* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

និយ័តករធានារ៉ាប់រងកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកំពត បើកសិក្ខាសាលាផ្សព្វផ្សាយពីនីតិវិធីទទួល និងដោះស្រាយបណ្តឹងធានារ៉ាប់រង ដើម្បីឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត

22-09-2026 21:31

(កំពត)៖ និយ័តករធានារ៉ាប់រងកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកំពត បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «នីតិវិធីនៃការទទួល និងការដោះស្រាយបណ្តឹងធានារ៉ាប់រង»។ ពិធីនេះប្រព្រឹត្តធ្វើឡើង នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ ខាសលបេវិយូ រីសត និងស្ប៉ា ស្ថិតក្នុងភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។

ការបើកសិក្ខាសាលានេះ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យធានារ៉ាប់រង។ ក្រោមវត្តមានលោកស្រី តាន់ លីនណា អគ្គនាយករង នៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោក ចាន់ ថា អភិបាលរង តំណាងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត។

នាឱកាសនោះ លោក ចាន់ ថា បានឱ្យដឹងថា បច្ចុប្បន្ន ខេត្តកំពតមានសាខាក្រុមហ៊ុនធានារ៉ាប់រងចំនួន២ កំពុងដំណើរការអាជីវកម្ម។ លោកបានលើកទឹកចិត្ត និងស្នើឱ្យនិយ័តករធានារ៉ាប់រងកម្ពុជា ជំរុញឱ្យមានការវិនិយោគ និងការបើកសាខាក្រុមហ៊ុនធានារ៉ាប់រងបន្ថែមទៀតនៅក្នុងខេត្តកំពត។

លោក ចាន់ ថា បានបញ្ជាក់ថា ការពង្រីកវត្តមានក្រុមហ៊ុនធានារ៉ាប់រងនៅក្នុងខេត្ត នឹងរួមចំណែកបង្កើតការងារ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយផ្ទាល់ ព្រមទាំងជួយសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុ និងបង្កើតបរិយាកាសធុរកិច្ច ឱ្យកាន់តែល្អប្រសើរ ដែលអាចចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចខេត្តកំពត។

លោកបានបន្ថែមថា ខេត្តកំពត ក៏កំពុងរៀបចំបង្កើតតំបន់ទេសចរណ៍ និងរមណីយដ្ឋានមួយចំនួនទៀត តាមតំបន់ដែលមានសក្តានុពល ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែច្រើន។ ការអភិវឌ្ឍនេះត្រូវបានរំពឹងថា នឹងបង្កើតការងារ និងឱកាសប្រកបមុខរបរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជួយលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយការធ្វើចំណាកស្រុកផងដែរ។

ថ្លែងក្នុងសិក្ខាសាលា លោកស្រី តាន់ លីនណា បានលើកឡើងថា ទំនុកចិត្ត គឺជាគ្រឹះដ៏សំខាន់បំផុតសម្រាប់វិស័យធានារ៉ាប់រង ព្រោះការមានទំនុកចិត្ត របស់ប្រជាពលរដ្ឋ នឹងជួយឱ្យវិស័យនេះរីកចម្រើន និងអាចផ្តល់ការការពារដល់ប្រជាពលរដ្ឋ ព្រមទាំងជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុ ដែលបង្កឡើងដោយហានិភ័យផ្សេងៗ។

លោកស្រីបានបញ្ជាក់ថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ដើម្បីបង្កើនការយល់ដឹងរបស់សាធារណជនអំពីប្រភេទបណ្តឹង នីតិវិធីនៃការដាក់ពាក្យបណ្តឹង និងតួនាទីរបស់និយ័តករធានារ៉ាប់រងកម្ពុជាក្នុងការជួយដោះស្រាយបញ្ហាពាក់ព័ន្ធ ព្រមទាំងបើកជាវេទិកាពិភាក្សា និងស្រាយបំភ្លឺចម្ងល់នានា ពាក់ព័ន្ធនឹងវិស័យធានារ៉ាប់រង។

លោកស្រីអគ្គនាយករង ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលជួបប្រទះបញ្ហា ឬភាពមិនប្រក្រតី ក្នុងការទាមទារសំណងធានារ៉ាប់រង សូមកុំស្ទាក់ស្ទើរក្នុងការដាក់ពាក្យបណ្តឹង មកកាន់និយ័តករធានារ៉ាប់រងកម្ពុជា។ បន្ថែមពីលើការដាក់ពាក្យដោយផ្ទាល់ ឬតាមគេហទំព័រ និយ័តករធានារ៉ាប់រងកម្ពុជា ក៏បានបង្កើតកម្មវិធីបណ្តឹងតាមទូរសព្ទដៃដែលមានឈ្មោះថា «បណ្តឹងធានារ៉ាប់រង» ដើម្បីផ្តល់ភាពងាយស្រួល និងឆាប់រហ័សជូនប្រជាពលរដ្ឋ។

លោកស្រី តាន់ លីនណា បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក ទីផ្សារធានារ៉ាប់រងកម្ពុជា បានអភិវឌ្ឍ និងវិវត្តជាបន្តបន្ទាប់។ ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០២ ទីផ្សារមានតែក្រុមហ៊ុនធានារ៉ាប់រងរបស់រដ្ឋមួយប៉ុណ្ណោះ។ ចាប់ពីឆ្នាំ២០០៣ មក ទីផ្សារបានពង្រីកជាបន្តបន្ទាប់ ដោយមានវត្តមានក្រុមហ៊ុនធានារ៉ាប់រងទូទៅ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត។

លោកស្រី បន្តថា រហូតមកដល់បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រង ចំនួន៣៩ ដែលទទួលបានអាជ្ញាបណ្ណ និងកំពុងប្រតិបត្តិការអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ផ្អែកលើទិន្នន័យឆ្នាំ២០២៥ ទំហំបុព្វលាភដុលក្នុងវិស័យធានារ៉ាប់រង មានប្រមាណ ៣៦៧ លានដុល្លារអាម៉េរិក ដែលជាកំណើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។ ទោះជាយ៉ាងណា ក្នុងឆ្នាំ២០២៥ វិស័យធានារ៉ាប់រង បានចូលរួមភាគទានក្នុងសេដ្ឋកិច្ចកម្ពុជាប្រមាណ ១.១១% ខណៈដង់ស៊ីតេធានារ៉ាប់រង មានជាង ២០ដុល្លារអាម៉េរិក សម្រាប់មនុស្សម្នាក់ ដែលនៅមានកម្រិតទាបនៅឡើយ បើប្រៀបធៀបនឹងអត្រាភាគទានរបស់ប្រទេសផ្សេងៗក្នុងតំបន់៕