មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ ៨ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូណេស៉ី សម្រេចបាន ៩៣៥លានដុល្លារ
21-09-2026 15:20
(ភ្នំពេញ)៖ លោក កឹម ស៉ីថន រដ្ឋលេខាធិការប្រចាំការនៃក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ៨ខែ ឆ្នាំ២០២៦នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌូណេស៉ី សម្រេចបាន ៩៣៥លានដុល្លារអាមេរិក។
លោកលើកឡើងបែបនេះ ក្នុងឱកាសលោក និងលោក Krishnajie Partadireja ភារធារីស្តីទី នៃស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ី រួមគ្នាបើកព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ស្ថានទូតស្តីពីការផ្សព្វផ្សាយពាណិជ្ជកម្ម និង ទេសចរណ៍ ដែលមានឈ្មោះថា «សួស្តី ឥណ្ឌូណេស៊ី ២០២៦» នៅសាល L នៃ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (DICEC) ចាប់ពីថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២៦។
លោករដ្ឋលេខាធិការប្រចាំការនៃក្រសួងពាណិជ្ជកម្មកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះព្រឹត្តិការណ៍នេះ ដោយបង្ហាញពីសុទិដ្ឋិនិយមថា នឹងផ្តល់ឱកាសដើម្បី ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ក៏ដូចជាការបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលមានសក្តានុពល ប៉ុន្តែមិនទាន់ត្រូវបានទាញយកមកប្រើប្រាស់ឱ្យអស់លទ្ធភាព។
លោក កឹម ស៉ីថន បានឲ្យដឹងថា ឥណ្ឌូណេស៊ីជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជាក្នុងតំបន់។ នៅឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងកម្ពុជានិងឥណ្ឌូណេស៊ីបានលើសពី ១ពាន់លានដុល្លារអាមេរិកជាលើកដំបូង ហើយបន្តលើសពីតួលេខនេះទៀតនៅឆ្នាំ២០២៥។
លោកបានបញ្ជាក់ថា «គួរកត់សម្គាល់ថា ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មសរុបរបស់យើងបានកើនឡើងដល់ ៩៣៥លានដុល្លារអាមេរិក ដែលជាការកើនឡើងប្រមាណ ៣៣%។ នេះបង្ហាញយ៉ាងច្បាស់ថា នៅឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបនឹងបន្តកើនឡើង ដែលជាសក្ខីភាពដ៏រឹងមាំនៃភាពធន់សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ និងឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង រួមទាំងយន្តការដូចជាពិព័រណ៍ថ្ងៃនេះផងដែរ»។
«សួស្តី ឥណ្ឌូណេស៊ី ២០២៦» មានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃក្រសួងពាក់ព័ន្ធ សាលារាជធានីភ្នំពេញ ឯកអគ្គរដ្ឋទូត អ្នកជំនាញ និង ថ្នាក់ដឹកនាំសមាគមធុរកិច្ចក្នុងស្រុក។ នៅក្នុងសុន្ទរកថា លោកភារធារីធារីស្តីទីនៃស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ី បានលើកឡើងថា ព្រឹត្តិការណ៍នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងការយល់ ដឹងរបស់ទីផ្សារកម្ពុជាឱ្យកាន់តែច្បាស់លាស់អំពីផលិតផល ម៉ាកយីហោ និងគុណភាពរបស់ឥណ្ឌូណេស៊ី។
