* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការកើនឡើងនៃឥទ្ធិពលរបស់ចិន៖ ពីការផ្លាស់ប្តូរសណ្តាប់ធ្នាប់សកល ឆ្ពោះទៅរកការពិនិត្យឡើងវិញនូវវិធីសាស្រ្តនៃការយល់ដឹងរបស់ពិភពលោក

24-09-2026 15:50

(ភ្នំពេញ)៖ នៅពេលសង្គ្រាមត្រជាក់បានបញ្ចប់ ពិភពលោកបានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ។ ការដួលរលំនៃសហភាពសូវៀតនៅឆ្នាំ១៩៩១ បានបញ្ចប់ការប្រកួតប្រជែងដ៏យូរអង្វែងរវាងមហាអំណាចទាំងពីរ។ ជាលទ្ធផល សហរដ្ឋអាមេរិកបានក្លាយជាមហាអំណាចកំពូលតែមួយគត់ (Sole Superpower) ដែលមានឥទ្ធិពលគ្របដណ្តប់យ៉ាងខ្លាំងលើនយោបាយ សេដ្ឋកិច្ច និងសន្តិសុខអន្តរជាតិ។

លោកបណ្ឌិត កៅ មួយថង អ្នកសិក្សាស្រាវជ្រាវទំនាក់ទំនងកម្ពុជា-ចិន បានយល់ឃើញថា ការបញ្ចប់សង្គ្រាមត្រជាក់ មិនបានលុបបំបាត់ចោលនូវមន្ទិលសង្ស័យអំពី អនាគតរបស់ពិភពលោកឡើយ។ ផ្ទុយទៅវិញ វាបានចោទជាសំណួរយុទ្ធសាស្ត្រដ៏សំខាន់មួយថា តើទិសដៅសណ្តាប់ធ្នាប់សកលនឹងប្រែប្រួលយ៉ាងដូចម្តេច ក្រោយពីការប្រកួតប្រជែងរវាងមហាអំណាច ទាំងពីរត្រូវបានបញ្ចប់?

នៅដើមទសវត្សរ៍១៩៩០ អ្នកប្រាជ្ញជាច្រើនបានព្យាយាមពន្យល់ពីទិសដៅថ្មីនៃពិភពលោក តាម រយៈទស្សនៈ និងទ្រឹស្តីផ្សេងៗគ្នា។ ការដេញដោលទស្សនៈទាំងនេះ បានក្លាយជាគ្រឹះយ៉ាងរឹងមាំក្នុង ការយល់ដឹងពីនយោបាយសកលបច្ចុប្បន្ន។ ប្រសិនបើយើងពិនិត្យមើលពិភពលោកនាពេលបច្ចុប្បន្ន យើងឃើញថា ទស្សនទានទាំងនេះសុទ្ធតែបានឆ្លុះបញ្ចាំងពីការពិតផ្នែកខ្លះៗនៃនយោបាយសកល៖ ការរីកចម្រើននៃបច្ចេកវិទ្យានិងពាណិជ្ជកម្ម (Fukuyama), ការកើនឡើងនៃជម្លោះអត្តសញ្ញាណ និងសាសនា (Huntington), តួនាទីនៃស្ថាប័នសកល (Ikenberry), និងការត្រឡប់មកវិញនៃ ភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងមហាអំណាចរវាងចិន និងអាមេរិក (Mearsheimer & Realism)។

លោក Francis Fukuyama បានលើកឡើងពីគំនិត «ចុងបញ្ចប់នៃប្រវត្តិសាស្ត្រ» (The End of History) ដោយអះអាងថា ការដួលរលំនៃសហភាពសូវៀត និងការបរាជ័យនៃមនោគមវិជ្ជាកុម្មុយនិស្ត គឺជាទីបញ្ចប់នៃការប្រកួតប្រជែងមនោគមវិជ្ជាដ៏ធំក្នុងពិភពលោក។ យោងតាមការពិភាក្សានៅពេលនោះ សំណួរចោទឡើងគឺ តើប្រជាធិបតេយ្យសេរី និងសេដ្ឋកិច្ចទីផ្សារនឹងក្លាយជាគំរូនាំមុខតែមួយគត់របស់ពិភពលោកដែរឬទេ?

ផ្ទុយទៅវិញ លោក Samuel Huntington បានមើលឃើញក្នុងជ្រុងមួយផ្សេងទៀតតាមរយៈទ្រឹស្តី “ការប៉ះទង្គិចរវាងអរិយធម៌” (Clash of Civilizations) ដែលលោកចាត់ទុកជាបញ្ហាស្នូលនៃពិភពលោក ក្រោយសង្គ្រាមត្រជាក់។ ពោលគឺសណ្តាប់ធ្នាប់ពិភពលោកថ្មីនេះ មិនមែនជាការប្រកួតប្រជែងផ្នែក មនោគមវិជ្ជានយោបាយទៀតឡើយ ប៉ុន្តែជាការប៉ះទង្គិចគ្នាដែលពាក់ព័ន្ធនឹងអត្តសញ្ញាណ វប្បធម៌ និងការយល់ឃើញអំពីអរិយធម៌ទៅវិញ។

