គប់គិតនាំពលករឆ្លងដែនទៅថៃខុសច្បាប់ និងរារាំងសមត្ថកិច្ចពេលចុះប្រតិបត្តិការ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ខ្លួន ៣នាក់
21-09-2026 16:42
(បន្ទាយមានជ័យ)៖ កាលពីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋករណីនាំមនុស្សឆ្លងដែនខុសច្បាប់នៅចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ភ្លាមៗនោះកម្លាំងកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការ បានចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនពលករចំនួន៣នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃខុសច្បាប់ រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីអប់រំណែនាំ ធ្វើកិច្ចសន្យាឱ្យវិលត្រឡប់ទៅលំនៅឋានវិញ។
រហូតដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញ ក៏បានបន្តស្រាវជ្រាវរកមេខ្យល់ដែលបាននាំពលករខាងលើមានឈ្មោះ ស៊ីម វាសនា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តែពេលចុះដល់ទីតាំង ក៏ត្រូវក្រុមគ្រួសារជនសង្ស័យធ្វើការរារាំង ថែមទាំងបានប្រទូសសារាយជាមួយកម្លាំងថែមទៀតផង ធ្វើឱ្យជនសង្ស័យមានពេលរត់គេចខ្លួន ដោយបានចុះហែលទឹកអូរព្រំដែនកម្ពុជា-ថៃ តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានចំនួន៤នាក់ជាបន្តបន្ទាប់។
ជនសង្ស័យទាំង៤នាក់ រួមមាន៖
*ទី១៖ ឈ្មោះ ធុយ សារ័ត្ន អាយុ៦៦ឆ្នាំ
*ទី២៖ ឈ្មោះ ស៊ីម រស្មី ភេទស្រី អាយុ២៦ឆ្នាំ
*ទី៣៖ ឈ្មោះ ស៊ីម ដា អាយុ៣៨ឆ្នាំ។ ជនសង្ស័យទាំង៣នាក់ខាងលើ មានទីលំនៅចំណុចកើតហេតុខាងលើ។
*ទី៤៖ ឈ្មោះ ឌី វណ្ណរ៉ូ អាយុ១៨ឆ្នាំ រស់នៅភូមិអញ្ចាញ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីផ្សំគំនិតនាំមនុស្សឆ្លងដែនដោយខុសច្បាប់ និងប្រឆាំងនឹងអ្នករាជការសាធារណៈ។
បន្ទាប់ពីឃាត់ខ្លួនបាន សមត្ថកិច្ចនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀន រកឃើញវិជ្ជមាន (+) ចំនួន០២នាក់ គឺ១. ឈ្មោះ ស៉ីម ដា អាយុ៣៨ឆ្នាំ និង២.ឈ្មោះ ឌី វណ្ណរ៉ូ អាយុ១៨ឆ្នាំ។
ក្រោយពីបានសួរនាំជនសង្ស័យឈ្មោះ ធុយ សារ័ត្ន អាយុ៦៦ឆ្នាំ ពុំពាក់ព័ន្ធបទល្មើសនោះទេ។ ដោយយោងតាមបទបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានអនុញ្ញាតឱ្យឈ្មោះ ធុយ សារ័ត្ន វិលត្រឡប់ទៅលំនៅឋានវិញ។
ចំណែកជនសង្ស័យទាំង៣នាក់ខាងលើ ការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅបញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការតាមនីតិវិធីបន្ត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ក្រោយកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សកងរាជអាវុធហត្ថខេត្តសួរនាំរួចហើយ កម្លាំងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕




