Fresh Exclusive: ICCOS-2026៖ តើពិភពលោកអាចកាត់ផ្តាច់ «ខ្សែសង្វាក់» Online Scams នៅត្រង់ណាខ្លះ?
23-09-2026 17:53
(ភ្នំពេញ)៖ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ICCOS-2026 ដែលមានការចូលរួមពីបណ្តាប្រទេសជាច្រើន បានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ រវាងពីថ្ងៃទី២៣–២៤ ខែកញ្ញា ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។
ថ្លែងក្នុងពិធីបើកសន្និសីទ ICCOS-2026 នៅថ្ងៃដំបូង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាថា «កម្ពុជា នឹងមិនក្លាយជាទីសុវត្ថិភាពសម្រាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ»។ ប៉ុន្តែ នៅពេលបណ្តាញ Online Scams មានដំណើរការឆ្លងកាត់ព្រំដែន, តើកម្ពុជាអាចរួមចំណែកអ្វីខ្លះក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីកាត់ផ្តាច់ខ្សែសង្វាក់ឧក្រិដ្ឋកម្មនេះ?
Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅ៖
ការបិទអគារមួយ មិនមានន័យថា បណ្តាញឆបោកមួយត្រូវបានបំផ្លាញទេ។ ការចាប់ខ្លួនអ្នកអង្គុយនៅមុខកុំព្យូទ័ររាប់រយនាក់ ក៏មិនមានន័យថា មេខ្លោងនៅពីក្រោយត្រូវបានចាប់ខ្លួនដែរ។ ហើយការបង្កកគណនីធនាគារមួយចំនួន ក៏មិនមានន័យថា លំហូរប្រាក់របស់ឧក្រិដ្ឋជនត្រូវបានកាត់ផ្តាច់ទាំងស្រុងនោះដែរ។
Online Scams បានវិវត្តទៅជាប្រព័ន្ធឧក្រិដ្ឋកម្មឆ្លងដែន ដែលមនុស្ស បច្ចេកវិទ្យា លុយ អ្នកសម្របសម្រួល និងមេខ្លោង ត្រូវបានតភ្ជាប់គ្នាជាខ្សែសង្វាក់។
ដើម្បីស្វែងរកដំណោះស្រាយក្នុងការកាត់ផ្តាច់ និងលុបបំបាត់ប្រព័ន្ធឧក្រិដ្ឋកម្មឆ្លងដែនក្នុងយុគសម័យឌីជីថលនេះ កម្ពុជា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ បានរៀបចំ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ICCOS-2026 នៅរាជធានីភ្នំពេញ ថ្ងៃទី២៣–២៤ ខែកញ្ញា ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។
សំណួរចំពោះមុខ មិនមែនត្រឹមតែថា «តើត្រូវបិទ Scam Centers ប៉ុន្មានទៀត?» នោះទេ ប៉ុន្តែគឺ៖ តើពិភពលោកត្រូវកាត់ផ្តាច់ខ្សែសង្វាក់ឧក្រិដ្ឋកម្មនេះនៅត្រង់ណាខ្លះ?
ក្នុងពិធីបើកសន្និសីទ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា កម្ពុជានឹងមិនក្លាយជាទីសុវត្ថិភាពសម្រាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ និងបានសង្កត់ធ្ងន់ថា គ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហាឆ្លងដែននេះតែម្នាក់ឯងបានទេ។
ការលើកឡើងនេះឆ្លុះបញ្ចាំងពីបញ្ហាស្នូលមួយ៖ ខណៈបណ្តាញឧក្រិដ្ឋកម្មអាចដំណើរការឆ្លងកាត់ព្រំដែន អំណាចអនុវត្តច្បាប់របស់រដ្ឋនីមួយៗនៅតែស្ថិតក្នុងដែនយុត្តាធិការរបស់ខ្លួន។
ដើម្បីមើលឱ្យឃើញថា ហេតុអ្វីការបង្ក្រាបទីតាំងតែមួយ មិនអាចបញ្ចប់ Online Scams បាន នោះ? អត្ថបទនេះ នឹងវិភាគ ខ្សែសង្វាក់សំខាន់ៗ៥ ដែលធ្វើឱ្យប្រព័ន្ធឧក្រិដ្ឋកម្មនេះអាចដំណើរការ ផ្លាស់ទី រកប្រាក់ និងកើតឡើងវិញបាន។
*ខ្សែសង្វាក់ទី១៖ មនុស្ស — អ្នកណាជាឧក្រិដ្ឋជន អ្នកណាជាជនរងគ្រោះ?
