ប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី ៥,១៩០ក្បាលដី មាន ៧ភូមិ ក្នុងឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ
22-09-2026 13:27
(កំពង់ធំ)៖ ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំកម្មវិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី ៥,១៩០ក្បាលដី ដែលមាន ៧ភូមិ រួមមាន៖ ភូមិពោន ភូមិច្រនាង ភូមិត្រពាំងវែង ភូមិថ្លា ភូមិចាន់ ភូមិកន្ធំ ភូមិអង្គនាង នៃឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងលោក យូ ចាន់ឌី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម ទទួលបន្ទុកអនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពង់ធំ រួមទាំងមានការចូលរួមពីលោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។
នាឱកាសនោះ លោក យូ ចាន់ឌី បានធ្វើការបង្ហាញ និងពន្យល់ណែនាំយ៉ាងលម្អិតអំពីនីតិវិធីនៃការបិទផ្សាយទិន្នន័យជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យដីធ្លី។ ការបិទផ្សាយនេះមានរយៈពេល ១៥ថ្ងៃ ដើម្បីឱ្យម្ចាស់ដី ឬអ្នកពាក់ព័ន្ធទាំងអស់ អញ្ជើញមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី ឈ្មោះ ឈ្មោះប្រពន្ធ/ប្តី ទំហំដី និងព្រំប្រទល់ដីរបស់ខ្លួនឱ្យបានច្បាស់លាស់។
ប្រសិនបើមានការខុសឆ្គង ឬមានទំនាស់ព្រំប្រទល់ណាមួយ ប្រជាពលរដ្ឋអាចដាក់ពាក្យបណ្តឹងតវ៉ា ឬស្នើសុំកែតម្រូវបានក្នុងអំឡុងពេលបិទផ្សាយនេះ ដើម្បីឱ្យក្រុមការងារបច្ចេកទេសធ្វើការដោះស្រាយ និងកែសម្រួលឱ្យបានត្រឹមត្រូវ មុននឹងបញ្ជូនទិន្នន័យទៅថ្នាក់លើដើម្បីចេញប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ជូនជាស្ថាពរ។
នៅក្នុងឱកាសនោះដែរ លោក ហាក់ ម៉ុងហួត អភិបាលស្រុក បានលើកឡើងអំពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមជាមួយលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធានាថាប្រជាពលរដ្ឋទាំងអស់ទទួលបានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ស្របច្បាប់ និងក្លាយជាម្ចាស់កម្មសិទ្ធិលើដីធ្លីពេញសិទ្ធិគ្រប់ៗគ្នា។
ជាមួយគ្នានេះលោកអភិបាលស្រុកតាំងគោក ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារជំនាញចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ព្រមទាំងអាជ្ញាធរដែនដី (អាជ្ញាធរភូមិ-ឃុំ) ដែលបានខិតខំប្រឹងប្រែង និងសម្របសម្រួលបង្កលក្ខណៈងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋនាពេលកន្លងមកផងដែរ៕


























