារណជន និងបរទេសថា ប្រជាពលរដ្ឋខ្មែរមានការរួបរួមគ្នា ក្នុងការលើកកម្ពស់អក្សរខ្មែរ វប្បធម៌ និងអត្តសញ្ញាណជាតិ ព្រមទាំងបង្កើតបរិយាកាសនៃការចូលរួម និងការគាំទ្រពីមហាជនកាន់តែទូលំទូលាយ។

សូមជម្រាបថា «សំណេរអង្គរ» គឺជាកម្មវិធីប្រកួតសរសេរតាមអានអក្សរខ្មែរ ដោយបើកឱកាសឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ អាចចូលរួមប្រកួតដោយមិនប្រកាន់អាយុ ភេទ ជាតិ សាសន៍ ឬតួនាទី ដើម្បីជ្រើសរើសជ័យលាភីដែលអាចសរសេរពាក្យខ្មែរបានត្រឹមត្រូវជាងគេ។

កម្មវិធី «សំណេរអង្គរ» ឬកម្មវិធីប្រកួតសរសេរតាមអានថ្នាក់ជាតិ ត្រូវបានរៀបចំលើកទី១ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ លើកទី២ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ និងលើកទី៣ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅស្ពានហាលមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

កម្មវិធីលើកទី១ មានបេក្ខជនចូលរួមចំនួន៧០០នាក់ ខណៈលើកទី២ មានបេក្ខជនចំនួន៨១៥នាក់ និងលើកទី៣ មានបេក្ខជនចូលរួមរហូតដល់១,៨៦០អង្គ/នាក់ មកពី២៥រាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា៕