ន័យនេះបង្ហាញថា ការប្រកួតប្រជែងក្នុងនយោបាយសកល មិនត្រឹមតែជាការវាស់ស្ទង់អំណាច ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការដណ្តើមឧត្តមភាពក្នុងការកំណត់ «អត្តសញ្ញាណ និងតួនាទី» របស់តួអង្គ នីមួយៗផងដែរ។ ក្នុងទំនាក់ទំនងអន្តរជាតិ រដ្ឋនីមួយៗជារឿយៗតែងប្រើប្រាស់ប្រវត្តិសាស្ត្រ ភាសា វប្បធម៌ សាសនា ឬការចងចាំរួមដើម្បីស្ថាបនា និងកំណត់អត្តសញ្ញាណរបស់ខ្លួន។ ទោះជាយ៉ាងណា នៅពេលដែលអត្តសញ្ញាណទាំងនេះត្រូវបានគូសរំលេចឱ្យឃើញពីភាពផ្ទុយគ្នា វានឹងបង្កើតឱ្យមានទស្សនៈបែកចែកគ្នារវាង «ខាងយើង» (In-group) និង «ខាងគេ» (Out-group) ដែលជាឫសគល់ នៃការបង្កើតការសង្ស័យ និងភាពតានតឹងរវាងរដ្ឋ។

ឧទាហរណ៍៖ ការប្រកួតប្រជែងអត្តសញ្ញាណអាចស្តែងឡើងតាមរយៈសំណួរយុទ្ធសាស្ត្រសំខាន់ៗ ដូចជា តើរដ្ឋមួយគួរចាត់ទុកខ្លួនឯងជាផ្នែកនៃសហគមន៍អាស៊ី ឬជាដៃគូនយោបាយរបស់លោកខាង លិច? តើអត្តសញ្ញាណជាតិគួរត្រូវបានទាញចេញ និងទម្រង់ឡើងវិញពីប្រវត្តិសាស្ត្ររបស់ខ្លួនដោយ របៀបណា? ហើយតើរដ្ឋនោះប្រាថ្នាចង់ឱ្យសហគមន៍អន្តរជាតិទទួលស្គាល់ និងកំណត់រូបភាពទម្រង់របស់ខ្លួនតាមបែបបទណា?

ក្រៅពីនេះ រដ្ឋនីមួយៗក៏អាចខិតខំប្រែក្លាយវប្បធម៌ តម្លៃ និងគោលការណ៍នយោបាយរបស់ខ្លួន ឱ្យមានទាក់ទាញ ដើម្បីពង្រីកឥទ្ធិពល និងទទួលបានការគាំទ្រនៅលើឆាកអន្តរជាតិ គឺតាមរយៈ «អំណាចទន់» (Soft Power)។ ហេតុនេះ ការប្រកួតប្រជែងអំណាចក្នុងយុគសម័យទំនើប មិនមែន កើតឡើងតែនៅលើសមរភូមិយោធាប៉ុណ្ណោះទេ ប៉ុន្តែក៏បានរីករាលដាលយ៉ាងខ្លាំងក្លាផងដែរនៅលើ ដែនសមុច្ច័យផ្សេងៗទៀតដូចជា៖ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បណ្តាញសង្គម ឧស្សាហកម្មភាពយន្ត និងតន្ត្រី កម្មវិធីផ្លាស់ប្តូរការអប់រំ និងអាហារូបករណ៍ មជ្ឈមណ្ឌលវប្បធម៌ ការផ្សព្វផ្សាយភាសា ព្រម ទាំងការរៀបចំប្រឹត្តិការណ៍កីឡា និងវប្បធម៌អន្តរជាតិជាដើម។

ដោយឡែក ការប្រកួតប្រជែងផ្នែកអរិយធម៌មានវិសាលភាពទូលំទូលាយជាងការប្រកួតប្រជែង ផ្នែកវប្បធម៌។ វាពាក់ព័ន្ធយ៉ាងស៊ីជម្រៅទៅនឹងទស្សនទានប្រវត្តិសាស្ត្រ សាសនា តម្លៃសង្គម និងទម្រង់ នៃការរៀបចំរចនាសម្ព័ន្ធសង្គម ដែលត្រូវបានរាប់បញ្ចូលជាសសរស្ដម្ភនៃអរិយធម៌នីមួយៗ។

លោក Samuel Huntington បានលើកឡើងថា ក្នុងបរិបទពិភពលោកក្រោយសង្គ្រាមត្រជាក់ កត្តាអរិយធម៌នឹងក្លាយជាប្រភពដើមចម្បងនៃភាពបែកបាក់ និងជម្លោះសកល។ ទោះជាយ៉ាងណា នេះ គ្រាន់តែជាក្របខណ្ឌនៃការវិភាគមួយដែលនៅមានការជជែកដេញដោល និងវែកញែកយ៉ាងក្តៅគគុក ប៉ុណ្ណោះ ហើយមិនមែនជា «ក្រឹត្យក្រមដាច់ខាត (Non-deterministic rule)» ដែលត្រូវកំណត់ថា អរិយធម៌ខុសគ្នាតែងតែឈានទៅរកការប៉ះទង្គិចគ្នានោះឡើយ។

ក្នុងន័យនេះ ទ្រឹស្តី Constructivism បានផ្តល់ជាកញ្ចក់ឆ្លុះបែបថ្មីមួយទៀត។ ទ្រឹស្តីនេះមិនផ្តោត តែលើអំណាច ឬផលប្រយោជន៍សេដ្ឋកិច្ចសុទ្ធសាធនោះទេ ប៉ុន្តែពិនិត្យយ៉ាងល្អិតល្អន់លើអត្តសញ្ញាណ គំនិត វប្បធម៌ និងបទដ្ឋានសង្គម (Norms) ដែលជាកត្តាកំណត់របៀបដែលរដ្ឋនីមួយៗស្គាល់ខ្លួនឯង និងមើលឃើញតួអង្គដទៃទៀត។

