ក្រសួងទេសចរណ៍ ជូនដំណឹងពីការរៀបចំព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» នៅភ្នំពេញ ពីថ្ងៃទី១៣-១៧ ខែវិច្ឆិកា ឆ្នាំ២០២៦
22-09-2026 21:46
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នឹងសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកិច្ចការនារី និងក្រសួង-ស្ថាប័នពាក់ព័ន្ធ រៀបចំព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» (Village de la Francophonie) ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារវត្តបទុមវត្តី រាជធានីភ្នំពេញ ស្របពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០»។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដែល Fresh News ទទួលបាន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារវត្តបទុមវត្តី រាជធានីភ្នំពេញ។
ក្នុងបរិវេណ «ភូមិហ្វ្រង់កូហ្វូនី» នឹងមានការរៀបចំសកម្មភាពសំខាន់ៗ រួមមាន៖
*ទី១៖ ពន្លាជាតិរបស់បណ្តាប្រទេសជាសមាជិកអង្គការហ្វ្រង់កូហ្វូនីអន្តរជាតិ (OIF)។
*ទី២៖ ការសម្តែងសិល្បៈ និងទស្សនីយភាពវប្បធម៌ប្រចាំថ្ងៃ ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងបើកឱកាសឱ្យប្រទេសជាសមាជិកអង្គការហ្វ្រង់កូហ្វូនីចូលរួមសម្តែង។
*ទី៣៖ សន្និសីទ និងសិក្ខាសាលា សម្រាប់ក្រសួង ស្ថាប័នសាធារណៈ ប្រទេសជាសមាជិកអង្គការហ្វ្រង់កូហ្វូនី និងស្ថាប័នពាក់ព័ន្ធ។
*ទី៤៖ ស្តង់ពិព័រណ៍ទូទៅរបស់ស្ថាប័នសាធារណៈ វិស័យឯកជន អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ និងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១០០ស្តង់។
*ទី៥៖ ភូមិអាហារហ្វ្រង់កូហ្វូនី ដែលបើកឱកាសឱ្យមានការតាំងបង្ហាញម្ហូបអាហារខ្មែរ និងម្ហូបអាហាររបស់បណ្តាប្រទេសហ្វ្រង់កូហ្វូនី ព្រមទាំងសកម្មភាពអមជាច្រើនទៀត។
ក្រសួងទេសចរណ៍ សូមអញ្ជើញគ្រប់ភាគីពាក់ព័ន្ធ ចូលរួមព្រឹត្តិការណ៍នេះ តាមរយៈការរៀបចំស្តង់ពិព័រណ៍ ជាពិសេសនៅតំបន់ទី៤ និងទី៥ ដើម្បីតាំងបង្ហាញសមិទ្ធផល ស្នាដៃ ផលិតផល សេវាកម្ម ម្ហូបអាហារ និងសកម្មភាពនានា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦៕








