* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវសប្បុរសជនចូលរួមបរិច្ចាគតាមសទ្ធា សម្រាប់ចែកជូនកងកម្លាំងនៅជួរមុខតាមព្រំដែន នាឱកាសបុណ្យភ្ជំបិណ្ឌ

24-09-2026 15:46

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ អង្គភាពកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន និងអំពាវនាវដល់សប្បុរសជនទាំងអស់ចូលរួមបរិច្ចាគតាមសទ្ធា។ នេះបើតាមព័ត៌មានដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាន។

បើតាមខ្លឹមសាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ដូច្នេះថា នៅចុងខែកញ្ញា ឆ្នាំ២០២៦ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ អង្គភាពកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ រួមមាន ៖ កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ វរនគរបាលការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើងការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ។

ដើម្បីឱ្យការចុះសួរសុខទុក្ខនេះ ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងបង្ហាញពីមនោសញ្ចេតនាដ៏ ជ្រាលជ្រៅ ក្នុងការចូលរួមលើកទឹកចិត្តដល់វីរយុទ្ធជនតាមបន្ទាត់ព្រំដែនជួរមុខនោះ សូមលោក លោកស្រី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អភិបាលខណ្ឌ ប្រធានមន្ទី អង្គភាពជុំវិញរដ្ឋបាល រាជធានីភ្នំពេញ មន្ត្រីរាជការ ពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជនទាំងអស់ មេត្តាចូលរួមបរិច្ចាគ អំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែក ឧបត្ថម្ភដល់វីរយុទ្ធជន និងកសាងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ រយៈពេលវែង នៅតាមបន្ទាត់ព្រំដែនជួរមុខ ក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន និងការអភិវឌ្ឍតាមបន្ទាត់ព្រំដែន។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនទាំងអស់ ក្នុងការប្រកាន់ខ្ជាប់នូវវប្បធម៌ នៃការចែករំលែកក្នុង ស្មារតីភាតរភាពរបស់ប្រជាជាតិយើង។

អំណោយទាំងអស់ សូមមេត្តាយកមកប្រគល់ជូននៅទីចាត់ការហិរញ្ញវត្ថុ សាលារាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខ ០១២ ៦១៦ ៥៣៦ / ០១៧ ៨៦៧ ៨៧២ ឬបង្វែរតាមគណនីធនាគារ ABA របស់រដ្ឋបាលរាជធានីភ្នំពេញ ៖ PHNOM PENH CAPITAL HALL លេខ៖ 599 778 899 (KHR) និងលេខ៖ 399 778 899 (USD)៕