តាមទស្សនវិស័យនេះ ការប្រកួតប្រជែងរវាងមហាអំណាច គឺមិនត្រឹមតែផ្តោតលើជញ្ជីងអំណាច ប៉ុណ្ណោះទេ ប៉ុន្តែក៏ស្តែងឡើងតាមរយៈសំណួយុទ្ធសាស្ត្រសំខាន់ៗដូចជា៖ «តើជានរណា?» «តើតួអង្គដទៃជានរណា?» និងថា «តើសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយសុចរិតភាព និងធម្មានុរូបភាព នៃច្បាប់ គួរមានទម្រង់បែបណា?»។ ន័យនេះបង្ហាញថា ការប្រកួតប្រជែងសកល ក៏អាចរួមផ្សំឡើង ដោយវិមាត្រទ្វេ ម្ខាងគឺការប្រកួតប្រជែងលើអំណាចយោធា សេដ្ឋកិច្ច បច្ចេកវិទ្យា និងសន្តិសុខ (Hard Power & Material Factors) ហើយម្ខាងទៀត គឺការប្រកួតប្រជែងលើអត្តសញ្ញាណ វប្បធម៌ និងមនោគមវិជ្ជា (Soft Power & Normative Ideas)។ ហេតុនេះ នៅពេលទំនាក់ទំនងរវាងអត្តសញ្ញាណ និងជម្លោះកាន់តែមានភាពស្មុគស្មាញ វានឹងទាញថ្ពក់កត្តានយោបាយ សេដ្ឋកិច្ច សន្តិសុខ និងកេរដំណែលប្រវត្តិសាស្ត្រឱ្យមកប្រទាក់ក្រឡា និងជះឥទ្ធិពលគ្នាទៅវិញទៅមកដោយជៀសមិនរួចឡើយ។

ជាងបីទសវត្សរ៍កន្លងផុតមកនេះ ពិភពលោកពិតជាបាននិងកំពុងឈានចូលដល់របត់ផ្លាស់ប្តូរជា យុទ្ធសាស្ត្រថ្មីមួយទៀត។ ប្រទេសចិន ដែលកាលពីពេលមុនត្រូវបានគេចាត់ទុកត្រឹមជាប្រទេសកំពុងអភិវឌ្ឍន៍នោះ បានហក់ឡើងយ៉ាងឆាប់រហ័ស រហូតក្លាយជាមហាអំណាចសេដ្ឋកិច្ច បច្ចេកវិទ្យា ពាណិជ្ជកម្ម និងការទូតដ៏មានឥទ្ធិពលបំផុតមួយ ដែលសហគមន៍អន្តរជាតិមិនអាចមើលរំលងបានឡើយ។

អាស្រ័យហេតុនេះ សំណួរចោទឡើងអំពីអនាគតនៃសណ្តាប់ធ្នាប់សកលបានប្រែមុខមាត់ជាថ្មីថា តើការហក់ឡើងនៃឥទ្ធិពលចិន គ្រាន់តែជាការផ្លាស់ប្តូរតុល្យភាពអំណាចធម្មតារវាងមហាអំណាច (Balance of Power Shift) ឬក៏កំពុងបង្ខំឱ្យសហគមន៍អន្តរជាតិត្រូវពិចារណាឡើងវិញទាំងស្រុងអំពី បែបបទដែលយើងយល់ដឹងពីអំណាច សន្តិសុខ សណ្តាប់ធ្នាប់ពិភពលោក និងទំនាក់ទំនងអន្តរជាតិ?

ក្នុងបរិបទនេះ ផ្នែកបន្ទាប់យើងនឹងបន្តពិនិត្យមើលឱ្យបានស៊ីជម្រៅថា តើការរះឡើងនៃមហា អំណាចចិន អាចបង្កើតឱ្យមានបាតុភូតនៃការផ្លាស់ប្តូរអំណាច (Power Transition Theory) កម្រិតណា ហើយតើកំណើនឥទ្ធិពលនេះ ជួយជុញច្រានឱ្យមានការដេញដោលឡើងវិញអំពីអត្តសញ្ញាណ វប្បធម៌ តម្លៃស្នូល ព្រមទាំងទស្សនទានរបស់បណ្តាប្រទេសនានាចំពោះសណ្តាប់ធ្នាប់អន្តរជាតិយ៉ាងដូចម្តេច។ ហេតុដូច្នេះហើយ «ការរះឡើងរបស់ចិន» បានក្លាយជាប្រធានបទដ៏សំខាន់មួយ មិនត្រឹមតែមានសារសំខាន់សម្រាប់ការសិក្សាអំពីប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែជាសសរស្ដម្ភដ៏ចាំបាច់សម្រាប់ការស្វែងយល់អំពី ទិសដៅនៃសណ្តាប់ធ្នាប់របស់ពិភពលោកក្នុងសតវត្សរ៍ទី២១ទាំងមូលផងដែរ។

* ពីសណ្តាប់ធ្នាប់ក្រោយសង្គ្រាមត្រជាក់ ឆ្ពោះទៅរកការរះឡើងវិញនៃមហាអំណាចចិន

នៅចុងទសវត្សរ៍ឆ្នាំ១៩៨០ និងដើមទសវត្សរ៍ឆ្នាំ១៩៩០ នយោបាយសកលបានឈានចូលដល់ របត់ប្រវត្តិសាស្ត្រថ្មីមួយ។ ការបញ្ចប់នៃសង្គ្រាមត្រជាក់ និងការដួលរលំនៃសហភាពសូវៀតនៅឆ្នាំ ១៩៩១ បានផ្លាស់ប្តូរទាំងស្រុងនូវការប្រកួតប្រជែងទ្វេភាគីរវាងមហាអំណាចទាំងពីរ (Bipolarity) ដែលធ្លាប់បានកំណត់ទម្រង់ទំនាក់ទំនងអន្តរជាតិអស់រយៈពេលជាច្រើនទសវត្សរ៍។

