រដ្ឋសភា បានសម្រេចសុពលភាពនៃអាណត្តិតំណាងរាស្ត្រថ្មីមណ្ឌលខេត្តតាកែវ និងបានអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួន៤ (Video inside)
21-09-2026 16:20
(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ រដ្ឋសភា បានសម្រេចសុពលភាពនៃអាណត្តិតំណាងរាស្ត្រថ្មីមណ្ឌលខេត្តតាកែវ និងបានអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួន៤។
ការអនុម័តនេះ បានធ្វើឡើងនៅសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៧ ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។
នៅក្នុងកិច្ចប្រជុំពេញអង្គ រដ្ឋសភាបានសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា មាន លោក សុខ ផេង ជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ជំនួស លោក ច័ន្ទ សារុន ដែលបានទទួលមរណភាព។
ក្រៅពីនេះ រដ្ឋសភាក៏បានពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនបួន ដែលមានសារៈសំខាន់ក្នុងការលើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋ តាមរយៈការពង្រឹងការអនុវត្តច្បាប់ ពិសេសការពង្រឹងការគ្រប់គ្រងនិងការប្រកបវិជ្ជាជីវៈមេធាវីនៅកម្ពុជា និងការលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ បង្កើនកិច្ចសហប្រតិបត្តិការក្នុងនិងក្រៅតំបន់ ធានាការពារសុខសន្តិភាព និងស្ថិរភាពសង្គម ប្រកបដោយចីរភាព។ សេចក្តីព្រាងច្បាប់ទាំង៤ ដែលរដ្ឋសភាបានអនុម័តនាថ្ងៃនេះ មាន៖
១- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសេប៊ូធ្វើវិសោធនកម្មធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ សេចក្តីព្រាងច្បាប់នេះ មានចំនួនបីមាត្រា ដែលនឹងផ្តល់នូវអត្ថប្រយោជន៍ចម្បងសំខាន់ៗ ដូចជាការលើកកម្ពស់កិត្យានុភាពកម្ពុជា ក្នុងនាមជាសមាជិកដ៏សកម្មមួយរបស់អាស៊ាន ក្នុងការធ្វើឱ្យសមាហរណកម្មតំបន់អាស៊ីអាគ្នេយ៍កាន់តែពេញលេញ ដោយការបញ្ចូលប្រទេសទីម័រឡេស្តេ ជារដ្ឋសមាជិកពេញសិទ្ធិនៃអាស៊ាន អនុលោមតាមគោលបំណង គោលការណ៍ សិទ្ធិ និងកាតព្វកិច្ចដូចមានចែងក្នុងធម្មនុញ្ញអាស៊ាន។
២- សេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់សមាជិកនៃសន្និសីទស្តីពីអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី។ សេចក្តីព្រាងច្បាប់នេះ មានចំនួនបីមាត្រា នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា ពិសេសការលើកកម្ពស់កិត្យានុភាពនៅលើឆាកអន្តរជាតិ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងការលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់និងសកលលោក។
៣- សេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ីស្ដីពីការការពារពលរដ្ឋទៅវិញទៅមកក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ។ សេចក្តីព្រាងច្បាប់នេះ មានចំនួនបីមាត្រា រៀបចំឡើងក្នុងការលើកកម្ពស់កម្រិតកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងព្រះរាជាណាចក្រកម្ពុជានិងសហព័ន្ធរុស្ស៊ី ក្នុងពេលបំពេញមុខងារផ្លូវច្បាប់ ឬក្នុងពេលមានវត្តមាននៅក្នុងដែនដីនៃរដ្ឋភាគីណាមួយ ស្របតាមអនុសញ្ញាទីក្រុងវីយ៉ែនស្តីពីទំនាក់ទំនងការទូតឆ្នាំ១៩៦១។
៤- សេចក្ដីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី មានបួនមាត្រា ដែលចែងអំពីការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវីចំនួន២៩មាត្រា។
សេចក្តីព្រាងច្បាប់ខាងលើនេះ មានគោលបំណងក្នុងការពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពនៃវិជ្ជាជីវៈមេធាវី ក្នុងនោះមានការរឹតបន្តឹងនូវលក្ខខណ្ឌនៃការចូលរួមប្រកបវិជ្ជាជីវៈមេធាវី ទាំងលើការធានាឱ្យមេធាវីមានសិទ្ធិពេញលេញក្នុងការធ្វើជាតំណាង ឬការពារកូនក្តីជូនប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ ឬជនដែលច្បាប់តម្រូវជាកាតព្វកិច្ចឱ្យមានមេធាវី ការពារក្តីហើយដែលពុំមានលទ្ធភាពក្នុងការពឹងពាក់មេធាវីដោយខ្លួនឯង។
បន្ថែមពីនេះ សេចក្តីព្រាងច្បាប់នេះក៏នឹងជួយពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកនាំនិងគ្រប់គ្រងគណៈមេធាវី តាមរយៈការកែសម្រួលនូវអាណត្តិរបស់ប្រធានគណៈមេធាវី និងសមាជិកក្រុមប្រឹក្សាគណៈមេធាវី ព្រមទាំងការបំពេញបន្ថែមនូវបទប្បញ្ញត្តិមួយចំនួនដើម្បីធានានិរន្តរភាពនៃការដឹកនាំនិងការគ្រប់គ្រងគណៈមេធាវី សំដៅលើកកម្ពស់គុណភាពនៃការផ្តល់សេវាកម្មផ្នែកច្បាប់ និងបង្កើនជំនឿទុកចិត្តពីសាធារណជនលើវិជ្ជាជីវៈមេធាវី ព្រមទាំងលើកកម្ពស់ការការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងសង្គមនីតិរដ្ឋ ស្របតាមទិសដៅនៃការកែទម្រង់ច្បាប់ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់កម្ពុជា៕














