ព្រះគ្រូចៅអធិការវត្ត បញ្ញាធំ ជនជាតិចិនតៃវ៉ាន់៖ ការមកទស្សនាអង្គរវត្តក្នុងឆ្នាំ១៩៩៣ ជាចំណុចចាប់ផ្តើមនៃការសម្រេចចិត្តមករស់នៅ និងកសាងទីអារាមនៅកម្ពុជា (Video inside)
24-09-2026 10:14
(ភ្នំពេញ)៖ ព្រះគ្រូនារិយាធិបតានី អ៊ូ អ៊ីហ័រ ចៅអធិការវត្តបញ្ញាធំ បានមានសង្ឃដីកាថា ការមកទស្សនាប្រទេសកម្ពុជា និងប្រាសាទអង្គរវត្តក្នុងឆ្នាំ១៩៩៣ បានធ្វើឲ្យព្រះគ្រូកើតសេចក្តីស្រឡាញ់ និងឧបនិស្ស័យជាមួយទឹកដីកម្ពុជា រហូតសម្រេចចិត្តបួសជាភិក្ខុនី និងវិលមករស់នៅកម្ពុជាវិញ ដោយបន្តកសាងទីអារាមសម្រាប់ការប្រតិបត្តិធម៌ និងសមាធិ។
ការថ្លែងរបស់ព្រះគ្រូនារិយាធិបតានី អ៊ូ អ៊ីហ័រ ធ្វើឡើងក្នុងកិច្ចសម្ភាសជាមួយ Fresh News ស្តីពី «ការស្វែងយល់ពីប្រវត្តិ និងដំណើរការកសាងរបស់វត្តបញ្ញាធំ»។
ព្រះគ្រូបានមានសង្ឃដីកាថា នៅឆ្នាំ១៩៩៣ មុនពេលបួស ព្រះគ្រូបានមកទស្សនាប្រទេសកម្ពុជា ក្នុងអំឡុងពេលដែលប្រទេសកំពុងមានស្ថានភាពសង្គ្រាមស៊ីវិល និងការរៀបចំការបោះឆ្នោតជាតិលើកដំបូង។
ក្នុងដំណើរនោះ ព្រះគ្រូបានទៅទស្សនាប្រាសាទអង្គរវត្ត ហើយការបានឃើញប្រាសាទអង្គរវត្ត និងបានមកដល់ប្រទេសកម្ពុជា បានធ្វើឲ្យព្រះគ្រូមានការភ្ញាក់រលឹក និងកើតសេចក្តីស្រឡាញ់ចំពោះកម្ពុជា។ នៅពេលនោះ ព្រះគ្រូនៅជាអ្នកជំនួញនៅឡើយ។
ក្រោយត្រឡប់ទៅតៃវ៉ាន់វិញ ព្រះគ្រូនៅតែមានចិត្តនឹករលឹក និងស្រឡាញ់កម្ពុជា រហូតសម្រេចចិត្តបួសជាភិក្ខុនី ហើយក្រោយមកបានវិលត្រឡប់មកកម្ពុជាវិញ ដោយនិមន្តមកជាមួយព្រះភិក្ខុនីចំនួន១១អង្គ។
ព្រះគ្រូបានឲ្យដឹងថា នៅឆ្នាំ២០០១ ព្រះគ្រូបានចាប់ផ្តើមកសាង «វត្តបញ្ញាតូច» ដែលមានចម្ងាយប្រមាណ១គីឡូម៉ែត្រពី «វត្តបញ្ញាធំ» បច្ចុប្បន្ន។
នៅដំណាក់កាលដំបូង ការរស់នៅមានការលំបាក ដោយទីតាំងវត្តមិនទាន់មានអគ្គិសនី និងទឹកប្រើប្រាស់គ្រប់គ្រាន់ឡើយ។ នៅពេលយប់ ត្រូវប្រើភ្លើងទៀននៅឡើយ ខណៈនៅតៃវ៉ាន់ពេលនោះ មានម៉ាសុីនត្រជាក់ទៅហើយ ហើយតំបន់ជុំវិញវត្តមានវាលស្រែ និងផ្ទះប្រជាពលរដ្ឋ។
ព្រះគ្រូបានបន្តថា ដោយសារមានព្រះភិក្ខុនី និងពុទ្ធបរិស័ទចូលរួមប្រតិបត្តិធម៌កាន់តែច្រើន ព្រះគ្រូបានពង្រីកទីតាំង ដើម្បីរៀបចំជាកន្លែងសម្រាប់សមាធិ និងវិបស្សនា ដោយបានចាប់ផ្តើមដាំពីការ ដាំដើមក្រញូងនៅលើផ្ទៃដីប្រមាណ២២ហិកតា។
ព្រះគ្រូបានរំឭកថា នៅពេលនោះទឹកមានការខ្វះខាត ដូច្នេះត្រូវស្រង់ទឹកម្ដង១ផ្តិលពីស្រះមកស្រោចដើមឈើដោយដៃ។ ទោះជាមានការលំបាក ប៉ុន្តែ ពរះគ្រូមានសង្ឃដីកាថា ដោយសារក្តីស្រឡាញ់ និងបំណងចង់កសាងទីអារាម ការងារទាំងនេះមិនធ្វើឲ្យព្រះគ្រូមានអារម្មណ៍ថា ជាការលំបាកឡើយ។