ក្នុងបរិបទសណ្តាប់ធ្នាប់ថ្មីនេះ សហរដ្ឋអាមេរិកបានលេចធ្លោឡើងជា «មហាអំណាចឯកប៉ូល» (Unipolar Hegemon) ដែលមានឥទ្ធិពលខ្លាំងក្លាតែមួយគត់ ខណៈដែលបណ្តាប្រទេសជាច្រើនលើ ពិភពលោកបានចាប់ផ្តើមអនុវត្តកំណែទម្រង់សេដ្ឋកិច្ច និងនយោបាយតាមបែបបទផ្សេងៗគ្នា។ នា ពេលនោះ អ្នកប្រាជ្ញផ្នែកទំនាក់ទំនងអន្តរជាតិបានបើកការពិភាក្សាយ៉ាងផុសផុលអំពីរូបរាង និងទិស ដៅនៃពិភពលោកក្រោយសង្គ្រាមត្រជាក់។ ក្នុងចំណោមនោះ លោក Francis Fukuyama បានចោទ សួរស្តីពីទស្សនទាន «ចុងបញ្ចប់នៃប្រវត្តិសាស្ត្រ» (The End of History) ខណៈដែលលោក Samuel Huntington បានលើកឡើងអំពីទ្រឹស្តី «ការប៉ះទង្គិចរវាងអរិយធម៌» (The Clash of Civilizations)។ គួររំលឹកថា អត្ថបទស្រាវជ្រាវដើមរបស់លោក Huntington ដែលមានចំណងជើងថា “The Clash of Civilizations?” ត្រូវបានបោះពុម្ពផ្សាយជាលើកដំបូងនៅក្នុងទស្សនាវដ្តី Foreign Affairs នាឆ្នាំ១៩៩៣។

ទោះជាយ៉ាងណា ការបញ្ចប់នៃសង្គ្រាមត្រជាក់មិនមែនជាទីបញ្ចប់នៃការប្រកួតប្រជែងគ្នារវាងមហាអំណាចជារៀងរហូតនោះឡើយ។ ផ្ទុយទៅវិញ វាកាន់តែចោទជាសំណួរយុទ្ធសាស្ត្រថ្មីៗថា តើរចនាសម្ព័ន្ធអំណាចសកលនឹងត្រូវរៀបចំឡើងវិញតាមបែបបទណា? ហើយថាតើសណ្តាប់ធ្នាប់ អន្តរជាតិនឹងវិវត្តទៅក្នុងទិសដៅណាទៀតដែរឬទេ?

ក្នុងខណៈដែលសហគមន៍អន្តរជាតិកំពុងស្វែងរកចម្លើយចំពោះសំណួរទាំងនេះ ប្រទេសចិនក៏បាននិងកំពុងបន្តដំណើរផ្លាស់ប្តូររូបរាងរបស់ខ្លួនតាមគន្លងយុទ្ធសាស្ត្រដោយឡែកមួយផ្សេងទៀត។ ចាប់តាំងពីការដាក់ចេញនូវគោលនយោបាយ «កំណែទម្រង់ និងបើកទូលាយសេដ្ឋកិច្ច» (Reform and Opening-up) នាចុងទសវត្សរ៍ឆ្នាំ១៩៧០ ប្រទេសចិនបានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាង ជ្រាលជ្រៅក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ទោះបីជាដំណើរការកំណែទម្រង់នេះបានចាប់ផ្តើមតាំងពី មុនមកក៏ដោយ ការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាឆ្នាំ២០០១ បានក្លាយ ជាកាតាលីករដ៏សំខាន់ក្នុងការជួយពង្រឹង និងពន្លឿនសមាហរណកម្មសេដ្ឋកិច្ចចិន ទៅក្នុងគន្លងប្រព័ន្ធ ពាណិជ្ជកម្ម និងខ្សែសង្វាក់តម្លៃសកល (Global Value Chains) យ៉ាងពេញលេញ។

នៅក្នុងរបត់នៃការផ្លាស់ប្តូរនេះ ប្រទេសចិនបានហក់ឡើងជា «រោងចក្រពិភពលោក» និងជាមជ្ឈ មណ្ឌលពាណិជ្ជកម្មដ៏សំខាន់បំផុតមួយនៃសេដ្ឋកិច្ចសកល ហើយព្រមទាំងបានពង្រីកវិសាលភាព ឥទ្ធិពលយ៉ាងឆាប់រហ័សលើការវិនិយោគអន្តរជាតិ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាទំនើប និងការទូតពហុភាគី។ ការកើនឡើងនៃឥទ្ធិពលជាយុទ្ធសាស្ត្រនេះ បានផ្តល់ខ្លឹមសារ និងរំលេចអត្ថន័យថ្មីទាំងស្រុងដល់ សំណួរអំពីអនាគតនៃនយោបាយសកលថា៖ តើសណ្តាប់ធ្នាប់ពិភពលោក ដែលមានចិនជាមហា អំណាចកំពុងរះឡើង នឹងមានរូបរាង និងទិសដៅបែបណា?

