រាជរដ្ឋាភិបាល សម្រេចដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ៤លើក ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេងឥន្ធនៈ
24-09-2026 18:51
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដោយផ្ទាល់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីសម្រាលបន្ទុកជីវភាពជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលកំពុងរងផលប៉ះពាល់ពីការឡើងថ្លៃនៃប្រេង និងឥន្ធនៈ។
យោងតាមគម្រោងផ្តល់ជំនួយនេះ គ្រួសារគោលដៅនឹងទទួលបានប្រាក់ឧបត្ថម្ភសរុបចំនួន ៤លើក ដោយបែងចែកតាមកាលបរិច្ឆេទដូចខាងក្រោម៖
- លើកទី១៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦
- លើកទី២៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
- លើកទី៣៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
- លើកទី៤៖ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦
បច្ចុប្បន្ន ក្រសួងផែនការបានរៀបចំបញ្ជីបច្ចុប្បន្នកម្មគ្រួសារគោលដៅរួចរាល់ហើយ ខណៈដែលមូលនិធិជាតិជំនួយសង្គមក៏បាននិងកំពុងដំណើរការរៀបចំការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនប្រជាពលរដ្ឋទៅតាមកាលបរិច្ឆេទកំណត់ខាងលើផងដែរ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលនឹងបន្តតាមដាន និងវាយតម្លៃលើស្ថានភាពជាក់ស្តែងជាប្រចាំ ព្រមទាំងត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ចេញវិធានការគាំទ្របន្ថែមនៅពេលចាំបាច់ ដោយប្រកាន់ខ្ជាប់នូវស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» ស្របតាមក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ដែលជាកម្មវិធីគោលនយោបាយអាទិភាពមួយ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕






