លោក កេង សុម៉ារិទ្ធ៖ កម្ពុជាប្តេជ្ញាចិត្តពង្រឹងកិច្ចសហការផ្នែកច្បាប់ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម Online ឆ្លងដែន, សូមកុំយកឧក្រិដ្ឋកម្មកើតនៅរដ្ឋមួយ ទម្លាក់ជាបន្ទុកទៅកាន់រដ្ឋមួយទៀត (Video inside)
25-09-2026 11:38
(ភ្នំពេញ)៖ ប្រទេសកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឆ្លងដែន។
លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញជំហរយ៉ាងច្បាស់លាស់ចំពោះតំណាងមកពី២៧ប្រទេស ដែលបានចូលរួមក្នុងសន្និសីទ ICCOS-2026 អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ជាមួយដៃគូអន្តរជាតិ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា។
ជាមួយគ្នានេះដែរ លោក កេង សុម៉ារិទ្ធ បានបន្ថែមថា កិច្ចសហប្រតិបត្តិការនេះនឹងត្រូវអនុវត្តដោយគោរពច្បាប់ និងអធិបតេយ្យភាពរបស់រដ្ឋនីមួយៗ ព្រមទាំងផ្អែកលើការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមក។
លោក កេង សុម៉ារិទ្ធ បានបន្ថែមជូនពីរចំណុចថាវាជាលទ្ធផលដ៏រឹងមាំមួយដ៏ល្អមួយនៃអង្គសន្និសីទ ដែលប្រទេសទាំងអស់ដែលបានចូលរួមទាំង២៧ ប្រទេស និងតំណាងអង្គការអន្តរជាតិចំនួន៩ ពួកយើងបានឯកភាពគ្នាទៅលើខ្លឹមសាររួមមួយដែលមានសារៈសំខាន់ណាស់ ថាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា វាគឺជាបទល្មើសដែលមានលក្ខណៈជាបទល្មើសឆ្លងដែន មានន័យថាមិនមែនធ្វើប្រទេសនេះពាក់ព័ន្ធតែប្រទេសនេះទេ ធ្វើប្រទេសនេះពាក់ព័ន្ធប្រទេសនេះនោះទេ។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានលើកឡើងថា ប្រទេសខ្លះអាចមានជនរងគ្រោះ ប្រទេសខ្លះអាចមានជនល្មើស ហើយមានរំហូរនូវសាច់ប្រាក់ឆ្លងទៅវិញទៅមក ដែលមានភាពស្នុគស្មាញ ដូច្នេះហើយដើម្បីអាចទទួលបានជោគជ័យក្នុងការបង្ក្រាបការបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ប្រទេសទាំងអស់ដែលបានចូលរួមសន្និសីទអន្តរជាតិនេះ បានឯកភាពគ្នា និងប្ដេជ្ញាចិត្តថារួមគ្នាផ្ដល់កិច្ចសហការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេ្ចកវិទ្យា។
លោក កេង សុម៉ារិទ្ធ បានសង្កត់ធ្ងន់ថា៖ «ការយល់ឃើញរួមគ្នានេះ គឺជារឿងសំខាន់ខ្លាំងណាស់ ពីព្រោះថាយើងមិនអាចយកការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយដែលកើតឡើងនៅរដ្ឋមួយ ទម្លាក់ជាបន្ទុកទៅកាន់រដ្ឋមួយទៀតនោះទេ បញ្ហានេះវាកើតមានគ្រប់បណ្តាប្រទេសជាច្រើនទៀត ប៉ុន្តែ អ្វីដែលជាចំណុចស្នូលដែលអាចឈានទៅដល់ជោគជ័យការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺកិច្ចសហប្រតិបត្តិការអន្តរជាតិ»។
មន្ត្រីជាន់ខ្ពស់ក្រយុត្តិធម៌ បានគូសបញ្ជាក់ថា ពាក្យថាឧក្រិដ្ឋកម្ម មានន័យថាវាប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ វាអាចប៉ះពាល់នៅក្នុងរដ្ឋមួយ វាអាចប៉ះពាល់ឆ្លងរដ្ឋទៅប្រទេសដទៃ និងប្រជាជាតិដទៃ។ ដូច្នេះហើយការបង្ក្រាបឧក្រិដ្ឋកម្ម ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែននេះ គឺអត់មានបែងចែកតំបន់ ប៉ូល ក្រុមអ្វីទាំងអស់ គឺយើងរួមគ្នាដោយស្មើភាពគ្នាក្នុងការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សន្និសីទអន្តរជាតិ ICCOS-2026 បានឯកភាពគ្នា ក្នុងការរួមគ្នាបង្ការការឆបោក និងការជួញដូរមនុស្សតាមរយៈការពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាប និងលើកកម្ពស់ការយល់ដឹង របស់ប្រជាពលរដ្ឋ សាធារណជន និងបុគ្គល ដែលមានការពាក់ព័ន្ធទៅលើផ្នែកឌីជីថល និងហិរញ្ញវត្ថុ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពក្នុងការទទួលបានព័ត៌មាន ដែលអាចទុកចិត្តបានពាក់ព័ន្ធនឹងការជ្រើសរើសពលករ ដោយការបោកបញ្ឆោត គម្រោងការងារក្លែងបន្លំ គម្រោងវិនិយោគក្លែងបន្លំ ឬមធ្យោបាយនៃការធ្វើចំណាកស្រុកនានា ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងបង្ការកុំឱ្យមានបុគ្គល ដែលត្រូវបានគេជ្រើសរើសឱ្យចូលរួមនៅក្នុងការធ្វើការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លោក កេង សុម៉ារិទ្ធ បានបន្ថែមថា៖ «អង្គសន្និសីទបានឯកភាពគ្នា ក្នុងការលុបបំបាត់ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាធំៗ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ ដែលមានការពាក់ព័ន្ធតាមរយៈការអនុវត្តដោយភាពម៉ឺងម៉ាត់ នូវវិធានការច្បាប់ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងភាពឆាប់រហ័ស នៅក្នុងដែនយុត្តាធិការរបស់ប្រទេសនីមួយៗ ដោយអនុវត្តស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមជាមួយនឹងគោលការណ៍សមភាព និងគោរពអធិបតេយ្យភាពរបស់រដ្ឋ»៕