នេះមិនត្រឹមតែជាសំណួរចោទឡើងអំពីទំហំអំណាច ឬដែនកំណត់នៃសមត្ថភាពរបស់ប្រទេស ចិនប៉ុណ្ណោះទេ។ លើសពីនេះ វាគឺជាសំណួរយុទ្ធសាស្ត្រអំពីរចនាសម្ព័ន្ធនៃការផ្លាស់ប្តូរតុល្យភាព អំណាចសកល (Balance of Power) បែបបទនៃការប្រកួតប្រជែង ឬកិច្ចសហប្រតិបត្តិការរវាងមហា អំណាច ព្រមទាំងទិសដៅនៃការវិវត្តនៃសណ្តាប់ធ្នាប់អន្តរជាតិទាំងមូល។ ហេតុដូច្នេះហើយ «ការរះឡើងនៃមហាអំណាចចិន» ក្លាយជាករណីសិក្សាដ៏មានសារសំខាន់ បំផុតមួយក្នុងវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ។ ទោះជាយ៉ាងណា នេះមិនមែនជាករណីសិក្សាតែលើ «ប្រទេសចិន» សុទ្ធសាធនោះឡើយ ប៉ុន្តែក៏ជាការសាកល្បង និងការផ្ទៀងផ្ទាត់ ឡើងវិញលើក្របខណ្ឌទ្រឹស្តីទាំងឡាយ ដែលយើងធ្លាប់បានប្រើប្រាស់ដើម្បីស្វែងយល់អំពីអំណាច សន្តិសុខ កិច្ចសហប្រតិបត្តិការ និងសណ្តាប់ធ្នាប់ពិភពលោកផងដែរ។

* Realism៖ នៅពេលអំណាចកើនឡើង ការប្រកួតប្រជែងអាចកើនឡើង

ដើម្បីបកស្រាយអំពីការរះឡើងនៃមហាអំណាចចិន អ្នកសិក្សាស្រាវជ្រាវភាគច្រើនបានទាញយក ទ្រឹស្តីជាក់ស្តែងនិយម (Realism) មកធ្វើជាក្របខណ្ឌវិភាគ ដោយផ្តោតលើតួនាទីស្នូលនៃអំណាច សន្តិសុខជាតិ និងការប្រកួតប្រជែងរវាងរដ្ឋនៅក្នុងប្រព័ន្ធអន្តរជាតិ។ តាមទស្សនវិស័យនេះ រដ្ឋនីមួយៗត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសន្តិសុខ និងផលប្រយោជន៍ជាតិរបស់ខ្លួន នោះគឺដោយសារប្រព័ន្ធអន្តរជាតិមានលក្ខណៈអនាធិបតេយ្យ (Anarchy) ពោលគឺគ្មានរដ្ឋាភិបាលសកលរួមមួយដែលអាចធានាសន្តិសុខ និងសុវត្ថិភាពឱ្យគ្រប់ប្រទេសបានឡើយ។ ហេតុដូច្នេះ នៅពេលប្រទេសចិនកាន់តែមានសមត្ថភាព និងអំណាចកាន់តែខ្លាំងក្លា សំណួរយុទ្ធសាស្ត្រចម្បងគឺ៖ តើការរះឡើងរបស់ចិន នឹងផ្លាស់ប្តូរតុល្យភាពអំណាចរវាងចិន និងសហរដ្ឋអាមេរិកយ៉ាងដូចម្តេច?

លោក John Mearsheimer ដែលជាអ្នកប្រាជ្ញទ្រឹស្តីប្រាកដនិយមលេចធ្លោមួយរូប (Offensive Realism) បានលើកឡើងនូវសំណួរគន្លឹះដោយផ្ទាល់ថា៖ «តើចិនអាចកើនឡើងឥទ្ធិពលដោយសន្តិវិធីបានដែរឬទេ?» (Can China Rise Peacefully?)។

តាមក្របខណ្ឌវិភាគបែប Realism ការសិក្សាពីការរះឡើងរបស់ចិន មិនចាំបាច់ផ្តើមចេញពីសំណួរថា «តើប្រទេសចិនមានចេតនាល្អ ឬអាក្រក់?» នោះឡើយ ប៉ុន្តែចំណុចសំខាន់ជាងនេះ គឺការប្រែប្រួលរចនាសម្ព័ន្ធអំណាច (Power Structural Shift)។ នៅពេលរដ្ឋមួយអភិវឌ្ឍសមត្ថភាព និង អំណាចរបស់ខ្លួនកាន់តែខ្លាំងនោះរដ្ឋដទៃទៀត ជាពិសេសមហាអំណាចដែលកំពុងមានស្រាប់នឹង កើតមានក្តីបារម្ភផ្នែកសន្តិសុខកាន់តែខ្លាំង ព្រោះការកើនឡើងនោះអាចផ្លាស់ប្តូរតុល្យភាពអំណាច និងប៉ះពាល់ដល់ការគិតគូរផ្នែកសន្តិសុខរបស់ពួកគេ។

កត្តានេះហើយដែលធ្វើឱ្យការកើនឡើងនៃឥទ្ធិពលចិន ត្រូវបានភ្ជាប់ទៅនឹងការដេញដោលអំពី ទ្រឹស្តីនៃការផ្លាស់ប្តូរអំណាច (Power Transition Theory) និងក្របខណ្ឌវិភាគទ្រឹស្តីផ្សេងៗទៀតដែល ព្យាយាមពន្យល់ពីទម្រង់ និងផលវិបាកនៃការផ្លាស់ប្តូរជញ្ជីងអំណាចរវាងមហាអំណាច។

ទោះជាយ៉ាងណា កំណើនអំណាចមិនមែនមានន័យថា ការប្រឈមមុខដាក់គ្នា ឬជម្លោះប្រដាប់ អាវុធត្រូវតែកើតមានឡើងជាដាច់ខាតនោះទេ។ ចំណុចនេះ តម្រូវឱ្យយើងពិនិត្យសិក្សាពីទស្សនៈ និងក្របខណ្ឌគំនិតផ្សេងទៀត ដែលអាចពន្យល់ពីមូលហេតុថា ហេតុអ្វីមហាអំណាចដែលមានផល ប្រយោជន៍ខុសគ្នា នៅតែអាចបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន ហើយតើស្ថាប័នអន្តរជាតិ ការធ្វើពាណិជ្ជកម្ម និងការពឹងផ្អែកគ្នាទៅវិញទៅមក អាចមានតួនាទីយ៉ាងដូចម្តេចក្នុងការគ្រប់គ្រងការ ប្រកួតប្រជែង។