Scam Center មិនអាចដំណើរការដោយគ្មានមនុស្សទេ។ ប៉ុន្តែមនុស្សទាំងអស់នៅក្នុងបណ្តាញនេះ ក៏មិនមែនសុទ្ធតែជាឧក្រិដ្ឋជន ដែលចូលរួមដោយស្ម័គ្រចិត្តដែរ។
ខ្សែសង្វាក់អាចចាប់ផ្តើមពីការផ្សព្វផ្សាយការងារក្លែងក្លាយ ទៅកាន់អ្នកជ្រើសរើសមនុស្ស អ្នកសម្របសម្រួល អ្នកគ្រប់គ្រង និងអ្នកបង្ខំជនរងគ្រោះឱ្យប្រព្រឹត្តការឆបោក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា អាជ្ញាធរត្រូវបែងចែកឱ្យច្បាស់រវាង ជនរងគ្រោះដែលត្រូវជួញដូរ ឬបង្ខំឱ្យធ្វើការឆបោក និង អ្នកដែលប្រព្រឹត្តដោយស្ម័គ្រចិត្ត។
ដូច្នេះ ជោគជ័យក្នុងការបង្ក្រាប Online Scams មិនអាចវាស់ត្រឹមចំនួនមនុស្សដែលត្រូវបានចាប់ខ្លួនទេ។ សំណួរសំខាន់ជាងនេះគឺ៖ អ្នកណាជ្រើសរើសពួកគេ? អ្នកណាបញ្ជា? អ្នកណាទទួលផលចំណេញ? ហើយអ្នកណាជាជនរងគ្រោះ ដែលត្រូវការការការពារ?
ការកាត់ផ្តាច់ខ្សែសង្វាក់មនុស្ស ដូច្នេះ ត្រូវទៅឱ្យដល់អ្នករៀបចំ និងអ្នកបញ្ជា ខណៈត្រូវការពារអ្នកដែលត្រូវបានបង្ខំឱ្យក្លាយជាផ្នែកមួយនៃឧក្រិដ្ឋកម្ម។
*ខ្សែសង្វាក់ទី២៖ បច្ចេកវិទ្យា — បិទទីតាំងមួយ បណ្តាញអាចផ្លាស់ទៅកន្លែងផ្សេង
Online Scams មិនចាំបាច់ត្រូវការអគារធំមួយជានិច្ចទេ។ នៅពេលរងការបង្ក្រាប បណ្តាញឧក្រិដ្ឋកម្ម អាចបំបែកខ្លួនទៅជាក្រុមតូចៗ ហើយប្រើទូរស័ព្ទ កុំព្យូទ័រ SIM cards វេទិកាសង្គម និងបច្ចេកវិទ្យាថ្មីៗ ដើម្បីបន្តប្រតិបត្តិការពីកន្លែងផ្សេង។
នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានថា នៅពេលប្រតិបត្តិការរបស់ពួកគេត្រូវបានរំខាន ក្រុមឧក្រិដ្ឋជនអាចបំបែកខ្លួន និងលាក់នៅទីតាំងផ្សេង។ ហេតុនេះ ការអនុវត្តច្បាប់ក៏ត្រូវសម្របខ្លួនឱ្យទាន់ការផ្លាស់ប្តូររបស់ឧក្រិដ្ឋជន តាមរយៈការប្រមូលព័ត៌មានស៊ើបការណ៍ឌីជីថល ការត្រួតពិនិត្យអន្តោប្រវេសន៍ និងការត្រួតពិនិត្យនៅនឹងកន្លែង។
នេះមានន័យថា ការបិទ Scam Center មួយអាចបញ្ឈប់ប្រតិបត្តិការនៅកន្លែងមួយ ប៉ុន្តែមិនប្រាកដថា អាចបញ្ឈប់បណ្តាញទាំងមូលបានទេ។ បើហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតែដំណើរការ បណ្តាញអាចគ្រាន់តែផ្លាស់ទី ឬប្តូររបៀបប្រតិបត្តិការ ជាជាងបាត់ខ្លួន។
