តំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចេញប្រកាសព័ត៌មានច្រានចោលការចោទប្រកាន់ លើចំណាត់ការម្ចាស់ទីតាំងមួយកន្លែងនៅក្រុងប៉ោយប៉ែត ដែលលួចបើកល្បែងស៊ីសងខុសច្បាប់តាមអនឡាញ
23-09-2026 14:01
(បន្ទាយមានជ័យ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មានដោយច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត តាមបណ្តាញសង្គមពាក់ព័ន្ធលើចំណាត់ការម្ចាស់ទីតាំងមួយកន្លែងនៅក្រុងប៉ោយប៉ែត ដែលលួចបើកល្បែងស៊ីសងខុសច្បាប់តាមអនឡាញ។
ការចេញសេចក្តីប្រកាសព័ត៌មាននេះ បានធ្វើឡើងក្រោយផេក «Pheng Vannak» បានចោទប្រកាន់ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើការចោទប្រកាន់ម្ចាស់ផ្ទះដោយគ្មានកំហុស និងគ្មានភស្តុតាង ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន, អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចាត់ទុកថា ការផ្សាយនេះគ្មានមូលដ្ឋានច្បាស់លាស់ឡើយ។ តំណាងអយ្យការ បានបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងក្រុមការងារទី៤ នៃគ.ប.ឆ.ប ក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការខេត្ត បានចុះត្រួតពិនិត្យទីតាំងផ្ទះមួយកន្លែង (D1111) ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរកឃើញជនសង្ស័យជាជនជាតិខ្មែរចំនួន ៣៥នាក់ (ស្រី១០នាក់) រួមជាមួយវត្ថុតាងជាទូរស័ព្ទ និងកុំព្យូទ័រយួរដៃមួយចំនួនធំ។ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារចម្រុះ ខេត្តបន្ទាយមានជ័យ ដោយមានវត្តមានតំណាងក្រុមការងារលេខាធិការដ្ឋាន គ.ប.ឆ.ប បានឯកភាពគ្នាសម្រេចបើក និងប្រគល់ទីតាំងដែលបានបិទសៀលខាងលើទៅឱ្យឈ្មោះ ហុង សុគន្ធា ភេទស្រី ជាម្ចាស់ទីតាំងវិញ។
តំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ៨៨៦ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ដោយធ្វើការកោះហៅឈ្មោះ ហុង សុគន្ធា ចំនួន២លើក (លើក ទី១ ឱ្យចូលនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ និងលើកទី២ ឱ្យចូលនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦) និងអ្នកពាក់ព័ន្ធឱ្យចូលមកឆ្លើយបំភ្លឺ។
ក្រោយពីបានពិនិត្យសំណុំរឿង ចម្លើយអ្នកពាក់ព័ន្ធ ភស្តុតាង និងឯកសារនានា គឺមានភស្តុតាងគ្រប់គ្រាន់ដែលអាចកំណត់បទល្មើស បើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ ដូច្នេះតំណាងអយ្យការ បានសម្រេចបើកការស៊ើបសួរ លើបុគ្គលឈ្មោះ ហុង សុគន្ធា (តំណាងម្ចាស់ផ្ទះ) ពីបទ «បើកកន្លែងលេងល្បែង ស៊ីសងដោយខុសច្បាប់» ប្រព្រឹត្តនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បទល្មើសមានបញ្ញត្តិ និងផ្តន្ទាទោសតាមមាត កថាខណ្ឌទី១ នៃច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង៕