* Liberalism៖ អំណាចកើនឡើង មិនមានន័យថា កិច្ចសហប្រតិបត្តិការត្រូវបញ្ចប់នោះទេ

នៅទីនេះទស្សនៈ Liberalism ផ្តល់ចំណុចមើលមួយផ្សេងទៀត។ ប្រសិនបើ Realism ផ្តោតលើ អំណាច និងសន្តិសុខ នោះ Liberalism ផ្តោតលើស្ថាប័នអន្តរជាតិ ច្បាប់ ពាណិជ្ជកម្ម កិច្ចសហប្រតិ បត្តិការ និងការពឹងផ្អែកគ្នាទៅវិញទៅមក។ ក្នុងបរិបទនេះ ទ្រឹស្តី Liberalism បានផ្តល់នូវកញ្ចក់ឆ្លុះ និងទស្សនវិស័យផ្ទុយមួយផ្សេងទៀត។ ប្រសិនបើ Realism ផ្តោតជាសំខាន់លើអំណាចយោធានិងសន្តិសុខ នោះ Liberalism ផ្តោតលើតួនាទីរបស់ស្ថាប័នអន្តរជាតិ ច្បាប់ ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ និងការពឹងផ្អែកគ្នាទៅវិញទៅមក (Complex Interdependence)។

ទស្សនទានស្នូលនៃទ្រឹស្តី Liberalism អះអាងថា ទោះបីជាបណ្តារដ្ឋមានផលប្រយោជន៍ប្រកួត ប្រជែងគ្នាក៏ដោយ ក៏ពួកគេនៅតែអាចស្វែងរកកិច្ចសហប្រតិបត្តិការបាន នោះប្រសិនបើមានស្ថាប័នអន្តរជាតិ ច្បាប់ និងប្រព័ន្ធផលប្រយោជន៍រួម មកធ្វើជាយន្តការសម្របសម្រួល និងគ្រប់គ្រងទំនាក់ទំនងរវាងគ្នា។ ក្នុងន័យនេះ ប្រទេសចិន មិនបានរះឡើងនៅក្រៅប្រព័ន្ធអន្តរជាតិនោះទេ។ ផ្ទុយទៅវិញ ចិនបានធ្វើសមាហរណកម្មខ្លួនកាន់តែជ្រៅទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពិភពលោក ស្ថាប័នអន្តរជាតិ និងបណ្តាញសេដ្ឋកិច្ចពហុភាគីជាច្រើន ដែលក្នុងនោះការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅឆ្នាំ២០០១ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយនៃដំណើរការនេះ។

ដូច្នេះសំណួរមិនមែនមានត្រឹមតែថា «តើចិននឹងបង្កើនអំណាចរបស់ខ្លួនយ៉ាងដូចម្តេច?» នោះទេ។ សំណួរដ៏មានទម្ងន់មួយទៀតគឺ «តើចិននឹងប្រើប្រាស់សមត្ថភាព និងតួនាទីដែលកាន់តែរីកធំ ធាត់ឡើងរបស់ខ្លួន នៅក្នុងសណ្តាប់ធ្នាប់អន្តរជាតិដែលមានស្រាប់យ៉ាងដូចម្តេច?» តើចិននឹងព្យាយាមបំបែកសណ្តាប់ធ្នាប់ដែលមានស្រាប់ ឬនឹងចូលរួមក្នុងប្រព័ន្ធនោះ ហើយព្យាយាមកែប្រែ ឬកសាងវាឡើងវិញពីខាងក្នុង?

អ្នកប្រាជ្ញល្បីឈ្មោះដូចជា G. John Ikenberry បានចូលរួមយ៉ាងសំខាន់ក្នុងការពិភាក្សាអំពី ទំនាក់ទំនងរវាងការកើនឡើងរបស់ចិន និងសណ្តាប់ធ្នាប់អន្តរជាតិសេរី (Liberal International Order)។ ចំណុចសំខាន់មួយនៃការពិភាក្សានេះ គឺការរះឡើងនៃមហាអំណាចថ្មី មិនមានន័យថា សណ្តាប់ធ្នាប់អន្តរជាតិដែលមានស្រាប់ នឹងត្រូវបានបំផ្លាញដោយស្វ័យប្រវត្តិនោះទេ។ ចំណុចនេះបង្ហាញឱ្យឃើញពីភាពខុសគ្នាយ៉ាងច្បាស់រវាងទស្សនៈ Realism និង Liberalism៖ Realism ចោទសួរថា តើការផ្លាស់ប្តូរតុល្យភាពអំណាចនឹងប៉ះពាល់ដល់សន្តិសុខយ៉ាងដូចម្តេច? រីឯ Liberalism ចោទសួរថា តើបណ្តារដ្ឋអាចបន្តកិច្ចសហប្រតិបត្តិការបានយ៉ាងដូចម្តេច ទោះបីជាតុល្យភាពអំណាចកំពុងប្រែប្រួលក៏ដោយ?

