ក្រុមមេធាវីស្លាបប៉ាកកាយុត្តិធម៌ សាខាខេត្តស្ទឹងត្រែង ដាក់សម្ពោធជាផ្លូវការ ដើម្បីចូលរួមចំណែកពង្រឹងយុត្តិធម៌សង្គម
21-09-2026 22:33
(ស្ទឹងត្រែង)៖ ក្រុមមេធាវីស្លាបប៉ាកកាយុត្តិធម៌ សាខាខេត្តស្ទឹងត្រែង ដែលជាសាខាទី៥ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោកមេធាវី ផែន ណាក់ ប្រធានក្រុមមេធាវីស្លាបប៉ាកកាយុត្តិធម៌ (ទូទាំងប្រទេស) ដែលលោកជាស្ថាបនិកដោយផ្ទាល់ នៃការបង្កើតក្រុមមេធាវីទាំង ៥សាខានេះឡើង។
កម្មវិធីនេះ បានប្រព្រឹត្តទៅនៅផ្ទះលេខ៣៦ ផ្លូវជាតិលេខ៧ ភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដោយបានក្លាយជាក្រុមមេធាវីថ្មី និងដំបូងគេបង្អស់ប្រចាំនៅលើទឹកដីខេត្តស្ទឹងត្រែង ភូមិភាគឦសាន។
ការបង្កើតសាខាថ្មីនេះ គឺជាការបោះជំហានទី៥ ដ៏សំខាន់មួយក្នុងវិស័យច្បាប់ ដែលមានគោលបំណងជំរុញការដោះស្រាយវិវាទទាំងក្រៅប្រព័ន្ធតុលាការ និងក្នុងប្រព័ន្ធតុលាការ ព្រមទាំងលើកកម្ពស់នីតិវិធី និងយន្តការដោះស្រាយសំណុំរឿងឱ្យបានឆាប់រហ័ស។ លើសពីនេះ ក្រុមមេធាវីក៏នឹងចូលរួមចំណែកពង្រឹងយុត្តិធម៌សង្គម កាត់បន្ថយចរន្តប្រឆាំង លើកស្ទួយសន្តិភាព និងជួយសម្រួលដល់ការដោះស្រាយវិវាទដល់មូលដ្ឋានផងដែរ។
លោកមេធាវី ផែន ណាក់ និងសហការី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោក សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាត និងជួយជំរុញវិជ្ជាជីវៈមេធាវីចុះដល់មូលដ្ឋាន ដើម្បីរួមចំណែកពង្រឹងយុត្តិធម៌សង្គម និងបង្ខិតប្រព័ន្ធយុត្តិធម៌ឱ្យកាន់តែនៅកៀកបំផុតជាមួយប្រជាជនក្នុងមូលដ្ឋាន។
លោកមេធាវី ផែន ណាក់ ក៏បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពដ៏សម្បូរបែប ចំណេះដឹងដ៏ជ្រៅជ្រះ និងភាពប៉ិនប្រសប់របស់លោកមេធាវី ថាច់ ពេជ្រ ដែលត្រូវបានតែងតាំងជាប្រធានក្រុមមេធាវីស្លាបប៉ាកកាយុត្តិធម៌សាខាខេត្តស្ទឹងត្រែងផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រៅពីមានតួនាទីជាប្រធានក្រុមមេធាវីស្លាបប៉ាកកាយុត្តិធម៌ សាខាខេត្តស្ទឹងត្រែង លោកមេធាវី ថាច់ ពេជ្រ ក៏មានតួនាទីសំខាន់ៗចំនួន ៣ផ្សេងទៀតរួមមាន ៖
១៖ តួនាទីជាប្រធានប្រតិភូគណៈមេធាវីប្រចាំខេត្តស្ទឹងត្រែង
២៖ តួនាទីជាសមាជិកក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហៅកាត់ថា «ក.ច.ស.ធ»
៣៖ តួនាទីជាប្រធានក្រុមមេធាវី ប្រចាំរដ្ឋបាលខេត្តស្ទឹងត្រែង៕












