Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន? (Video inside)
21-09-2026 17:50
(ភ្នំពេញ)៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ៧៨រូប មកពី៣៩ស្ថាប័ន បានចុះពិនិត្យដោយផ្ទាល់ អតីតទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា 8 Park ក្នុងខេត្តព្រៃវែង ដែលធ្លាប់មានជនបរទេសធ្វើការជិត ២ម៉ឺននាក់។ អាជ្ញាធរបានរកឃើញថា ទីតាំងនេះពាក់ព័ន្ធនឹងក្រុមហ៊ុន Prince Group ក្នុងការស៊ើបអង្កេតលើមេខ្លោងឆបោកឈ្មោះ Chen Zhi។
ប៉ុន្តែ ការបិទទីតាំងឆបោកដ៏ធំមួយ តើមានន័យថា បណ្តាញ Online Scams នៅពីក្រោយវា ត្រូវបានកាត់ផ្តាច់ហើយឬនៅ?
សូមតាមដានអត្ថបទស៊ីជម្រៅរបស់ Fresh Exclusive៖
អគារអាចស្ថិតនៅកម្ពុជា។ ជនសង្ស័យ អាចធ្វើការនៅកម្ពុជា។ ប៉ុន្តែជនរងគ្រោះអាចនៅអាមេរិក អឺរ៉ុប អាស៊ី ឬទ្វីបផ្សេងទៀត។ ប្រាក់ដែលឆបោកបាន អាចឆ្លងកាត់ធនាគារ គណនីអន្តរការី និងទ្រព្យឌីជីថលនៅប្រទេសជាច្រើន ខណៈមេបណ្តាញដែលបញ្ជាប្រតិបត្តិការ អាចមិនស្ថិតនៅកម្ពុជាឡើយ។ នេះជាបញ្ហាប្រឈមធំមួយនៃការប្រយុទ្ធប្រឆាំង Online Scams៖ ទីតាំងអាចស្ថិតនៅប្រទេសមួយ ប៉ុន្តែបណ្តាញឧក្រិដ្ឋកម្មអាចលាតសន្ធឹងឆ្លងកាត់ប្រទេសជាច្រើន។
ហេតុនេះ ការបង្ក្រាបទីតាំងឆបោក 8 Park ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ក្នុងប្រទេសកម្ពុ ជា ទោះជាជំហានសំខាន់មួយ ក៏មិនមានន័យថា បណ្តាញឧក្រិដ្ឋកម្មនៅពីក្រោយ Online Scams ត្រូវបានកាត់ផ្តាច់ទាំងស្រុងនោះទេ។
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ៧៨រូប មកពី៣៩ស្ថាប័ន បានចុះពិនិត្យអតីតទីតាំង Online Scams នៅមជ្ឈមណ្ឌលពាណិជ្ជកម្មម៉ឺនជ័យ ឬ 8 Park ក្នុងខេត្តព្រៃវែងនោះ។
ការបើកទីតាំងនេះឱ្យអ្នកសារព័ត៌មានពិនិត្យដោយផ្ទាល់ កើតឡើងត្រឹមពីរថ្ងៃមុនកម្ពុជាធ្វើជាម្ចាស់ផ្ទះ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) នៅថ្ងៃទី២៣–២៤ ខែកញ្ញា។ សន្និសីទនេះផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែន រវាងរដ្ឋាភិបាល អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់ វិស័យហិរញ្ញវត្ថុ និងក្រុមហ៊ុនបច្ចេកវិទ្យា។
សំណួរធំគឺ៖ បើកម្ពុជាអាចបិទទីតាំងឆបោកនៅក្នុងទឹកដីរបស់ខ្លួនបាន ហេតុអ្វីកម្ពុជានៅតែត្រូវការកិច្ចសហប្រតិបត្តិការពីពិភពលោក ដើម្បីកាត់ផ្តាច់ Online Scams?
