ក្រុមហ៊ុនកូរ៉េ Hansung TNI មានបំណងសហការអភិវឌ្ឍតំបន់កសិកម្មគំរូនៅកម្ពុជា ខណៈឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ណែនាំឲ្យពិចារណាខេត្តបាត់ដំបង
23-09-2026 17:04
(កូរ៉េខាងត្បូង)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Hwang Kyungjoo ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Hansung TNI នៅស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្នុងទីក្រុងសេអ៊ូល។
ក្នុងជំនួបនេះ លោក Hwang Kyungjoo បានជម្រាបជូនលោកឯកអគ្គរាជទូតថា លោកបានដឹងថា កម្ពុជាជាប្រទេសដែលមានសក្តានុពលក្នុងវិស័យកសិកម្ម ហើយលោកមានបំណងចង់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ដោយចាប់ផ្តើមពីតំបន់ដែលមានសក្តានុពលកសិកម្ម។
ជាការឆ្លើយតប លោក ឃួន ផុនរតនៈ បានសម្តែងការគាំទ្រចំពោះបំណងរបស់ក្រុមហ៊ុន ក្នុងការសហការអភិវឌ្ឍគម្រោងតំបន់កសិកម្មគំរូនៅកម្ពុជា។
លោកឯកអគ្គរាជទូតបានលើកឡើងថា វិស័យកសិកម្មជាវិស័យសំខាន់មួយ ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា។ លោកក៏បានផ្តល់យោបល់ឲ្យភាគីក្រុមហ៊ុនពិចារណាជ្រើសរើសឃុំ ឬស្រុកណាមួយក្នុងខេត្តបាត់ដំបង ដែលជាខេត្តមានសក្តានុពលខាងវិស័យកសិកម្ម ដើម្បីសិក្សាលទ្ធភាពអភិវឌ្ឍគម្រោងកសិកម្មគំរូ។
ជាមួយគ្នានេះ លោកឯកអគ្គរាជទូតបានអញ្ជើញភាគីក្រុមហ៊ុនធ្វើទស្សនកិច្ចមកកម្ពុជា ដើម្បីស្វែងយល់ពីសក្តានុពល និងឱកាសក្នុងវិស័យកសិកម្ម ខណៈស្ថានទូតកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។
សូមជម្រាបថា ក្រុមហ៊ុន Hansung TNI ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨១ និងជាក្រុមហ៊ុនផលិតគ្រឿងចក្រកសិកម្មរបស់កូរ៉េ ដែលផលិត និងផ្គត់ផ្គង់គ្រឿងចក្រកសិកម្ម សម្រាប់ដំណើរការចាប់ពីដំណាក់កាលដាំដុះ រហូតដល់ការប្រមូលផល។ ក្រុមហ៊ុន Hansung TNI ជាក្រុមហ៊ុនដំបូងរបស់កូរ៉េ ដែលបានបង្កើតម៉ាស៊ីនបាញ់ថ្នាំប្រភេទប្រើខ្យល់ ដែលអាចបាញ់បានក្នុងល្បឿនលឿន និងមានចម្ងាយរហូតដល់១៥០ម៉ែត្រ៕










