* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ខេត្តពោធិ៍សាត់ត្រៀមលក្ខណៈ! ទទួលបដិសណ្ឋារកិច្ច សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផ្លូវជាតិលេខ១០»

23-09-2026 10:43

(ពោធិ៍សាត់)៖ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង នៃសាលាខេត្ត, លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំ និងទទួលបដិសណ្ឋារកិច្ចដ៏អធិកអធម ជូន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០ ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខ័ណ្ឌថវិកាជាតិ ដែលគ្រោងនឹងប្រារព្ធធ្វើឡើង ក្នុងពេលឆាប់ៗខាងមុខ។

ផ្លូវជាតិលេខ១០ ដែលមានប្រវែងសរុប១៩៧,៣៦គីឡូម៉ែត្រ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ មកដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានសាងសង់រួចរាល់១០០% និងបានបើកឱ្យប្រជាពលរដ្ឋធ្វើចរាចរណ៍តាំងពីអំឡុងខែឧសភា ឆ្នាំ២០២៥មកម្ល៉េះ។ ខ្សែផ្លូវយុទ្ធសាស្ត្រនេះ មិនត្រឹមតែជារូបវន្តហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «សរសៃឈាមសេដ្ឋកិច្ច» ដ៏មានសក្តានុពលខ្ពស់ ក្នុងការតភ្ជាប់ប៉ូលសេដ្ឋកិច្ច ជំរុញវិស័យទេសចរណ៍ ទាក់ទាញការវិនិយោគ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោក ខូយ រីដា បានដាក់ចេញនូវអនុសាសន៍ និងបទបញ្ជាផ្ទាល់យ៉ាងម៉ឺងម៉ាត់ដល់គ្រប់មន្ទីរ-អង្គភាព និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ឱ្យយកចិត្តទុកដាក់ ពង្រឹងកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធរវាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដើម្បីធានាបានជាដាច់ខាតនូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អឥតខ្ចោះ ជូនថ្នាក់ដឹកនាំកំពូល និងប្រជាពលរដ្ឋដែលនឹងអញ្ជើញចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារ, លោកបានណែនាំបន្ថែម ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ តាមដានក្តាប់ឱ្យបានជាប់ជាប្រចាំ នូវរាល់សភាពការណ៍ និងបាតុភាពផ្សេងៗដែលកើតឡើងក្នុងមូលដ្ឋាន ដើម្បីមានវិធានការអន្តរាគមន៍ដោះស្រាយបានទាន់ពេលវេលា។

លោកអភិបាលខេត្ត បានជំរុញ និងពង្រឹងប្រសិទ្ធភាពនៃការផ្សះផ្សាដោះស្រាយវិវាទនៅមូលដ្ឋាន តាមរយៈយន្តការក្រៅប្រព័ន្ធតុលាការ ឱ្យបានលឿន និងយុត្តិធម៌ជូនប្រជាពលរដ្ឋ ពិសេសត្រូវបន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែរហ័ស តម្លាភាព និងឆ្លើយតបចំតម្រូវការជាក់ស្តែង។

ជាមួយគ្នានោះ ត្រូវសហការគ្នាចុះអប់រំ និងផ្សព្វផ្សាយជាប្រចាំ ដល់សាធារណជន និងអ្នកប្រើប្រាស់ផ្លូវ ឱ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ជាយថាហេតុ។ ចំពោះក្រុមការងារព័ត៌មាន និងអង្គភាពពាក់ព័ន្ធ ត្រូវតាមដានសភាពការណ៍ព័ត៌មាន និងត្រូវឆ្លើយតប បកស្រាយបំភ្លឺជូនសាធារណជនឱ្យបានទាន់ពេលវេលា និងត្រឹមត្រូវ។ លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ និងយុវជនក្នុងការបង្កើនការដាំដុះដើមឈើ និងថែទាំដើមឈើដែលមានស្រាប់ ដើម្បីលម្អបរិស្ថាន បង្កើតម្លប់ និងការពារតុល្យភាពអេកូឡូស៊ី។

មន្ទីរទេសចរណ៍ខេត្ត ត្រូវសហការគ្នាចុះផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ខេត្តពោធិ៍សាត់ ពិសេសតំបន់តាមដងផ្លូវជាតិលេខ១០ ផ្លូវជាតិលេខ៥៥ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកលេងកម្សាន្តកាន់តែច្រើនកុះករ។

រដ្ឋបាលខេត្តពោធិ៍សាត់មានជំនឿយ៉ាងមុតមាំថា ក្រោមស្មារតីសហការ និងការទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងបន្សល់ទុកនូវមោទកភាពយ៉ាងក្រាស់ក្រែល សម្រាប់ខេត្តពោធិ៍សាត់ ក៏ដូចជាប្រទេសជាតិទាំងមូល៕