សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បន្តសហការជាមួយបណ្ដាសាកលវិទ្យាល័យមួយចំនួន និងអង្គការនៅប្រទេសកូរ៉េ តំណាងទូតប្រទេសបង់ក្លាដេស និងក្រុមហ៊ុនក្នុងស្រុក
21-09-2026 15:58
(កណ្ដាល)៖ សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី (សសបគ/SBKU) នាពលកន្លងទៅថ្មីៗនេះ បានធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) កម្រិតប្រវត្តិសាស្ត្រ ជាមួយតំណាងស្ថានទូតសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស និងក្រុមហ៊ុន សូហ្វីយ៉ា កម្ពុជា ត្រាវែល អេន ធួរ (Sophiya Cambodia Travel & Tour), អង្គការ Good Hands នៅប្រទេសកូរ៉េ, សាកលវិទ្យាល័យ Korea National University of Transportation, សាកលវិទ្យាល័យ Sookmyung Women's University និង វិទ្យាស្ថាន EduTech AI Center ក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីលើវិស័យអាទិភាពធំៗគឺ ការអប់រំ ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ ការផ្ដល់ជំនួយនានា ការផ្លាស់ប្ដូរសមណនិស្សិត និស្សិតទៅរៀនវគ្គខ្លីនៅកូរ៉េជាដើម។
សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា, ព្រះស្ថាបនិក និងជាព្រះសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានថេរដីការថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីពាក់ព័ន្ធបានប្តេជ្ញាចិត្តរួមគ្នាក្នុងការអនុវត្តផែនការសកម្មភាពសំខាន់ៗ ដូចខាងក្រោម៖
១៖ វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស៖ ជំរុញការផ្លាស់ប្តូរបទពិសោធន៍សិក្សា ការផ្តល់អាហាររូបករណ៍ ការពង្រឹងសមត្ថភាពនិស្សិត និងការបង្កើតឱកាសការងារផ្ទាល់ សម្រាប់និស្សិតនៃសាកលវិទ្យាល័យ SBKU
២៖ វិស័យទេសចរណ៍ និងវប្បធម៌៖ រៀបចំកម្មវិធីរួមគ្នាក្នុងការផ្សព្វផ្សាយតំបន់ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមក ដើម្បីលើកកម្ពស់ទំនាក់ទំនង និងការយល់ដឹងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។
សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា មានដីកាបន្ថែមថា ព្រឹត្តិការណ៍នេះត្រូវបានគេមើលឃើញថា ជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយ ក្នុងការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-បង់ក្លាដែស ដោយមានការរួមបញ្ចូលគ្នារវាងគ្រឹះស្ថានឧត្តមសិក្សា តំណាងការទូត និងវិស័យឯកជន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
សម្ដចបានមានសង្ឃដីការបន្ថែមថា សម្ដេចបានបានជួបជាមួយអង្គការហ្គូដហ៊ែន ពិភាក្សាការងារស្ដីពី ការបង្កើតកម្មវិធីសិក្សាភាសាកូរ៉េនៅថ្នាក់បឋម អនុវិទ្យាល័យ និងវិទ្យាល័យ អង្គការជាអ្នកផ្ដល់សៀវភៅគោលសិក្សា ដែលសម្រេចបានសមិទ្ធផលដូចខាងក្រោម៖
១៖ អង្គការបន្តជួយឧបត្ថម្ភក៍ថវិការរៀងរាល់១ឆមាសម្ដង ឬ២ដងក្នុង១ឆ្នាំ
២៖ អង្គការជួយឧបត្ថម្ភ ថវិកាជាវកុំព្យូទ័រ ធ្វើជាមជ្ឍមណ្ឌល IT នៅSBKU
៣៖ អង្គការឧបត្ថម្ភថវិការជាវ smart whiteboard បំពាក់នៅក្នុងថ្នាក់រៀននៅSBKU និងបានឧបត្ថម្ភថវិការសុទ្ធចំនួន ១០,០០០$។
សម្ដេចបន្តថា សម្រាប់កិច្ចសហការជាមួយសាកលវិទ្យាល័យ Korea National University of Transportation វិញ សម្រេចបានដូចជា៖
១៖ បានចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីផ្លាស់ប្ដូរនិស្សិត ការចល័តនិស្សិត ផ្លាស់ប្ដូរសាស្រ្តាចារ្យ អ្នកជំនាញ និងបទពិសោធន៍
២៖ បានចុះអនុស្សរណៈជាមួយវិទ្យាស្ថាន EduTech AI Center ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ រួមគ្នាបញ្ចូលកម្មវិធីសិក្សា លើជំនាញ AI and Robotic នៅSBKU
៣៖ បង្កើតកម្មវិធីសិក្សាទ្វេគុណវុឌ្ឍិ 2+2 និង 3+1
៤៖ បង្កើតមុខជំនាញភាសាកូរ៉េ (ថ្នាក់បរិញ្ញាបត្រ) នៅSBKU
៥៖ ផ្ដល់អាហារូបករណ៍ ដល់និស្សិត SBKU 100% (និស្សិតឆ្នើម)
៦៖ KNUT ផ្ដល់ការងារជូននិស្សិត SBKU បន្ទាប់ពីបានបញ្ចប់ការសិក្សា
៧៖ លក្ខខណ្ឌចូលរៀន ត្រូវចេះភាសាអង់គ្លេស និងភាសាកូរ៉េ។
សម្ដេចបានមានដីកាបន្ថែមទៀតថា សម្រាប់សមិទ្ធផលចំពោះកិច្ចជាមួយសាកលវិទ្យាល័យ Sookmyung Women's University គឺ ៖ បានចុះនុស្សរណៈនៃការយោគយល់គ្នា ដើម្បីផ្លាស់ប្ដូរនិស្សិត ការចល័តនិស្សិត ផ្លាស់ប្ដូរសាស្រ្តាចារ្យ អ្នកជំនាញ និងបទពិសោធន៍ មានដូចខាងក្រោម៖
១៖ បញ្ចូលកម្មវិធីសិក្សារួមគ្នា លើមុខជំនាញ សហគ្រិនភាព និងភាពជាអ្នកដឹកនាំ (Interprenuership and Leadership)
២៖ លក្ខខណ្ឌ យកតែនិស្សិតភេទស្រី
៣៖ ស្នើសុំអារូបករណ៍សិក្សាលើកម្មវិធីសិក្សា 2+2 និង 3+1៕






















