*8 Park គ្រាន់តែជាផ្នែកមួយនៃរូបភាពធំ
តាមតួលេខរបស់អាជ្ញាធរកម្ពុជា ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ចុងខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចបានពិនិត្យទីតាំងសង្ស័យចំនួន ៨៣២កន្លែង និងបង្ក្រាបជាក់ស្តែង ៦៦៣ទីតាំង។ ក្នុងនោះ មជ្ឈមណ្ឌល Online Scams ទ្រង់ទ្រាយធំចំនួន ៨៦កន្លែង ត្រូវបានគ្រប់គ្រង និងកម្ទេច។ អាជ្ញាធរ ក៏បានបង្កកប្រាក់ក្នុងគណនីធនាគារជាង ៣០០លានដុល្លារ និងបញ្ជូនសំណុំរឿង ៤៤៦ករណី ដែលពាក់ព័ន្ធនឹងជនត្រូវចោទ ៣,៩២៧នាក់ ទៅតុលាការ។
ប៉ុន្តែ ការបង្ក្រាបមជ្ឈមណ្ឌលធំៗ មិនបានធ្វើឱ្យ Online Scams បាត់ទៅភ្លាមៗទេ។ អាជ្ញាធរកម្ពុជានិយាយថា ប្រតិបត្តិការមួយចំនួនបានប្តូរពីការប្រមូលផ្តុំនៅទីតាំងធំៗ ទៅជាក្រុមតូចៗ និងបែកខ្ញែក ដោយលាក់ខ្លួនតាមបន្ទប់ជួល ផ្ទះសំណាក់ ខុនដូ ផ្ទះ យានយន្ត និងហាងកាហ្វេ។
ការប្រែប្រួលនេះបង្ហាញពីបញ្ហាសំខាន់មួយ៖ ការបិទទីតាំង មិនស្មើនឹងការកាត់ផ្តាច់បណ្តាញទេ។ ទីតាំងមួយ អាចត្រូវបិទ ប៉ុន្តែមនុស្ស លុយ និងបច្ចេកវិទ្យា ដែលភ្ជាប់បណ្តាញនៅពីក្រោយ អាចផ្លាស់ទី និងបង្កើតប្រតិបត្តិការឡើងវិញនៅកន្លែងផ្សេង។
ហេតុនេះ ការប្រយុទ្ធប្រឆាំង Online Scams ត្រូវផ្លាស់ពីការតាមរក “ទីតាំង” ទៅការតាមរក “បណ្តាញ”។
*អគារនៅប្រទេសមួយ ប៉ុន្តែបណ្តាញអាចនៅច្រើនប្រទេស
Online Scams សម័យថ្មី មិនមែនជាឧក្រិដ្ឋកម្ម ដែលចាប់ផ្តើម និងបញ្ចប់នៅទីតាំងតែមួយនោះទេ។ ប៉ូលីសអន្តរជាតិ INTERPOL បានព្រមានក្នុងរបាយការណ៍ Global Financial Fraud Threat Assessment 2026 ថា ការឆបោកផ្នែកហិរញ្ញវត្ថុ បានក្លាយជាឧក្រិដ្ឋកម្មឆ្លងដែនមួយដែលមានការវិវត្តយ៉ាងលឿន។ បណ្តាញទាំងនេះកាន់តែមានទំនាក់ទំនងឆ្លងប្រទេស និងអាចភ្ជាប់ជាមួយឧក្រិដ្ឋកម្មរៀបចំជាប្រព័ន្ធ ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ការសម្អាតប្រាក់ និងការជួញដូរមនុស្ស។
INTERPOL ក៏បានរកឃើញថា មជ្ឈមណ្ឌលឆបោកដែលធ្លាប់ប្រមូលផ្តុំខ្លាំងនៅអាស៊ីអាគ្នេយ៍ បានរីករាលដាលទៅតំបន់ផ្សេងៗនៃពិភពលោក។ គិតត្រឹមចុងឆ្នាំ២០២៥ ជនរងគ្រោះនៃការជួញដូរមនុស្សពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឆបោកទាំងនេះ មានជិត ៨០សញ្ជាតិ ខណៈមជ្ឈមណ្ឌលប្រភេទនេះក៏ត្រូវបានរាយការណ៍នៅមជ្ឈិមបូព៌ា អាមេរិកកណ្ដាល និងអាហ្វ្រិកខាងលិចផងដែរ។
នេះបង្ហាញថា ការតាមរកតែមជ្ឈមណ្ឌលឆបោក «Scam Centre នៅឯណា?» មិនទាន់គ្រប់គ្រាន់ទេ។ ការស៊ើបអង្កេត ត្រូវបន្តទៅរកសំណួរធំៗនៅពីក្រោយទីតាំងនោះ៖ តើអ្នកណាជាអ្នកបញ្ជាបណ្តាញ? ជនរងគ្រោះនៅឯណា? ប្រាក់ដែលឆបោកបានត្រូវបញ្ជូនទៅណា? អ្នកណាផ្គត់ផ្គង់បច្ចេកវិទ្យា? ហើយអ្នកណាជាអ្នកសម្អាតប្រាក់?
