* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ៖ កម្ពុជា ប្តេជ្ញាចិត្តមុតមាំណាស់ក្នុងការ​ប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Video inside)

23-09-2026 16:35

(ភ្នំពេញ)៖ លោកស្រី Delphine Schantz អ្នកតំណាងប្រចាំតំបន់នៃការិយាល័យអង្គការ​សហ​ប្រជា​ជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានបង្ហាញការ​មើល​ឃើញរបស់ខ្លួនថា កម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ និងមុតមាំក្នុងការប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធបច្ចេក​វិទ្យា។

ក្នុងបទសម្ភាសន៍ជាមួយ Fresh News ពេលអញ្ជើញចូលរួមពិធីបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធ​ប្រឆាំង​បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកស្រី Delphine Schantz បានលើកបង្ហាញរបាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បាន​សង្កេត​ឃើញ ការខាតបង់ផ្នែកហិរញ្ញវត្ថុនៅតែបន្តកើនឡើង។ របាយ​ការណ៍​នេះ​បានបង្ហាញថា ការខាតបង់​ប្រ​ចាំ​​ឆ្នាំសម្រាប់តំបន់អាស៊ីអាគ្នេយ៍ អាស៊ីបូព៌ា អូស្ត្រាលី និង​នូវែលសេឡង់ មានចំនួន ១១៤ពាន់​លាន​ដុល្លារ​។ នេះជាការកើនឡើងគួរឱ្យកត់សម្គាល់បើធៀប​នឹង​តួលេខ​ឆ្នាំមុន ហើយចំនួនជនរងគ្រោះក៏កាន់តែកើន​ឡើងទាំងក្នុងតំបន់ និងក្រៅតំបន់។

លោកស្រី បានលើកឡើងទៀតថា បញ្ហា និងការគំរាមកំហែង ដោយសារការឆបោកតាមរយៈប្រព័ន្ធបច្ចេក​វិទ្យា មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ​នៅ​ក្នុងបណ្តាប្រទេសទាំងអស់ក្នុងតំបន់ គឺប្រភេទ​ហេដ្ឋារចនាសម្ព័ន្ធអនឡាញខ្នាតតូច ដែលមាន​មនុស្ស​មួយចំនួនទទួលបានជំនាញពីមជ្ឈមណ្ឌលធំៗ។ ឥឡូវនេះ ពួកគេកំពុងប្រើប្រាស់បច្ចេកវិទ្យា រូបិយ​ប័ណ្ណ​គ្រីបតូ និងទូរគមនាគមន៍ ដើម្បីចូលរួមក្នុង​ប្រតិ​បត្តិ​ការខ្នាតតូច ដែលពិបាកក្នុងការបង្ក្រាបណាស់ ព្រោះ​នគរ​បាលត្រូវការព័ត៌មានស៊ើបការណ៍​សម្ងាត់​ត្រឹម​ត្រូវ ដើម្បីកំណត់អត្តសញ្ញាណ​ទីតាំងនៃរចនា​សម្ព័ន្ធ​តូចៗ​ទាំងនោះ។

និយាយដល់ការបង្ក្រាបឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជា​ជាតិរូបនេះ បានកត់សម្គាល់ពីការប្រឹងប្រែង និងប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោកស្រី បានបញ្ជាក់ដូច្នេះ «ខ្ញុំគិតថា ការ​ប្តេជ្ញាចិត្តរបស់កម្ពុជា គឺមានភាពមុតមាំខ្លាំងពីព្រោះកម្ពុជា បាន​យល់ច្បាស់ថា បញ្ហា​នេះ​មិនត្រឹមតែប៉ះពាល់ដល់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់​ប្រទេស​ទាំងអស់នៅក្នុងតំបន់ និងប្រទេសនានាលើសពីតំបន់ផងដែរ។ ខ្ញុំគិតថា យើងពិតជាត្រូវកោត​សរសើរ​កម្ពុជា ចំពោះការរៀប​ចំ​សន្និសីទនេះ និងការប្រមូលផ្តុំតំណាងមកពីប្រទេសជាច្រើន»។