សំណួរទាំងនេះបាននាំយើងទៅពិនិត្យមើលពីតួនាទីនៃស្ថាប័នអន្តរជាតិ និងវិធានច្បាប់សកល ថា តើស្ថាប័ន និងគោលការណ៍ច្បាប់ទាំងនេះ អាចជួយកាត់បន្ថយភាពមិនប្រាកដប្រជា បង្កើតការរំពឹង ទុករួម និងរក្សាកិច្ចសហប្រតិបត្តិការរវាងមហាអំណាច នៅពេលដែលទំនាក់ទំនងអំណាចកំពុងមាន ការប្រែប្រួលបានក្នុងកម្រិតណា?

* Thucydides Trap៖ តើការផ្លាស់ប្តូរអំណាចត្រូវតែនាំទៅរកសង្គ្រាម?

នៅពេលនិយាយពីទំនាក់ទំនងចិន-អាមេរិក មានគំនិតមួយដែលតែងតែត្រូវបានលើកយកមក ពិភាក្សាគឺ «Thucydides Trap»។ គំនិតនេះត្រូវបានប្រើដើម្បីពិពណ៌នាអំពីភាពតានតឹងដែលអាច កើតមានឡើង នៅពេលមហាអំណាចថ្មីមួយកំពុងកើនឡើង ហើយប្រឈមមុខនឹងមហាអំណាចដែលមានស្រាប់។ នៅពេលពិភាក្សាអំពីទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក គំនិតមួយដែលតែងតែត្រូវបាន លើកយកមកដេញដោលយ៉ាងក្តៅគគុកគឺ «អន្ទាក់ធូស៊ីឌីឌីត» (Thucydides Trap)។ ទស្សនទាន នេះត្រូវបានប្រើប្រាស់ដើម្បីពិពណ៌នាអំពីហានិភ័យនៃភាពតានតឹង និងជម្លោះដែលអាចកើតមានឡើង នៅពេលដែលមហាអំណាចកំពុងរះឡើង (Rising Power) ប្រឈមមុខនឹងមហាអំណាចដែលមាន ស្រាប់ (Dominant/Established Power)។

លោក Graham Allison បានធ្វើឱ្យទស្សនទាននេះលេចធ្លោខ្លាំងក្នុងការសិក្សាវែកញែកអំពី នយោបាយសកល ពិសេសតាមរយៈស្នាដៃសៀវភៅរបស់លោកដែលមានចំណងជើងថា “Destined for War: Can America and China Escape Thucydides’s Trap?”។

ទោះជាយ៉ាងណា ការលើកឡើងពី «Thucydides Trap» មិនមែនមានន័យថា «ការរះឡើងរបស់ ចិន នឹងនាំទៅរកសង្គ្រាមដោយជៀសមិនរួច» នោះទេ។ គំនិតនេះគួរត្រូវបានយល់ជាសំណួរដាស់តឿនអំពី «ហានិភ័យ» ដែលអាចកើតមាននៅពេលមានការប្រែប្រួលរចនាសម្ព័ន្ធអំណាចធំធេង និងអំពីថា តើមេដឹកនាំនៃរដ្ឋទាំងពីរអាចគ្រប់គ្រងហានិភ័យទាំងនោះបានដោយរបៀបណា។

ក្នុងន័យនេះ យន្តការការទូត (Diplomatic Mechanisms) ដូចជា ការទូត ការមានទំនាក់ទំនង ផ្ទាល់រវាងមេដឹកនាំ ស្ថាប័នពហុភាគី ពាណិជ្ជកម្ម និងយន្តការគ្រប់គ្រងវិបត្តិ (Crisis Management Mechanisms) សុទ្ធតែមានតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃការយល់ច្រឡំ និងការហក់ឡើងនៃភាពតានតឹង។ ហេតុដូច្នេះ ការពិភាក្សាអំពីការរះឡើងរបស់ចិនមិនបានបញ្ចប់ត្រឹមសំណួរថា «តើចិននឹងប្រកួត ប្រជែងជាមួយអាមេរិកឬទេ?» នោះឡើយ។ សំណួរដែលមានជម្រៅជាងនេះគឺ តើការផ្លាស់ប្តូរអំណាចអាចត្រូវបានគ្រប់គ្រងតាមរយៈការប្រកួតប្រជែងដោយមានការទទួលខុសត្រូវ មានកិច្ចសហប្រតិបត្តិការ និងស្ថាប័នអន្តរជាតិយ៉ាងដូចម្តេច?

* ពី «ចិនជាករណីសិក្សា» ទៅ «ចិនជាប្រភពនៃគោលគំនិត»

នៅត្រង់ចំណុចនេះ ការរះឡើងរបស់ចិន មិនត្រឹមតែជាប្រធានបទសម្រាប់សិក្សាអំពីប្រទេសចិន (China Studies) សុទ្ធសាធទៀតនោះឡើយ។ វាក៏បានក្លាយជា «កញ្ចក់ឆ្លុះ» ដ៏សំខាន់មួយ ដែល តម្រូវឱ្យយើងមើលឃើញពិភពលោក និងទ្រឹស្តីទំនាក់ទំនងអន្តរជាតិក្នុងបែបបទថ្មី។ ពោលគឺ យើង កំពុងផ្លាស់ប្តូរពីការចាត់ទុក «ចិនជាករណីសិក្សា» (China as an Empirical Case Study) ទៅជា ការពិចារណា «ចិនជាប្រភពនៃគោលគំនិត និងទ្រឹស្តី» (China as a Conceptual Source) ដែលអាចជួយកែប្រែ និងពង្រីកវិធីសាស្ត្រនៃការគិតរបស់យើងលើទំនាក់ទំនងអន្តរជាតិ។

