បណ្ឌិត ព្រុំ ទេវី៖ ស្មារតីពហិការខ្មែរយើងម្នាក់ៗ ត្រូវតែឈប់ទិញទំនិញថៃ បើមិនឈប់នោះសហគ្រាសធុនមីក្រូ តូច និងមធ្យម នឹងនៅតែមិនងាយរីកចម្រើនឡើយ (Video inside)
21-09-2026 17:23
(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានលើកឡើងថា បើទំនិញថៃនៅតែមាននៅកម្ពុជានោះ ការជួយសហគ្រាសធុនមីក្រូ តូច និងមធ្យម នឹងនៅតែមិនងាយរីកចម្រើនឡើយ។
លោកស្រីបានលើកឡើងទៀតថា ទំនិញថៃខ្លះ កម្ពុជាអាចផលិតបាន ក្នុងកម្រិតសហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយមិនត្រូវការគ្រឿងចក្រធុនធំអ្វីឡើយ។ បើគ្មានទំនិញថៃបែបនេះ វានឹងជួយបើកច្រកឲ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម មានផ្លូវដើរមិនខានឡើយ។
រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ស្ដីពីការបង្កើតគណៈកម្មាធិការដឹកនាំអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលស្ថិតនៅក្រោមឆត្រនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការដឹកនាំការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសមីក្រូ តូច និងមធ្យម មានភារកិច្ចមួយចំនួនដែលត្រូវអនុវត្តន៍ រួមមាន អនុម័តសូចនាករសមិទ្ធកម្មគន្លឹះ និងដឹកនាំការងារត្រួតពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យមឆ្នាំ២០២៦-២០៣០។ បន្ថែមពីនេះ ត្រូវដឹកនាំ សម្របសម្រួល និងដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ និងបញ្ហាផ្សេងៗដែលមាលក្ខណៈអន្តរស្ថាប័ន ដើម្បីអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម។
លោកស្រីបណ្ឌិត បានកោតសរសើររាជរដ្ឋាភិបាលចំពោះយន្តការនេះ ហើយលោកស្រីក៏បានចាត់ទុកថា ការតាំងបង្ហាញផលិតផលក្នុងស្រុក សុទ្ធតែជាការរួមចំណែកនាំឲ្យប្រជាពលរដ្ឋបានស្គាល់ និងជួយទិញ។
លោកស្រីបណ្ឌិត បានបន្ថែមទៀតថា យោងតាមស្មារតីពហិការ ខ្មែរយើងម្នាក់ៗត្រូវតែឈប់ទិញទំនិញថៃ ប៉ុន្តែបើយើងអត់ស្មារតីនេះ វាក៏ជាបញ្ហាមួយដែរ។ ទន្ទឹមនេះ សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅក្នុងស្រុក ត្រូវតែផលិតផលិតផលដែលមានគុណភាព និងត្រឹមត្រូវ ដែលវាជាកត្តាមួយនាំឲ្យអ្នកទិញ កាន់តែឈប់ប្រើប្រាស់ទំនិញថៃ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា «ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ គ្រប់មុខទំនិញទាំងអស់ ដែលនាំចូល ឆ្លងកាត់ព្រំដែនគោក គឺជាទំនិញខុសច្បាប់ ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ»៕




