កាស៊ីណូ «Golden Galaxy» អតីតមជ្ឈមណ្ឌល Scam Compound នៅកណ្តាលក្រុងបាវិត ជាទីតាំងសម្ងំលាក់ខ្លួនក្លែងធ្វើមន្ត្រីបរទេសប្រព្រឹត្តបទល្មើស Online Scam (Video inside)
21-09-2026 17:04
(ស្វាយរៀង)៖ អគារកាស៊ីណូឈ្មោះ «Golden Galaxy» ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជាអតីតមជ្ឈមណ្ឌល Scam Compound នៅកណ្តាលក្រុងបាវិត, ត្រូវសមត្ថកិច្ចបង្ក្រាប និងបិទឃ្លុំទាំងស្រុង នៅក្នុងរង្វង់ប្រតិបត្តិការកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។
អគារនេះមានម្ចាស់ទីតាំងជាជនជាតិចិនមានឈ្មោះ ហុង ស៊ីងជឺ ហើយមានជនជាតិវៀតណាម ២នាក់ ដែលបានជួលបន្ត និងយកទៅរៀបចំ ប្រព្រឹត្តបទល្មើស Online Scam រួមមាន៖ ឈ្មោះ ឡេ វ៉ាន់ង្វៀន និងឈ្មោះ ង្វៀន វ៉ាន់វិញ។
នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមេក្លោង ៣នាក់ បញ្ជូនទៅតុលាការ និងត្រូវបានឃុំខ្លួនដាក់ពន្ធនាគារ ហើយរកឃើញជនបរទេសជាង ២០០នាក់ រួមមាន៖ ចិន ២៥នាក់ វៀតណាម ១៨២ កូរ៉េខាងត្បូង ៨នាក់ និងបង់ក្លាដែស ៦០នាក់ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្តេញចេញពីកម្ពុជា។
បើតាមលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ថា អគារកាស៊ីណូមានផ្ទៃដីជាង ៥ហិកតា មានកម្ពស់៧ជាន់ ដែលមានជាង៧០០បន្ទប់។
លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានឱ្យដឹងថា កាស៊ីណូនេះ ត្រូវបានអាជ្ញាធរចុះបង្រា្កបនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដោយមានជនជាតិកូរ៉េ ជាម្ចាស់ទីតាំង ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញមានជនបរទេស២៤៤នាក់ មាន៤សញ្ជាតិ (ចិន វៀតណាម កូរ៉េខាងត្បូង និងបង់ក្លាដេស) សម្ងំលាក់ខ្លួនធ្វើប្រតិបត្តិការបទល្មើសឆបោកតាមអនឡាញ ក្រោមរូបភាពក្លែងជាមន្ត្រីរាជការបរទេស។
លោក ប៉េង ពោធិ៍សា ម្ចាស់កាស៊ីណូនេះជាជនជាតិកូរ៉េ ដោយអាជ្ញាធរចាប់ខ្លួនបានជាមួយមេក្លោងចំនួន ២នាក់ទៀត។ បច្ចុប្បន្ន ទីតាំងនេះត្រូវបានអាជ្ញាធរគ្រប់គ្រងទាំងស្រុងដោយកាត់ផ្តាច់ប្រព័ន្ធទឹក ភ្លើង អ៉ីនធឺណិត ខណៈអាជ្ញាធរកំពុងតាមចាប់ខ្លួនជនពាក់ព័ន្ធ។
ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដោយដកហូតកុំព្យួរទ័រ និងទូរស័ព្ទសរុបជាង ៦០០គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀត។ ខេត្តស្វាយរៀង មានកាស៊ីណូចំនួន២៨ ក្នុងមាន៣កាស៊ីណូ ត្រូវបានអាជ្ញាធរបិទទាំងស្រុង ខណៈកំពុងរៀបចំនីតិវិធីបិទកាស៊ីណូ១កន្លែងទៀតដែលពាក់ព័ន្ធឧក្រិដ្ឋកម្មឆ្លងដែននេះ។
គួរឱ្យដឹងថា នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ អ្នកយកព័ត៌មានជាតិ និងអន្តរជាតិជិត ៤០អង្គភាព រួមទាំងបណ្តាញព័ត៌មាន Fresh News ផងនោះ បានធ្វើដំណើរទៅដល់កាស៊ីណូមួយទៀតនៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ។
