* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រាជរដ្ឋាភិបាល អនុម័តសេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការ ឆ្នាំ២០២៦-២០៣៥ (Video inside)

25-09-2026 21:10

(ភ្នំពេញ)៖ សេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការសម្រាប់ឆ្នាំ២០២៦-២០៣៥ ត្រូវបានរាជរដ្ឋាភិបាល​អនុម័តរួចរាល់ហើយ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានាព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សេចក្តីព្រាង​គោល​នយោបាយនេះ រៀបចំដោយវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ដើម្បីផ្តល់ជាក្រប​ខ័ណ្ឌ​យុទ្ធ​សាស្ត្រ​រួមសម្រាប់ការកសាងប្រព័ន្ធស្ថិតិជាតិឱ្យរឹងមាំ ទំនើប និងមានសមត្ថភាពឆ្លើយតបទៅនឹងតម្រូវ​ការ​អភិវឌ្ឍន៍ជាតិ។

ដោយឈរលើមូលដ្ឋានច្បាប់ និងទិសដៅកែទម្រង់ គោលនយោបាយស្ថិតិផ្លូវការឆ្នាំ២០២៦-២០៣៥ នឹង​តម្រង់ទិសការកសាងប្រព័ន្ធស្ថិតិជាតិមួយដែលមានសមាហរណកម្ម គុណភាព ប្រសិទ្ធភាព សង្គតិភាព និងចីរភាព។ អាទិភាពស្នូលនៃគោលនយោបាយនេះ រួមមាន ការលើកកម្ពស់ស្តង់ដា និងគុណភាពស្ថិតិ, ការធ្វើទំនើបកម្មប្រព័ន្ធឌីជីថល, ការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងយន្តការសម្រប​សម្រួលអន្តរ​ស្ថា​ប័ន ស្របតាមបទដ្ឋានជាតិ និងអន្តរជាតិ។

ក្នុងសេចក្តីប្រកាសព័ត៌មានបានគូសរំលេចថា ភាពជោគជ័យនៃការអនុវត្តគោលនយោបាយនេះ ទាមទារ​ការ​ចូលរួមយ៉ាងសកម្ម និងការទទួលខុសត្រូវរួ​ម​របស់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯក​ជន និងដៃគូអភិវឌ្ឍន៍ តាមតួនាទី និងសមត្ថ​កិច្ច​រៀងៗខ្លួន ដើម្បីធានាឱ្យទិន្នន័យស្ថិតិផ្លូវ​ការត្រូវបាន​ផលិត ចែករំលែក និងប្រើប្រាស់ ប្រកបដោយ​ប្រសិទ្ធភាព។

ផ្អែកតាមច្បាប់ស្តីពីស្ថិតិឆ្នាំ២០១៥ បានកំណត់មុខងារ តួនាទី និងការទទួលខុសត្រូវរបស់អង្គភាព ស្ថិតិ​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការប្រមូល ចងក្រង វិភាគ និងផ្សព្វផ្សាយទិន្នន័យស្ថិតិ តាមរយៈជំរឿន អង្កេត និងកំណត់ត្រារដ្ឋបាល។

ក្នុងក្របខ័ណ្ឌនេះ វិទ្យាស្ថានជាតិស្ថិតិមានតួនាទីជាស្ថាប័នស្នូលក្នុងការដឹកនាំ សម្របសម្រួល និងកំណត់​ស្ដង់ដា ចំណាត់ថ្នាក់ និយមន័យ និងទស្សនទានស្ថិតិ ដើម្បីធានាសង្គតិភាពនៃទិន្នន័យ និងចៀស​វាង​ការ​ផលិតទិន្នន័យស្ទួនគ្នា។

ក្នុងរយៈពេលកន្លងមក កម្ពុជាបានសម្រេចសមិទ្ធផលសំខាន់ៗ ក្នុងការអភិវឌ្ឍវិស័យស្ថិតិ ដូចជាការ​អនុ​វត្ត​ជំរឿនប្រជាជន ជំរឿនសេដ្ឋកិច្ច ជំរឿនកសិកម្ម និងអង្កេតជាបន្តបន្ទាប់ ព្រមទាំងការអនុវត្តយុទ្ធ​សាស្ត្រ​ជាតិសម្រាប់ការអភិវឌ្ឍស្ថិតិ។

ការអភិវឌ្ឍទាំងនេះ បានជួយពង្រឹងមូលដ្ឋានគ្រឹះ នៃប្រព័ន្ធស្ថិតិជាតិ និងលើកកម្ពស់សមត្ថភាព​ស្ថាប័ន​ក្នុង​​ការផលិត និងផ្សព្វផ្សាយទិន្នន័យស្ថិតិផ្លូវការ។ ទន្ទឹមនឹងនេះ ការរីកចម្រើនបច្ចេកវិទ្យាឌីជីថល និងការ​ប្រើប្រាស់ប្រព័ន្ធព័ត៌មានអេឡិចត្រូនិក ក៏បានជួយបង្កើនភាពទាន់ពេលវលា តម្លាភាព និងភាពងាយ​ស្រួល​​ក្នុងការចូលប្រើប្រាស់ទិន្នន័យ។

ទិន្នន័យស្ថិតិដែលមានគុណភាព នឹងក្លាយជាមូលដ្ឋានសម្រាប់ការធ្វើសេចក្តីសម្រេចផ្អែកលើភស្តុតាង និងការតាមដានត្រួតពិនិត្យ និងវាយតម្លៃគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ជាតិ៕