*ខ្សែសង្វាក់ទី៣៖ លុយ — Follow the Money
គោលដៅចុងក្រោយរបស់ Online Scams គឺ លុយ។ បើប្រាក់ដែលបានពីការឆបោក នៅតែអាចផ្ទេរឆ្លងកាត់គណនីធនាគារ, តាមរយៈអ្នកទទួល និងផ្ទេរប្រាក់ជំនួសឱ្យបណ្តាញឧក្រិដ្ឋកម្ម (money mules), តាមរូបិយប័ណ្ណគ្រីបតូ (crypto) និងបណ្តាញផ្ទេរប្រាក់ក្រៅប្រព័ន្ធ នោះឧក្រិដ្ឋកម្មនៅតែមានអុកស៊ីសែនរបស់វាសម្រាប់រស់ជាដដែល។
ក្នុងបរិបទនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យស្ថាប័នស៊ើបការណ៍ហិរញ្ញវត្ថុ និងអង្គភាពប្រឆាំងការលាងលុយ សហការគ្នាតាមដានលំហូរប្រាក់ កំណត់អត្តសញ្ញាណ ម្ចាស់ផលប្រយោជន៍ពិតប្រាកដ (beneficial owners) បង្កកទ្រព្យសម្បត្តិនិម្មិត និងបង្ក្រាបបណ្តាញធនាគារក្រៅប្រព័ន្ធ។
ភស្តុតាងមួយនៃសារៈសំខាន់របស់កិច្ចសហប្រតិបត្តិការឆ្លងដែន គឺ Operation First Light 2026 ដែលជាប្រតិបត្តិការអន្តរជាតិប្រឆាំងការឆបោក សម្របសម្រួលដោយ INTERPOL និងមានប្រទេសនិងដែនដីចំនួន៩៧ចូលរួម។ INTERPOL បានរាយការណ៍ពីការចាប់ខ្លួនមនុស្ស ៥,៨១១នាក់, ទប់ស្កាត់ទ្រព្យខុសច្បាប់ប្រមាណ ២៩៣លានដុល្លារ និងកំណត់អត្តសញ្ញាណជនរងគ្រោះជាង ១៤២,០០០នាក់។
ដូច្នេះ ការប្រយុទ្ធប្រឆាំង Online Scams មិនមែនត្រឹមតែ តាមរកឧក្រិដ្ឋជន (Follow the Criminals) ប៉ុណ្ណោះទេ ប៉ុន្តែត្រូវ តាមដានលំហូរប្រាក់ (Follow the Money) ដើម្បីរកឱ្យឃើញថា ប្រាក់មកពីណា ឆ្លងកាត់អ្នកណា ហើយចុងក្រោយធ្លាក់ទៅក្នុងដៃអ្នកណា។
*ខ្សែសង្វាក់ទី៤៖ អ្នកសម្របសម្រួល — កុំមើលតែ Scam Center
បណ្តាញឧក្រិដ្ឋកម្ម មិនអាចដំណើរការដោយមេខ្លោង និងអ្នកឆបោកតែប៉ុណ្ណោះទេ។ វាត្រូវការទីតាំង អ្នកជ្រើសរើសមនុស្ស អ្នកផ្ទេរប្រាក់ អ្នកផ្តល់សេវា និងអ្នកសម្របសម្រួលជាច្រើនទៀត ដើម្បីឱ្យប្រតិបត្តិការអាចបន្ត និងឆ្លងកាត់ព្រំដែនបាន។
ហេតុនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ច្បាប់មិនគួរដាក់ទោសតែអ្នកប្រតិបត្តិជួរមុខទេ ប៉ុន្តែត្រូវទៅដល់ មេខ្លោង អ្នកវិនិយោគ អ្នកជ្រើសរើសបុគ្គលិក ម្ចាស់អចលនទ្រព្យ និងអ្នកសម្របសម្រួល ដែលជួយឱ្យបណ្តាញឧក្រិដ្ឋកម្មអាចដំណើរការបាន។
ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ក៏បានបង្ហាញថា បទល្មើសផ្សេងៗអាចតភ្ជាប់គ្នាក្នុងប្រព័ន្ធតែមួយ ដូចជា ការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams), ការលាងលុយ (money laundering) និងការជួញដូរមនុស្ស (human trafficking)។
នេះមានន័យថា ការបិទ Scam Center មួយ អាចបំបែកបានតែផ្នែកមួយនៃប្រព័ន្ធ ប៉ុន្តែមិនប្រាកដថា បំបែកបណ្តាញទាំងមូលបានទេ។
ដូច្នេះ គេមិនត្រូវមើលត្រឹមតែ Scam Center ប៉ុណ្ណោះទេ ប៉ុន្តែត្រូវមើល Scam Ecosystem ឬប្រព័ន្ធទាំងមូល ដែលជួយឱ្យការឆបោកអាចដំណើរការ រកប្រាក់ និងបន្តរស់បាន។
*ខ្សែសង្វាក់ទី៥៖ មេខ្លោង — ចាប់អ្នកជួរមុខ មិនស្មើនឹងបំបែកបណ្តាញ
អ្នកដែលអង្គុយនៅមុខកុំព្យូទ័រ ឬធ្វើការដោយផ្ទាល់នៅក្នុង Scam Center គឺងាយត្រូវបានរកឃើញ។ ប៉ុន្តែអ្នកដែលរៀបចំបណ្តាញ ផ្តល់ទុន បញ្ជាប្រតិបត្តិការ គ្រប់គ្រងលំហូរប្រាក់ និងទទួលផលប្រយោជន៍ចុងក្រោយ អាចស្ថិតនៅប្រទេសផ្សេង ឬលាក់ខ្លួនក្រោយក្រុមហ៊ុន អ្នកតំណាង និងរចនាសម្ព័ន្ធហិរញ្ញវត្ថុជាច្រើនជាន់។
ហេតុនេះ ការចាប់ខ្លួនអ្នកប្រតិបត្តិជួរមុខ អាចបញ្ឈប់ ឬរំខានប្រតិបត្តិការមួយរយៈ ប៉ុន្តែបើមេខ្លោង អ្នកផ្តល់ហិរញ្ញប្បទាន និងអ្នកទទួលផលប្រយោជន៍នៅតែមានសេរីភាព បណ្តាញអាចស្តារឡើងវិញ ឬផ្លាស់ទៅដំណើរការនៅកន្លែងផ្សេង។
ក្នុងបរិបទនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យមានការចែករំលែកព័ត៌មានស៊ើបការណ៍ក្នុងពេលជាក់ស្តែង ការស៊ើបអង្កេតហិរញ្ញវត្ថុ ការបង្កកទ្រព្យសម្បត្តិ ការចែករំលែកភស្តុតាងកោសល្យវិច័យឌីជីថល និងការសម្រួលនីតិវិធីបត្យាប័ន ដើម្បីកុំឱ្យឧក្រិដ្ឋជនប្រើចន្លោះប្រហោងរវាងដែនយុត្តាធិការរបស់ប្រទេសនីមួយៗជាទីជ្រក។
ដូច្នេះ ការកាត់ផ្តាច់ខ្សែសង្វាក់មេខ្លោង មិនមែនត្រឹមតែចាប់មនុស្សដែលយើងមើលឃើញនៅក្នុង Scam Center ទេ ប៉ុន្តែត្រូវតាមឱ្យដល់អ្នកដែលរៀបចំ បញ្ជា ផ្តល់ទុន និងទទួលផលប្រយោជន៍ពីបណ្តាញនៅពីក្រោយ។
*ពីការបង្ក្រាបសំបុកឧក្រិដ្ឋកម្មក្នុងប្រទេស ទៅកិច្ចសហការអន្តរជាតិ
បន្ទាប់ពីខ្សែសង្វាក់ទាំង៥ បញ្ហាស្នូលមួយរបស់ ICCOS-2026 កាន់តែច្បាស់៖ តើការអនុវត្តច្បាប់ឆ្លងដែន អាចលឿនទាន់បណ្តាញឧក្រិដ្ឋកម្មឆ្លងដែនបានឬទេ?