ឆ្នាំ២០១៨ ចាប់ផ្តើមកសាងវត្តបញ្ញាធំ, ព្រះគ្រូបានមានសង្ឃដីកាថា នៅឆ្នាំ២០១៨ ព្រះគ្រូបានយកទ្រព្យសម្បត្តិគ្រួសារនៅតៃវ៉ាន់ មកប្រើប្រាស់ក្នុងការកសាងវត្តបញ្ញាធំ។
ការកសាងវត្តនេះ មិនមែនដើម្បីបង្ហាញភាពអស្ចារ្យ ឬមហិច្ឆតាផ្ទាល់ខ្លួននោះទេ ប៉ុន្តែព្រះគ្រូចង់បង្កើតកន្លែងដែលមានបរិយាកាសស្ងប់ស្ងាត់ មានធម្មជាតិ ភ្នំ ដើមឈើ និងទឹក ដើម្បីឲ្យព្រះភិក្ខុនី និងពុទ្ធបរិស័ទអាចមកសមាធិ និងប្រតិបត្តិធម៌បាន។ មកដល់ពេលនេះ នៅមិនទាន់រួចរាល់ទាំងស្រុងនៅឡើយទេ ហើយការចំណាយសរុបមានប្រមាណ ៤០លានដុល្លារអាមេរិក។
ព្រះគ្រូបានបញ្ជាក់ថា ការកសាងទីអារាមត្រូវផ្តោតលើស្តង់ដារ និងភាពរឹងមាំ ដោយប្រើប្រាស់សម្ភារៈដែលមានគុណភាព និងរៀបចំបរិស្ថានជុំវិញឲ្យមានភាពស្ងប់ស្ងាត់ ដើម្បីឲ្យអាចប្រើប្រាស់បានយូរអង្វែង និងកាត់បន្ថយការជួសជុលសម្រាប់អ្នកជំនាន់ក្រោយ។
ព្រះគ្រូនារិយាធិបតានី អ៊ូ អ៊ីហ័រ បានឱ្យដឹងថា វត្តបញ្ញាធំបានទទួលស្គាល់ជាផ្លូវការជាវត្ត តាមរយៈក្រសួងធម្មការ និងសាសនា តាំងពីឆ្នាំ២០០៦។ ក្រោយមក ដើម្បីធានាឲ្យការកសាង និងអភិវឌ្ឍទីអារាមមានភាពត្រឹមត្រូវ និងអាចប្រើប្រាស់បានយូរអង្វែង ព្រះគ្រូបានស្នើសុំការអនុញ្ញាត និងរៀបចំឯកសារពាក់ព័ន្ធជាមួយសាលារាជធានីភ្នំពេញ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ព្រះគ្រូបានមានសង្ឃដីកាថា គោលបំណងសំខាន់នៃការកសាងវត្តបញ្ញាធំ គឺចង់បង្កើតទីកន្លែងសម្រាប់ព្រះភិក្ខុនី ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋគ្រប់វ័យ អាចមកសមាធិ និងប្រតិបត្តិធម៌។
ព្រះគ្រូបានលើកឡើងថា ក្នុងសម័យបច្ចេកវិទ្យា និង AI កុមារ និងយុវជនអាចប្រឈមនឹងបញ្ហាផ្លូវចិត្ត និងសម្ពាធពីសង្គមកាន់តែច្រើន។ ដូច្នេះ ការហ្វឹកហាត់សមាធិ និងការប្រតិបត្តិធម៌ គួរចាប់ផ្តើមតាំងពីវ័យក្មេង ដើម្បីឲ្យមនុស្សចេះគ្រប់គ្រងអារម្មណ៍ និងចិត្តរបស់ខ្លួន។
ព្រះគ្រូ បានសង្កត់ធ្ងន់ថា ការធ្វើសមាធិមិនមែនជារឿងសម្រាប់តែមនុស្សចាស់នោះទេ ប៉ុន្តែមនុស្សគ្រប់វ័យ រួមទាំងកុមារ និងយុវជន ក៏អាចចូលរួមរៀន និងអនុវត្តបានផងដែរ៕
សូមទស្សនាកិច្ចសម្ភាសរបស់ Fresh News ជាមួយព្រះគ្រូនារិយាធិបតានី អ៊ូ អ៊ីហ័រ ចៅអធិការវត្តបញ្ញាធំ ក្នុងវីដេអូខាងក្រោម៖






