សម្រាប់ថ្ងៃទី២១ ខែកញ្ញានេះ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពី ៣៩អង្គភាព បានចុះយកព័ត៌មានអតីតទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ស្ថិតនៅមជ្ឈមណ្ឌលពាណិជ្ជម៉ឺនជ័យ ឬ 8 Park ក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
ពិធីនេះរៀបចំដោយលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងមានការសម្របសម្រួល ដឹកនាំដោយក្រសួងព័ត៌មាន។
ការចុះយកព័ត៌មានរបស់អ្នកព័ត៌មានមកពីស្ថាប័នជាតិ និងអន្តរជាតិដ៏ច្រេីននេះ គឺមុនកម្ពុជាធ្វើម្ចាស់ផ្ទះក្នុងការរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវ៉ាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្គេមអនឡាញ» ដោយមានការចូលរួមពីតំណាងបណ្តាប្រទេសជាង ២០ និងអង្គការអន្តរជាតិធំៗចំនួន ៣ផងដែរ។
សូមបញ្ជាក់ថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការស៊ើបអង្កេតលើទីតាំងសង្ស័យបានជាង ៨៣០កន្លែង និងបានចុះបង្ក្រាបជាក់ស្តែងចំនួន ៦៦៣ទីតាំង ក្នុងនោះបានគ្រប់គ្រង និងកម្ទេចទីតាំងអនឡាញស្កែមទ្រង់ទ្រាយធំបានរហូតដល់ ៨៦កន្លែង និងបានបណ្តេញចេញមុខសញ្ញាជនសង្ស័យជាជនបរទេសជាង ២ម៉ឺនាក់។
នៅក្នុងចំណោមទីតាំងដែលបានបើកប្រតិបត្តិការទាំងនោះ មានទីតាំង Online Scam ទ្រង់ទ្រាយធំចំនួន ៨៦កន្លែង ដែលអាចនិយាថាទីតាំង Online Scam ទ្រង់ទ្រាយធំ ត្រូវបានគ្រប់គ្រង និងកម្ទេចទាំងស្រុង។
កម្ពុជាបានចាត់ទុកថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) គឺជាបញ្ហាប្រឈមធ្ងន់ធ្ងរ ហើយកម្ពុជាខ្លួនឯងក៏ជាអ្នករងគ្រោះពីឧក្រិដ្ឋកម្មឆ្លងដែននេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយកម្ពុជាបាននឹងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រឆាំង និងបង្ក្រាបបទល្មើសនេះឱ្យដល់ឫសគល់ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានានៅលើពិភពលោក រួមមាន ប្រទេសចិន អាមេរិក កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព។
អាជ្ញាធរកម្ពុជា នៅតែបន្តបេសកកម្មប្រយុទ្ធប្រឆាំងបទល្មើស Online Scam ដែលបានប្រែក្លាយពីទ្រង់ទ្រាយធំ ទៅជាប្រតិបត្តិការតូចៗ និងមានលក្ខណៈបែកខ្ញែក។ ចំពោះការបង្ក្រាបក្រុមជនល្មើស Online Scam នៅតែបន្តដូចភ្លៀងរលឹម ដោយសមត្ថកិច្ចត្រូវបន្តស៊ើបអង្កេត តាមដាន និងបង្ក្រាបសកម្មភាពឆបោកជាប្រចាំ ដើម្បីទប់ស្កាត់ការបង្កើតបណ្តាញថ្មី និងការផ្លាស់ប្តូរទម្រង់ប្រតិបត្តិការរបស់បណ្តាញដែលមានស្រាប់។
ការបង្ក្រាបក្នុងប្រទេសត្រូវបានភ្ជាប់ជាមួយកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយសារបទល្មើស Online Scam មានលក្ខណៈឆ្លងដែន និងអាចពាក់ព័ន្ធនឹងជនរងគ្រោះ ជនសង្ស័យ បណ្តាញហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដែលស្ថិតនៅក្នុងប្រទេសផ្សេងៗគ្នា៕













