ឧក្រិដ្ឋជនអាចផ្ទេរប្រាក់ ប្តូរ SIM cardកាបូបលុយគ្រីបតូ crypto wallet ឬផ្លាស់ប្តូរទីតាំងប្រតិបត្តិការ ក្នុងរយៈពេលខ្លី។ ប៉ុន្តែការតាមចាប់មេខ្លោង បង្កកទ្រព្យ ឬប្រមូលភស្តុតាងពីប្រទេសមួយទៅប្រទេសមួយ ត្រូវឆ្លងកាត់ដែនយុត្តាធិការ និងនីតិវិធីសហប្រតិបត្តិការរវាងរដ្ឋ។
ដើម្បីបង្រួមគម្លាតនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញកិច្ចសហប្រតិបត្តិការសំខាន់៥៖ ការចែករំលែកព័ត៌មានស៊ើបការណ៍ក្នុងពេលជាក់ស្តែង, ការស៊ើបអង្កេតហិរញ្ញវត្ថុកម្រិតខ្ពស់, ការធ្វើឱ្យក្របខណ្ឌច្បាប់ និងប្រតិបត្តិការកាន់តែស៊ីសង្វាក់គ្នា, ភាពជាដៃគូរដ្ឋ–ឯកជន និងការការពារជនរងគ្រោះ។
ន័យសំខាន់គឺថា ការបង្ក្រាបក្នុងប្រទេសមួយ មិនគ្រប់គ្រាន់សម្រាប់ឧក្រិដ្ឋកម្មដែលដំណើរការឆ្លងកាត់ប្រទេសជាច្រើនទេ។ ការប្រយុទ្ធនឹងបណ្តាញឧក្រិដ្ឋកម្មអន្តរជាតិ ត្រូវការបណ្តាញកិច្ចសហប្រតិបត្តិការអន្តរជាតិដែលអាចចែករំលែកព័ត៌មាន តាមដានលុយ និងធ្វើសកម្មភាពបានទាន់ពេល។
*Conclusion៖ ការកាត់ផ្តាច់ខ្សែសង្វាក់ ត្រូវកាត់លើសពីមួយកន្លែង
ការកាត់ផ្តាច់ខ្សែសង្វាក់ Online Scams មិនអាចធ្វើនៅចំណុចតែមួយបានទេ ព្រោះវាមិនមែនជាឧក្រិដ្ឋកម្មដែលពឹងផ្អែកលើទីតាំង ឬមនុស្សតែមួយក្រុមនោះទេ ប៉ុន្តែជាប្រព័ន្ធដែលផ្នែកជាច្រើនតភ្ជាប់គ្នា។
ការបិទទីតាំង ប៉ុន្តែមិនកាត់បច្ចេកវិទ្យា—បណ្តាញអាចផ្លាស់ទី។ ការចាប់អ្នកប្រតិបត្តិជួរមុខ ប៉ុន្តែមិនទៅដល់មេខ្លោង—បណ្តាញអាចរកមនុស្សថ្មី។ ការបង្កកគណនី ប៉ុន្តែមិនតាមលំហូរប្រាក់—ប្រាក់អាចរកផ្លូវថ្មី។
ហេតុនេះ ការកាត់ផ្តាច់ខ្សែសង្វាក់ មិនមែនមានន័យថា បំបែក Scam Center តែមួយមុខទេ។ វាមានន័យថា ត្រូវកាត់ផ្តាច់ទំនាក់ទំនងរវាងមនុស្ស បច្ចេកវិទ្យា លុយ អ្នកសម្របសម្រួល និងមេខ្លោង—ក្នុងពេលដំណាលគ្នា និងឆ្លងកាត់ព្រំដែន។
នៅថ្ងៃទី២៤ ខែកញ្ញា ដៃគូអន្តរជាតិ ត្រូវបានរំពឹងថានឹងអនុម័ត សេចក្តីប្រកាសភ្នំពេញ (Phnom Penh Declaration) ដែលជាការបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ប៉ុន្តែ ការសាកល្បងពិតប្រាកដ នឹងចាប់ផ្តើមក្រោយសេចក្តីប្រកាស៖ តើប្រទេសនានាអាចបម្លែង «ការប្តេជ្ញាចិត្តរួម» ទៅជា «សកម្មភាពរួម» បានដល់កម្រិតណា? តើព័ត៌មានស៊ើបការណ៍អាចចែករំលែកបានលឿន ទាន់ឧក្រិដ្ឋជនដែរឬទេ? តើលំហូរប្រាក់អាចត្រូវបានតាមដានឆ្លងកាត់ព្រំដែនដែរឬទេ? ហើយតើការស៊ើបអង្កេតអាចទៅដល់មេខ្លោងនៅពីក្រោយបណ្តាញបានដែរឬទេ?
ពិភពលោក មិនអាចកាត់ផ្តាច់ខ្សែសង្វាក់ Online Scams នៅត្រង់ចំណុចតែមួយបានទេ។ ត្រូវកាត់នៅគ្រប់ចំណុចដែលធ្វើឱ្យប្រព័ន្ធនេះមិនអាចរកមនុស្ស មិនអាចប្រើបច្ចេកវិទ្យា មិនអាចបង្កើត និងផ្ទេរប្រាក់ មិនអាចផ្លាស់ទីប្រតិបត្តិការ និងមិនអាចការពារមេខ្លោងនៅពីក្រោយ៕