ព្រោះអគារអាចស្ថិតនៅប្រទេសមួយ ប៉ុន្តែមនុស្ស លុយ បច្ចេកវិទ្យា និងមេបណ្តាញ អាចលាតសន្ធឹងឆ្លងកាត់ប្រទេសជាច្រើន។
*ចាប់មនុស្សបាន តែមិនប្រាកដថា ចាប់បាន “មេបណ្តាញ”
ការបង្ក្រាបមជ្ឈមណ្ឌលមួយ អាចឃាត់ខ្លួនអ្នកប្រតិបត្តិការ ដកហូតកុំព្យូទ័រ និងបិទទីតាំងបាន។ ប៉ុន្តែប៉ូលីសអន្តរជាតិ INTERPOL ព្រមានថា ទោះបីមជ្ឈមណ្ឌលឆបោក scam centres ត្រូវបានបិទជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏អ្នកដឹកនាំបណ្តាញនៅពីក្រោយ នៅតែពិបាកកំណត់អត្តសញ្ញាណ ព្រោះពួកគេអាចប្រើអន្តរការី និងក្រុមហ៊ុនបាំងមុខ (shell companies) ដើម្បីលាក់អត្តសញ្ញាណ។ នេះហើយជាភាពខុសគ្នារវាង “បិទទីតាំង” និង “កាត់ផ្តាច់បណ្តាញ”។ ការបិទទីតាំង គឺបញ្ឈប់កន្លែងដែលប្រតិបត្តិការកំពុងដំណើរការ។ ប៉ុន្តែការកាត់ផ្តាច់បណ្តាញ ត្រូវតាមទៅដល់មេបញ្ជា លំហូរហិរញ្ញវត្ថុ បណ្តាញជ្រើសរើសមនុស្ស ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងអ្នកសម្អាតប្រាក់ ដែលអាចស្ថិតនៅប្រទេសផ្សេងៗគ្នា។
ដូច្នេះ ការចាប់អ្នកប្រតិបត្តិការបាន អាចបញ្ឈប់មជ្ឈមណ្ឌល Scam Centre មួយតែប៉ុណ្ណោះ—ប៉ុន្តែការចាប់ដល់មេបណ្តាញ ទើបអាចវាយទៅលើប្រព័ន្ធ ដែលធ្វើឱ្យមជ្ឈមណ្ឌល Scam Centre ថ្មីអាចកើតឡើងវិញ។
បើចង់រកមេបណ្តាញ ត្រូវតានដានការធ្វើដំណើររបស់លុយ
គោលដៅចុងក្រោយរបស់ Online Scams គឺ ប្រាក់។ ដូច្នេះ បើចង់វាយទៅដល់ឫសគល់នៃបណ្តាញឧក្រិដ្ឋកម្ម ការស៊ើបអង្កេតមិនអាចឈប់ត្រឹមការតាមរកមនុស្សទេ—ត្រូវ តាមដានផ្លូវដែលប្រាក់ធ្វើដំណើរ ឬជាភាសាអង់គ្លេសថា “Follow the Money”។
បញ្ហាគឺ ប្រាក់ដែលឆបោកបាន មិនចាំបាច់ស្ថិតនៅប្រទេសដែលបទល្មើសកើតឡើងឡើយ។ ប្រាក់ទាំងនោះអាចត្រូវបំបែក និងផ្ទេរឆ្លងកាត់គណនីធនាគារជាច្រើន ឬឆ្លងកាត់ គណនីអន្តរការី (money mules) ប្រព័ន្ធទូទាត់ និងទ្រព្យឌីជីថល មុនពេលទៅដល់អ្នកដែលគ្រប់គ្រងបណ្តាញ។
ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ FATF បានរាយការណ៍នៅខែកុម្ភៈ ឆ្នាំ២០២៦ ថា ក្នុងចំណោមដែនសមត្ថកិច្ច ដែលខ្លួនបានវាយតម្លៃ មាន ១៥៦ដែនសមត្ថកិច្ច ឬប្រមាណ៩០% បានចាត់ទុកការឆបោកថា ជាហានិភ័យសំខាន់មួយដែលពាក់ព័ន្ធនឹងការសម្អាតប្រាក់។ តួលេខនេះបង្ហាញថា បញ្ហាឆបោក និងលំហូរប្រាក់ខុសច្បាប់ មិនមែនជាបញ្ហារបស់កម្ពុជា ឬអាស៊ីអាគ្នេយ៍តែប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាដែលប្រទេសជាច្រើនកំពុងប្រឈម។
