* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងបរិស្ថាន នាំយកសម្ភារៈទុកដាក់សំរាម និងសំណល់ថ្មពិល ប្រគេនថ្វាយសម្ដេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព នៅវត្តនិគ្រោធវ័ន

25-09-2026 10:11

(ភ្នំពេញ)៖ ក្រុមការងារក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បាននាំយកសម្ភារៈទុកដាក់សំរាម និងសំណល់ថ្មពិលចំនួន ៥ធុង ទៅប្រគេនថ្វាយសម្ដេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព នៅវត្តនិគ្រោធវ័ន (ហៅវត្តគល់ទទឹង) ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ការផ្តល់ជូននេះ ក្នុងគោលបំណងបង្កើនភាពស្អាតក្នុងវត្តអារាម ជាពិសេសក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ដែលមានពុទ្ធបរិស័ទមកវត្តយ៉ាងច្រើនកុះករ។

សកម្មភាពនេះ ក៏ជាផ្នែកមួយនៃការផ្សព្វផ្សាយ និងចូលរួមចំណែកកាត់បន្ថយសំណល់ប្លាស្ទិក ក្រោមយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» របស់ក្រសួងបរិស្ថាន។ ជាមួយគ្នានេះ វាក៏ជួយលើកកម្ពស់សោភ័ណភាព អនាម័យ និងការគ្រប់គ្រងសំរាមសំណល់រឹង និងសំណល់គ្រោះថ្នាក់ ឱ្យបានត្រឹមត្រូវ រួមទាំងពង្រឹងផ្នត់គំនិតអនាម័យ និងបរិស្ថានស្អាតនៅក្នុងទីអារាម ជូនដល់សាធារណជន។

វត្តអារាមជាកន្លែងប្រមូលផ្តុំប្រជាពលរដ្ឋយ៉ាងច្រើននៅពេលមានពិធីបុណ្យ និងការមកកម្សាន្ត។ ដូច្នេះ ការជំរុញភាពស្អាត និងការគ្រប់គ្រងសំរាមក្នុងវត្ត មិនត្រឹមតែលើកកម្ពស់សោភ័ណភាពព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូដ៏មានឥទ្ធិពលសម្រាប់ពុទ្ធបរិស័ទ យកទៅអនុវត្តតាមមូលដ្ឋានរៀងៗខ្លួន។

ដើម្បីធានាចីរភាពនៃភាពស្អាតនៅកម្ពុជា លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការដើម្បីកម្ពុជាស្អាតជាទំហានៗ ដោយបាននិងកំពុងបន្តចែកជូនធុងសំរាម ដល់គ្រប់សាលារៀន មណ្ឌលសុខភាព និងវត្តអារាម រួមទាំងការផ្តល់ឧបករណ៍ទុកដាក់ និងដឹកជញ្ជូន និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំណល់រឹង នៅទូទាំងប្រទេស។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍ជឿជាក់យ៉ាងមុតមាំថា នៅពេលដែលសាលារៀន និងវត្តអារាមមានភាពស្អាត វានឹងក្លាយជាកញ្ចក់ឆ្លុះបញ្ចាំង និងជំរុញឱ្យសហគមន៍ទាំងមូលប្រែទម្លាប់មកស្រឡាញ់ និងរួមគ្នាសម្អាតបរិស្ថានជុំវិញផ្ទះ និងតាមដងផ្លូវជាប្រចាំ សំដៅធ្វើឱ្យ «កម្ពុជាដែលជាផ្ទះរបស់យើង ស្អាត និងមានចីរភាព»។

កន្លងមក ក្រសួងបានផ្តល់ធុងដាក់សំរាមសម្រាប់ញែកសំណល់ សរុប ៤១ ៥៧២ធុង ហើយតាមការគ្រោងទុក នឹងផ្តល់ជូនធុងសំរាមឱ្យបានដល់គ្រប់សាលារៀន វត្តអារាម និងមណ្ឌលសុខភាពនៅទូទាំងប្រទេសចំនួន ៥៥ ៥០០ធុង ដើម្បីអប់រំប្រជាពលរដ្ឋឱ្យចេះទុកដាក់ និងញែកសំរាម ក៏ដូចជាជួយសម្រួលដល់ការប្រមូលសំរាមប្រកបដោយប្រសិទ្ធភាព៕