ដំណឹងល្អ! ក្រសួងរៀបចំដែនដី ប្រកាសទទួលពិនិត្យឯកសារស្នើសុំចុះបញ្ជី ផ្ទេរកម្មសិទ្ធិជូនអតិថិជន ទិញផ្ទះនិងដីឡូត៍ពីក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា ចាប់ពីថ្ងៃទី២៨ ខែកញ្ញានេះ
24-09-2026 14:10
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន ជម្រាបជូនសាធារណជន ដែលជាអតិថិជនបានទិញផ្ទះ និងដីឡូត៍ពីក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក ពីឈ្មោះ ឡេង ភត្រា, ឈិន ស្រីម៉ាច, ឡេង បញ្ចពណ៌, ឡេង ប្រុស, វ៉ន សុមេត្ត, ឡេង និមល, សុន ដារ៉ាវុធ, និងឈ្មោះ ម៉េង ស៊ីដេន ដែលពុំទាន់បានចុះបញ្ជីផ្ទេរកម្មសិទ្ធនៅឡើយ ឲ្យបានជ្រាបថា ដើម្បីអាចបន្តចរន្តការផ្ទេរកម្មសិទ្ធិ លើអចលនវត្ថុពីក្រុមហ៊ុន ឬពីឈ្មោះបុគ្គលខាងលើទៅ លោក លោកស្រី ក្រសួងនឹងទទួលពិនិត្យលើឯកសារស្នើសុំ ចុះបញ្ជីផ្ទេរកម្មសិទ្ធិចាប់ពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅបន្ទប់លេខ១១៦ ជាន់ទី១ នៃទីស្តីការ ក្រសួង ដ.ន.ស. រៀងរាល់ម៉ោងធ្វើការ និងត្រូវភ្ជាប់មកជាមួយឯកសារពាក់ព័ន្ធ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ចំពោះបន្ទុកលើការបង់កម្រៃសេវាសុរិយោដី ពន្ធ និងអាករផ្សេងៗ ជាបន្ទុករបស់លោក លោកស្រីជាម្ចាស់ផ្ទាល់។
សូមជម្រាបថា ក្រសួងរៀបចំដែនដី បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួលដោះស្រាយបញ្ហានានា ដែលកើតឡើងចំពោះអតិថិជននៃ បុរី ឡេង ណាវ៉ាត្រា។ ក្រសួងបានធ្វើការជាមួយបុរី ដើម្បីស្វែងរកដំណោះស្រាយ ប្រកបដោយស្មារតីឈ្នះ-ឈ្នះ សម្រាប់ភាគីទាំងអស់គ្នា៕ https://www.facebook.com/share/p/1CCr9nCcwG/?mibextid=wwXIfr