«ជាក់ស្តែងមានអ្នកចូលរួមជិត ៥០០នាក់ មកពីប្រមាណ ៣០ប្រទេស និងអង្គការអន្តរជាតិនានា។ អ្នក​ជំនាញ​ជាច្រើនបានធ្វើដំណើរមកពីរដ្ឋធានីនៃប្រទេសរបស់ពួកគេ ហើយរដ្ឋមន្ត្រីជាច្រើន​ ក៏បាន​ធ្វើដំណើរ​មកពីប្រទេសរៀងៗខ្លួនផងដែរ។ ដូច្នេះនេះ គឺជាសញ្ញាដ៏ច្បាស់លាស់មួយនៃការប្តេជ្ញាចិត្ត ពីព្រោះប្រទេស​ទាំងនេះ នឹងមិនធ្វើដំណើរមកដល់កម្ពុជានោះទេ ប្រសិនបើមិនមានសញ្ញាច្បាស់លាស់ថា ​កម្ពុជាមាន​ការ​ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ និងសហ​ការ​ជាមួយដៃ​គូទាំង​នេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រី Delphine Schantz។

កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដែលក្រុមឱក្រិដ្ឋជនព្យាយាម​យកធ្វើ​ជា​ទីតាំងបម្រើសកម្មភាពរបស់ពួកគេ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្នុងពិធីបើកសន្និសីទ​អន្តរជាតិ​នាព្រឹក​មិញថា ឧស្សាហកម្មឆបោក​តាមប្រព័ន្ធ​បច្ចេក​វិទ្យា​មិន​បានចាប់ផ្តើមនៅកម្ពុជាទេ។ ហើយវាក៏មិនត្រូវបានកំណត់ត្រឹមតែកម្ពុជាដែរ។

សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ការប៉ះពាល់ដំបូងរបស់កម្ពុជាត្រូវបានផ្សារភ្ជាប់ទៅនឹង​ការរីក​លូត​លាស់នៃការលេងល្បែងអនឡាញ និងអាជីវកម្មដែលទាក់ទងនឹងកាស៊ីណូ។ លើសពីនេះ បណ្តាញឧក្រិដ្ឋ​កម្ម​បានបន្តវិវឌ្ឍ និងសម្របខ្លួនយ៉ាងឆាប់រហ័សឆ្លងកាត់ព្រំដែន។ បណ្តាញឧក្រិដ្ឋជនឆ្លងដែន​បានកេង​ប្រវ័ញ្ចអចលនទ្រព្យ ចន្លោះប្រហោងនៃបទប្បញ្ញត្តិ និងបណ្តាញទូរគមនាគមន៍ឆ្លងដែនដ៏ស្មុគស្មាញ ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីនៃការឆបោកឆ្លងដែន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបោសសំអាតបទ​ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ សម្តេចនាយករដ្ឋមន្ត្រី បានលើកបង្ហាញនូវចំណាត់ការមួយចំនួនរបស់កម្ពុជា ដូចជាការបង្កើតច្បាប់ស្តីពីការប្រយុទ្ធប្រឆាំង​ការឆបោកតាមប្រព័ន្ធអនឡាញក្នុងខែមេសា ឆ្នាំ២០២៦ ដើម្បីបិទចន្លោះប្រហោងផ្នែកច្បាប់។ ការអនុវត្តយុទ្ធនាការដែលមានលក្ខណៈឯកភាព ដោយមានការចូលរួមគ្រប់ស្ថាប័នរបស់រដ្ឋាភិបាល និងគ្រប់ផ្នែកនៃសង្គមទាំងមូល ក្នុងគោលបំណងកម្ចាត់បណ្តាញទាំងនេះឱ្យអស់។ កម្ពុជាចាត់ទុកការអនុវត្តច្បាប់ជាកាតព្វកិច្ចសន្តិសុខជាតិអចិន្ត្រៃយ៍ មិនមែនជាយុទ្ធនាការដើម្បីផ្សព្វផ្សាយរូបភាពនោះទេ។

សម្តេចមហាបវរធិបតីបន្ថែមពីលើនោះ កម្ពុជា បានផ្តោតការខិតខំប្រឹងប្រែងលើការលុប​បំបាត់បណ្តាញ​ឧក្រិដ្ឋកម្មជាអចិន្ត្រៃយ៍ ការទប់ស្កាត់ការកើតឡើងវិញរបស់ពួកគេ និងបានបង្ក្រាបទាំងស្រុងនូវរាល់ទីតាំងឆបោកទ្រង់ទ្រាយធំទាំងអស់នៅកម្ពុជា។