លោកបានសង្កត់ធ្ងន់ថា៖ «ទោះបីជាផលិតផលឥណ្ឌូណេស៊ីជាច្រើនត្រូវបានទទួលយកយ៉ាងល្អនៅក្នុងប្រទេសកម្ពុជាក៏ ក៏នៅមានផលិតផលដែលមានគុណភាពខ្ពស់ផ្សេងទៀតដែលមិនទាន់ត្រូវបានគេស្គាល់ទូលំទូលាយពី ដោយសំណាក់អ្នកប្រើប្រាស់កម្ពុជា»។
«សួស្តី ឥណ្ឌូណេស៊ី ២០២៦» នៅតែជាព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មដ៏ធំបំផុតសម្រាប់ផលិតផលឥណ្ឌូណេស៊ីនៅក្នុងប្រទេសកម្ពុជា។ នៅឆ្នាំនេះ ពិព័រណ៍រយៈពេលពីរថ្ងៃនេះ មានគោលបំណងទាញយកឱកាសដើម្បីផ្សព្វផ្សាយ
ផលិតផលឥណ្ឌូណេស៊ីទាំងផលិតផលដែលមានស្រាប់ និងផលិតផលថ្មីៗឱ្យកាន់តែទូលំទូលាយនៅក្នុងទីផ្សារកម្ពុជា។ ក្នុងចំណោមអ្នកតាំងពិព័រណ៍ ចំនួន ៣១ក្រុមហ៊ុន មាន ២៨ក្រុមហ៊ុន ជាអ្នកចែកចាយក្នុងស្រុកសម្រាប់ ផលិតផលឥណ្ឌូណេស៊ីជាច្រើនប្រភេទ ដូចជា អាហារ និងភេសជ្ជៈ ឱសថ ផលិតផលថែរក្សាសុខភាព និងសម្រស់ សេវាកម្មបដិសណ្ឋារកិច្ច ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងម៉ូដសម្លៀកបំពាក់។
ក្រៅពីការសម្រួលដល់ការជួបជុំ និងទំនាក់ទំនងរវាងធុរជន និងធុរជន (B2B) ព្រឹត្តិការណ៍ «សួស្តី ឥណ្ឌូណេស៊ី ២០២៦» ក៏បាននាំមកនូវការសម្តែងសិល្បៈវប្បធម៌ឥណ្ឌូណេស៊ីដ៏រស់រវើកពីមជ្ឈមណ្ឌលវប្បធម៌ឥណ្ឌូណេស៊ី។
លោកភារធារីស្តីទី ក៏បានបញ្ជាក់ផងដែរថា កម្មវិធី «សួស្តី ឥណ្ឌូណេស៊ី ២០២៦» គឺជាផ្នែកមួយនៃកិច្ចការការទូតផ្នែកសេដ្ឋកិច្ច ដែលទទួលបានការគាំទ្រពីកម្មវិធីផ្សេងៗទៀត។ កម្មវិធីនេះរួមបញ្ចូលទាំងការសម្របសម្រួលដល់គណៈប្រតិភូធុរ កិច្ចកម្ពុជា ដើម្បីចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្ម «Trade Expo Indonesia» លើកទី៤១ ដែលនឹងប្រព្រឹត្តទៅនៅខែតុលា ឆ្នាំ២០២៦។
ការរៀបចំកម្មវិធី «សួស្តី ឥណ្ឌូណេស៊ី ២០២៦» ឱ្យទទួលបានជោគជ័យនេះ គឺទទួលបានការគាំទ្រពីក្រុមហ៊ុន Smart Axiata ក្នុងនាមជាដៃគូសំខាន់ ព្រមទាំងការចូលរួមចំណែកដ៏មានតម្លៃពីក្រុមហ៊ុន Talik AVL, Kalbe, AirAsia Cambodia, Kekean Group, សណ្ឋាគារ Arjuna Solitaire និងសណ្ឋាគារ Sun & Moon Riverside។
សូមជម្រាបថា ការនាំចេញរបស់ឥណ្ឌូណេស៊ីមកកាន់កម្ពុជា បានកើនឡើង ៣០% ខណៈដែលការនាំចេញរបស់កម្ពុជាទៅកាន់ឥណ្ឌូណេស៊ីមានកំណើនគួរឱ្យកត់សម្គាល់រហូតដល់ ៥៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ បច្ចុប្បន្ន ទំហំពាណិជ្ជកម្មបានកើនឡើងដល់ ៩៣៥ លានដុល្លារអាមេរិក ដែលខ្វះតែ ៦៥ លានដុល្លារប៉ុណ្ណោះ នឹងឈានដល់កម្រិត ១ ពាន់លានដុល្លារអាមេរិក ដែលជាគោលដៅថ្មីមួយសម្រាប់ពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ៕