ហេតុនេះ កម្ពុជាអាចបិទទីតាំង ឃាត់ខ្លួនជនសង្ស័យ និងបង្កកប្រាក់ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន។ ប៉ុន្តែបើប្រាក់ត្រូវបានផ្ទេរទៅគណនីធនាគារ ឬកាបូបលុយឌីជីថលនៅក្រៅប្រទេស ការតាមរក ការបង្កក និងការដកហូតប្រាក់ទាំងនោះ ត្រូវការកិច្ចសហប្រតិបត្តិការពីអាជ្ញាធរ និងស្ថាប័នហិរញ្ញវត្ថុនៅប្រទេសពាក់ព័ន្ធ។
និយាយឱ្យខ្លី៖ មជ្ឈមណ្ឌលឆបោកអាចស្ថិតនៅប្រទេសមួយ ប៉ុន្តែប្រាក់អាចឆ្លងកាត់ប្រទេសជាច្រើន។ ដូច្នេះ បើចង់ទៅដល់មេបណ្តាញ មិនត្រឹមតែតាមមនុស្សទេ—ត្រូវតាមលុយដែលធ្វើដំណើរផងដែរ។
*AI កំពុងក្លាយជាឧបករណ៍ថ្មីរបស់អ្នកឆបោក
បញ្ហា Online Scams កាន់តែស្មុគស្មាញ នៅពេលបច្ចេកវិទ្យា AI ត្រូវបានយកមកប្រើជាឧបករណ៍សម្រាប់ការឆបោក។
INTERPOL រាយការណ៍ថា AI ត្រូវបានប្រើដើម្បីបង្កើតរូបភាព និងប្រវត្តិរូបក្លែងក្លាយ បង្កើត រូបភាព វីដេអូ ឬសំឡេងក្លែងក្លាយដោយ AI (Deepfake) និងជួយពង្រឹង ការឆបោកដោយប្រើវិធីបញ្ឆោតផ្លូវចិត្ត (Social Engineering) ដើម្បីធ្វើឱ្យជនរងគ្រោះជឿទុកចិត្ត ហើយប្រគល់ប្រាក់ ឬព័ត៌មានសំខាន់ៗ។
របាយការណ៍ឆ្នាំ២០២៦ របស់ INTERPOL ក៏ព្រមានថា AI និងឧបករណ៍ឌីជីថលដែលមានតម្លៃកាន់តែថោក អាចជួយឱ្យការឆបោកធ្វើបានក្នុងទ្រង់ទ្រាយកាន់តែធំ លឿន និងមានប្រសិទ្ធភាពជាងមុន។
សម្រាប់បណ្តាញឧក្រិដ្ឋកម្ម នេះមានន័យថា ចម្ងាយ និងទីតាំងរូបវន្ត កាន់តែមិនមែនជាឧបសគ្គ។ អ្នកឆបោកនៅប្រទេសមួយ អាចប្រើបច្ចេកវិទ្យាបន្លំខ្លួនជាមនុស្សនៅប្រទេសទីពីរ បោកជនរងគ្រោះនៅប្រទេសទីបី ហើយផ្ទេរប្រាក់ទៅគណនី ឬទ្រព្យឌីជីថលនៅប្រទេសទីបួន។
ត្រង់នេះហើយជាដែនកំណត់នៃការបង្ក្រាបដោយប្រទេសតែមួយ៖ ឧក្រិដ្ឋកម្មឌីជីថលអាចឆ្លងព្រំដែនក្នុងរយៈពេលប៉ុន្មានវិនាទី ប៉ុន្តែការស៊ើបអង្កេត ការតាមរកប្រាក់ និងការអនុវត្តច្បាប់ ត្រូវឆ្លងកាត់ដែនសមត្ថកិច្ច និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាច្រើន។
*ហេតុអ្វីកម្ពុជាត្រូវការពិភពលោក?
