ពិធីសែនព្រះខែ៖ ព្រះចន្ទមួយដួង ផ្សារភ្ជាប់មិត្តភាពប្រជាជនកម្ពុជា-ចិន
25-09-2026 13:31
(ភ្នំពេញ)៖ ពិធីសែនព្រះខែ ដែលជាប្រពៃណីដ៏មានអត្ថន័យបំផុតមួយរបស់ជនជាតិចិន ដែលបង្ហាញពីការជួបជុំ សេចក្តីស្រឡាញ់ ភាតរភាព និងសេចក្តីប្រាថ្នាចង់ឱ្យក្រុមគ្រួសារមានសុភមង្គល ក្រោយរយៈពេលកន្លះឆ្នាំបន្ទាប់ពីពិធីបុណ្យឆ្លងឆ្នាំថ្មី។
ក្នុងបរិបទទំនាក់ទំនងកម្ពុជា-ចិន ពិធីនេះក៏អាចត្រូវបានមើលឃើញជាស្ពានវប្បធម៌មួយ ដែលភ្ជាប់ប្រជាជននៃប្រទេសទាំងពីរ និងបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក។ ព្រះចន្ទ ក្នុងន័យនេះមិនខុសអ្វីពីសារព័ត៌មាន ដែលតែងតែងបំភ្លឺក្នុងទីងងឹត ឬបង្ហាញការពិតនៅក្នុងជ្រុងនីមួយៗនោះឡើយ។ ពិតណាស់សារព័ត៌មាន គឺជាស្ពានដែលនាំព័ត៌មាន អរិយធម៌ វប្បធម៌ និងរឿងរ៉ាវពីប្រទេសមួយទៅកាន់ប្រជាជននៃប្រទេសមួយទៀត។
តាមរយៈការផ្សព្វផ្សាយព័ត៌មានអំពីប្រទេសចិន ពីបណ្ដាញព័ត៌មាន Fresh News ប្រជាជនកម្ពុជាមានឱកាសស្គាល់កាន់តែច្បាស់ពីការអភិវឌ្ឍ សង្គម វប្បធម៌ និងជីវភាពរស់នៅរបស់ប្រជាជនចិន។ ចំណែក វិទ្យុមិត្តភាពកម្ពុជា-ចិន ក៏បានចូលរួមចែករំលែកសារមិត្តភាព និងភាតរភាពរវាងប្រជាជនទាំងពីរ ដោយបង្កើតជាវេទិកាសម្រាប់ផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍។ ខណៈដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានកម្ពុជាទៅកាន់ប្រទេសចិន បានផ្តល់ឱកាសឱ្យអ្នកសារព័ត៌មានទៅឃើញដោយផ្ទាល់ ស្តាប់ដោយផ្ទាល់ និងនាំយករឿងរ៉ាវពិតពីសង្គមចិន មកចែករំលែកជាមួយសាធារណជនកម្ពុជា។ ទន្ទឹមនឹងនេះ ការផ្លាស់ប្តូរអ្នកសារព័ត៌មានក៏ជួយឱ្យប្រជាជនចិនស្គាល់កម្ពុជាកាន់តែច្បាស់ផងដែរ។
ក្នុងនាមជាអ្នកសារព័ត៌មានមួយរូប ដែលតែងតាមដានយ៉ាងយកចិត្តទុកដាក់ពីទំនាក់ទំនងរវាងប្រជាជន កម្ពុជានិងចិន ដែលមានប្រវត្តិមិនតិចជាង២០០០ឆ្នាំ នាងខ្ញុំយល់ថា ពិធីសែនព្រះខែមិនត្រឹមតែជាពិធីវប្បធម៌របស់ប្រជាជាតិចិនប៉ុណ្ណោះទេ ប៉ុន្តែអាចក្លាយជានិមិត្តរូបនៃការជួបជុំរវាងបេះដូងប្រជាជននិងប្រជាជន កម្ពុជានិងចិន។ ព្រះចន្ទពេញវង់ ដែលរះលើមេឃានាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ជានិមិត្តរូបដ៏សំខាន់សម្រាប់មិត្តភាពរវាងប្រជាជនកម្ពុជានិងចិន បើទោះប្រជាជាតិយើងទាំងពីររស់នៅលើភូមិសាស្ត្រទឹកដីដាច់ដោយឡែកគ្នា តែមិត្តភាពដ៏យូរអង្វែងនេះតែងចែករំលែកសេចក្តីស្រឡាញ់ មិត្តភាព និងក្តីសង្ឃឹមរួមសម្រាប់សន្តិភាព និងវិបុលភាពបាន។
នៅពេលវប្បធម៌ និងសារព័ត៌មានរួមគ្នាបង្កើតការយល់ដឹង ការយល់ចិត្ត និងការជឿទុកចិត្ត នោះចំណងមិត្តភាពកម្ពុជា-ចិន នឹងមិនត្រឹមតែរឹងមាំនៅកម្រិតរដ្ឋនោះទេ ប៉ុន្តែថែមទាំងចាក់ឫសយ៉ាងជ្រៅនៅក្នុងចំណងតភ្ជាប់ដួងចិត្តរវាងប្រជាជាតិនៃប្រទេសយើងទាំងពីរដែលជាប្រជាជាតិពោរពេញដោយមនោសញ្ចេតនានៃការស្រឡាញ់សន្តិភាព និងរាប់អានមិត្តភក្តិទាំងអស់នៅក្នុងពិភពលោក៕