ការបកស្រាយនេះបង្ហាញថា ការរះឡើងនៃមហាអំណាចចិន មិនមែនជាបញ្ហាទ្វេភាគីរវាងចិន និងអាមេរិកតែពីរប្រទេសនោះទេ។ វាប្រទាក់ក្រឡាយ៉ាងជិតស្និទ្ធទៅនឹងតំបន់អាស៊ី អាស៊ាន ក្រុមប្រទេស Global South ពាណិជ្ជកម្មសកល បច្ចេកវិទ្យា ខ្សែសង្វាក់ផ្គត់ផ្គង់ ស្ថាប័នអន្តរជាតិ និងអនាគតនៃសណ្តាប់ធ្នាប់ពិភពលោកទាំងមូល។

* សណ្តាប់ធ្នាប់សកល៖ ពិភពលោកដែលមិនមែនជាជម្រើសនៅខាង «អាមេរិក ឬចិន»

ការពិភាក្សាអំពីការរះឡើងរបស់ចិន ជាញឹកញាប់ត្រូវបានសម្រួលខ្លីមកត្រឹមជម្រើសពីរ (Binary Choice) គឺជ្រើសរើសអាមេរិក ឬជ្រើសរើសចិន។ ប៉ុន្តែក្នុងប្រព័ន្ធទំនាក់ទំនងអន្តរជាតិជាក់ស្តែង ភាពប្រាកដនិយមមានលក្ខណៈស្មុគស្មាញជាងការជ្រើសរើសរវាងភាគីពីរនេះឆ្ងាយណាស់។

រដ្ឋមួយអាចមានទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធជាមួយចិន ប៉ុន្តែក៏អាចរក្សា ទំនាក់ទំនងសន្តិសុខ និងយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិក។ ប្រទេសមួយអាចចូលរួមក្នុងស្ថាប័ន អន្តរជាតិ ដែលដឹកនាំដោយលោកខាងលិច ហើយក្នុងពេលជាមួយគ្នានោះក៏ជាសមាជិកសកម្មនៃ ស្ថាប័ន ឬយន្តការថ្មីៗដែលបង្កើតឡើងដោយចិនផងដែរ។ បានសេចក្តីថា អនាគតនៃសណ្តាប់ធ្នាប់សកល អាចមិនមែនជាការជ្រើសរើសដាច់ខាតរវាង «Chinese Order» និង «American Order» ដោយត្រង់ៗនោះទេ។ វាអាចជាពិភពលោកមួយដែលការប្រកួតប្រជែង និងកិច្ចសហប្រតិបត្តិការ កើតឡើងស្របគ្នាក្នុងពេលតែមួយ និងទៅតាមវិស័យផ្សេងៗគ្នា (Multiplex/Multidimensional Order)។

ពោលគឺ ប្រទេសមួយអាចប្រកួតប្រជែងជាមួយចិន ក្នុងវិស័យបច្ចេកវិទ្យា ប៉ុន្តែសហការគ្នាយ៉ាងជិតស្និទ្ធជាមួយចិន ក្នុងវិស័យពាណិជ្ជកម្ម ឬការប្រែប្រួលអាកាសធាតុ ខណៈដែលនៅតែរក្សាទំនាក់ ទំនងយុទ្ធសាស្ត្រជាមួយអាមេរិក។ នេះហើយជាលក្ខណៈពិសេសនៃទំនាក់ទំនងអន្តរជាតិក្នុងយុគសម័យទំនើបដែលមាន ការប្រកួតប្រជែង កិច្ចសហប្រតិបត្តិការ និងការពឹងផ្អែកគ្នាទៅវិញទៅមក កើតមានឡើងក្នុងពេលដំណាលគ្នា។ ម្យ៉ាងវិញទៀតរបត់ផ្លាស់ប្តូរនេះ គឺតម្រូវឱ្យយើងពិនិត្យឡើងវិញនូវក្របខណ្ឌនៃការយល់ដឹងរបស់យើងអំពី ពិភពលោកថា តើយើងអាចស្វែងយល់ពីពិភពលោកបានគ្រប់ជ្រុងជ្រោយដែរឬទេ តើត្រូវប្រើប្រាស់វិធីគិតអ្វី ឬទ្រឹស្តីដែលមានស្រាប់ពីអតីតកាល?

ប្រសិនបើការកើនឡើងរបស់ចិន គ្រាន់តែបង្កើតនូវមហាអំណាចថ្មី នោះវាគឺជាការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយដ៏មានសារសំខាន់មួយ។ ប៉ុន្តែប្រសិនបើកំណើនឥទ្ធិពលនេះ បង្ខំឱ្យយើងត្រូវពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញនូវទស្សនទានគ្រឹះអំពី អំណាច សន្តិសុខ សណ្តាប់ធ្នាប់ អត្តសញ្ញាណ និងកិច្ចសហប្រតិបត្តិការ នោះមានន័យថា ការរះឡើងរបស់ចិនមិនត្រឹមតែផ្លាស់ប្តូរទម្រង់នៃពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងផ្លាស់ប្តូរ «វិធីសាស្ត្រដែលយើងយល់ដឹងអំពីពិភពលោក» ផងដែរ។

នេះជាតម្លៃ និងបេសកកម្មស្នូលសម្រាប់ការសិក្សាទំនាក់ទំនងអន្តរជាតិក្នុងសតវត្សរ៍ទី២១នេះ ដែលយើងមិនគួរសួរត្រឹមតែថា «តើចិននឹងផ្លាស់ប្តូរពិភពលោកយ៉ាងដូចម្តេច?» នោះទេ ប៉ុន្តែយើងក៏ត្រូវ ចោទសួរដោយចិត្តទូលាយថា «តើការរះឡើងរបស់ចិន កំពុងបង្ខំឱ្យយើងពិចារណា និងគិតគូរឡើង វិញអំពីពិភពលោកយ៉ាងដូចម្តេចខ្លះ?»៕