របាយការណ៍ INTERPOL ឆ្នាំ២០២៦ បង្ហាញថា ប្រតិបត្តិការរួមដែលមានការចូលរួមពី ៩៧ប្រទេស និងដែនដី បាននាំទៅដល់ការចាប់ខ្លួនមនុស្ស ៥,៨១១នាក់ រារាំងទ្រព្យខុសច្បាប់ប្រមាណ ២៩៣លានដុល្លារ និងកំណត់អត្តសញ្ញាណជនរងគ្រោះជាង ១៤២,០០០នាក់។
កម្ពុជា អាចបិទ Scam Centre និងអនុវត្តច្បាប់នៅក្នុងទឹកដីរបស់ខ្លួន។ ប៉ុន្តែ អំណាចរបស់រដ្ឋមួយ មានដែនកំណត់នៅព្រំដែន ខណៈបណ្តាញ Online Scams ឆ្លងកាត់ព្រំដែន។
ហេតុនេះ កម្ពុជាត្រូវការកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗ ដើម្បីចែករំលែកព័ត៌មានស៊ើបអង្កេត តាមរកមេបណ្តាញ តាមដាន និងបង្កកប្រាក់ ព្រមទាំងចាប់ខ្លួនជនសង្ស័យដែលស្ថិតនៅក្រៅប្រទេស។ កិច្ចសហការជាមួយធនាគារ ក្រុមហ៊ុនបច្ចេកវិទ្យា និងបណ្តាញសង្គម ក៏មានសារៈសំខាន់ដែរ។
នេះជាបរិបទសំខាន់នៃការរៀបចំ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ICCOS-2026 នៅភ្នំពេញ ដែលផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងបណ្តាញឆបោកឆ្លងដែន។
សេចក្តីសន្និដ្ឋាន៖
ការបង្ក្រាប 8 Park នៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង គឺជាជំហានមួយនៃការប្រយុទ្ធប្រឆាំង Online Scams—មិនមែនជាចុងបញ្ចប់ទេ។
ជំហានដំបូងគឺ បិទទីតាំង។ ជំហានបន្ទាប់ដែលពិបាកជាងនេះ គឺ តាមមនុស្ស តាមលុយ តាមបច្ចេកវិទ្យា និងតាមបណ្តាញឆ្លងដែន។ ព្រោះនៅពេល Scam Centre មួយត្រូវបានបិទ បណ្តាញនៅពីក្រោយអាចផ្លាស់ទី បំបែកខ្លួន ឬបង្កើតប្រតិបត្តិការឡើងវិញ។
ដូច្នេះ ជោគជ័យមិនអាចវាស់ត្រឹមចំនួនទីតាំងដែលត្រូវបានបិទ ឬមនុស្សដែលត្រូវបានចាប់ខ្លួនទេ។ សំណួរសំខាន់គឺ៖ តើមេបណ្តាញត្រូវបានរកឃើញឬទេ? តើលំហូរប្រាក់ខុសច្បាប់ត្រូវបានកាត់ផ្តាច់ឬទេ?
ហេតុនេះ កម្ពុជាអាចបិទទីតាំងនៅក្នុងទឹកដីរបស់ខ្លួន ប៉ុន្តែមិនអាចតែម្នាក់ឯងកាត់ផ្តាច់បណ្តាញដែលលាតសន្ធឹងឆ្លងកាត់ព្រំដែនបានទេ។
ការបិទទីតាំងគឺជាការចាប់ផ្តើម—ការកាត់ផ្តាច់បណ្តាញ ទើបជាគោលដៅចុងក្រោយ៕