សម្តេចមហាបវរធិបតី បន្តថា ទោះបីជាក្រុមឧក្រិដ្ឋជនព្យាយាមបំបែកខ្លួនទៅជាបណ្តាញតូចៗ​ដែល នឹងប្រតិ​បត្តិ​ការ​ដោយគ្មានទីស្នាក់ការកណ្តាល ហើយនិងមានផែនការកំណត់គោលដៅលើពលរដ្ឋ​របស់ខ្មែរក៏ដោយ ប៉ុន្តែកងកម្លាំងអនុវត្តច្បាប់នៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួនជាស្រេចដើម្បីបង្ក្រាប​រាល់ការ​គំរាមកំហែងដែលកំពុងកើតមាន។

សម្តេចមហាបវរធិបតី បានធានាអះអាងនៅអ្នកចូលរួមក្នុងសន្និសីទកម្រិតអន្តរជាតិនេះថា «ខ្ញុំសូម​បញ្ជាក់ជំហររបស់យើងឱ្យបានច្បាស់ថា កម្ពុជានឹងមិនក្លាយជាទីសុវត្ថិភាពសម្រាប់​ការឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យាឡើយ! ឧក្រិដ្ឋកម្មឆ្លងដែននេះ គឺជាបាតុភូតថ្មីៗក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលមាន​លក្ខណៈប្លែកទាំងស្រុងពីវប្បធម៌ គុណតម្លៃ និងអត្តសញ្ញាណជាតិរបស់យើង។ កម្ពុជានឹងមិន​អនុញ្ញាត​ឱ្យក្រុមឧក្រិដ្ឋជនបំផ្លាញវឌ្ឍនភាពរបស់ប្រទេសយើង និងជីវភាពរស់នៅរបស់ប្រជាជន​កម្ពុជា​ជាង​១៧លាននាក់នោះឡើយ»។

លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន​នៃគណៈ​កម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) បានឱ្យដឹងថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែ​សីហា ឆ្នាំ២០២៦ អាជ្ញាធរបានឆ្មក់ចូលទីតាំងសង្ស័យ ៨៣២ទីតាំង ប្រតិ​បត្តិ​ការបង្ក្រាប​ការឆបោក​បានចំនួន ៦៦៣ទីតាំង លុបបំបាត់មណ្ឌលឆបោកបានចំនួន៨៦កន្លែង និងឃាត់ខ្លួនជនសង្ស័យជាង ២៩ ០០០នាក់ មានចំនួន៣៩សញ្ជាតិ។ បុគ្គលជាង ២២ ០០០នាក់ មកពី ៣៨ប្រទេស ត្រូវបានចាប់​បញ្ជូន​ទៅ​ប្រទេសដើម ខណៈមនុស្សជាច្រើនផ្សេងទៀត កំពុងស្ថិតក្នុង​ដំណើរ​ការ នៃការបញ្ជូនត្រឡប់ទៅ​ប្រទេស​ដើមវិញ។

លើសពីនេះ សំណុំរឿងចំនួន៤៤៦ករណី ត្រូវបានបញ្ចូនទៅតុលាការ ពាក់ព័ន្ធជនត្រូវចោទ ៣,៩២៧នាក់ មាន ២៩សញ្ជាតិ ខណៈការស៊ើបអង្កេតបន្ថែម​លើអ្នកជាប់​ពាក់ព័ន្ធ និងកិច្ចខិតខំប្រឹងប្រែង​ក្នុងការស្វែងរកទ្រព្យសម្បត្តិខុសច្បាប់កំពុងបន្ត។

ជាមួយប្រតិបត្តិការបោសសំអាតបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ថវិកាជាង ៣០០​លាន​ដុល្លារអាមេរិក នៅក្នុងគណនីធនាគារដែលពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ត្រូវ​បាន​បង្កក ខណៈទ្រព្យសម្បត្តិពាក់ព័ន្ធផ្សេងទៀត ត្រូវបានបន្តនីតិវិធីបង្កក និងវាយតម្លៃជាបន្តបន្ទាប់៕