* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទំនិញកម្ពុជា ត្រូវបានពង្រីកនាំចេញទៅប្រទេសចំនួន១៧៧, ទំនិញនាំចេញមានទឹកប្រាក់កើនឡើងជិត ៣៥ពាន់លានដុល្លារអាមេរិក

25-09-2026 21:37

(ភ្នំពេញ)៖ ទំនិញរបស់កម្ពុជា ត្រូវបានពង្រីកទៅកាន់ទីផ្សារពិភពលោកកើនដល់ចំនួន១៧៧ប្រទេស​ហើយ ខណៈទំហំទឹកប្រាក់នៃការនាំចេញបន្តមានកំណើនដែរ បើទោះបីពិភពលោកពើបប្រទះនឹងវិបត្តិជា​ច្រើន​យ៉ាងណាក្តី។ មកដល់ពេលបច្ចុប្បន្នទឹកប្រាក់នៃការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារពិភព​លោកមានរហូតដល់ជិត ៣៥ពាន់លានដុល្លារ កើនជាង ១៨ភាគរយ។

កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃ​សុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានលើកយកមកពិនិត្យ និងពិភាក្សាលើ​របាយការណ៍វឌ្ឍនភាព​នៃការ​ជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងតភ្ជាប់ទៅទីផ្សារអន្តរជាតិ។

ផ្អែកតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាល​ទី​៧ នៃរដ្ឋសភា និងអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យ​បន្ត​អនុវត្តអភិក្រម «ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី» ដើម្បីធានាឱ្យផលិតផលកម្ពុជាមានទីផ្សារ​សម​ស្របទាំងក្នុងស្រុក និងអន្តរជាតិ ដោយបន្តធ្វើសមាហរណកម្មស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចតំបន់ និង​សកល និងបន្តស្វែងរកទីផ្សារថ្មីៗ ដែលផ្តល់ភាពអនុគ្រោះពន្ធ តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជ​កម្ម​សេរីទ្វេភាគី តំបន់ និងពហុភាគី និងជំរុញការនាំចេញ។

ក្រសួងពាណិជ្ជកម្ម បាននិងកំពុងអនុវត្តបេសកកម្មរបស់ខ្លួនប្រកបដោយស្មារតីសកម្ម និងបុរសកម្មលើ​ការ​ងារ អាទិភាពសំខាន់ៗ ដូចជាការបន្តកែទម្រង់និងលើកកម្ពស់អភិបាលកិច្ចស្ថាប័ន ធ្វើសាមញ្ញកម្ម និង​ឌីជីថលូបនីយកម្ម សេវាសាធារណៈ ជំរុញ និងពិពិធកម្មទីផ្សារនាំចេញ លើកកម្ពស់បរិយាកាស​ធុរកិច្ច​ និង​អភិបាលកិច្ចវិស័យឯកជន ដោយផ្អែកលើគោលការណ៍ស្មើសិទ្ធិ ស្មើភាព តម្លាភាព និងសុចរិតភាព អភិ​វឌ្ឍ​វិស័យឯកជន និងទីផ្សារ និងបង្កើនភាពប្រកួតប្រជែង ជំរុញពាណិជ្ជកម្មឌីជីថល និងពាណិជ្ជកម្ម​តាម​ប្រព័ន្ធអេឡិចត្រូនិក និងធ្វើសមាហរណកម្ម ពាណិជ្ជកម្មទៅក្នុងតំបន់និងពិភពលោក ឱ្យស្របតាមកាលា​នុវត្តភាព និងតម្រូវការទីផ្សារក្នុងស្រុកនិងអន្តរជាតិ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ការនាំចេញ​របស់​កម្ពុជា​ទៅកាន់ទីផ្សារពិភពលោក ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា មាន​កំណើន​ជាលំដាប់ពី ២២ ៥៣២លានដុល្លារអាម៉េរិក ទៅ ២៥ ៧៣៩លានដុល្លារអាម៉េរិក ស្មើនឹង ១៤,២៣ភាគ​រយ ទៅ ២៩ ៦១៧លានដុល្លារអាម៉េរិក ស្មើនឹង ១៥,០៧ភាគរយ និងថ្មីៗនេះ បានកើន​ឡើង​រហូតដល់ ៣៤ ៩៦០លានដុល្លារអាម៉េរិក ស្មើនឹង ១៨,០៤ភាគរយ ទោះបីជាក្នុងបរិបទពិភពលោក និងតំបន់ កំពុងប្រែប្រួលដ៏ស្មុគស្មាញ ភាពតានតឹង ភូមិសាស្ត្រនយោបាយ សង្គ្រាមនៅតាមតំបន់នានា ការប្រែប្រួលនៃសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក វិបត្តិថាមពល ការបន្ទច់បង្អាក់ខ្សែច្រវាក់ផ្គត់ផ្គង់ និង​ការប្រែប្រួលអាកាសធាតុក៏ដោយ។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះបន្តថា ការជំរុញការតភ្ជាប់ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈប្រព័ន្ធ​អនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀង​ពា​ណិជ្ជ​កម្ម ដោយកម្ពុជា បានបន្តធ្វើពិពិធកម្មទីផ្សារ​នាំចេញ-នាំចូល តាមរយៈការពង្រឹងទីផ្សារ​ចាស់-ពង្រីក​ទីផ្សារថ្មី និងការនាំចេញបានកើនឡើងរហូតដល់ ១៧៧ប្រទេស និងបានកំពុងរៀបចំនីតិវិធីក្នុងការស្នើ​សុំការ​ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសម្រួល ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ដោយមិន​ប្រើក្រដាសស្នាមក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របទៅតាមអាទិភាពទី៥ មុំទី៣ នៃបញ្ចកោណទី២។

ការនាំចេញទៅទីផ្សារដៃគូសំខាន់ៗខាងលើនេះ បានជួយបង្កើនតម្លៃបន្ថែមលើ ផលិតផលកសិកម្ម និង​ការពង្រីកឧស្សាហកម្មគាំទ្រក្នុងស្រុក តាមរយៈការទាញយកអត្ថប្រយោជន៍ជាអតិបរមាពី កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដែលជាកាតាលីករដ៏សំខាន់ក្នុងការកាត់បន្ថយគម្លាតជញ្ជីងពាណិជ្ជកម្ម និងជំរុញកំណើន​សេដ្ឋ​កិច្ចប្រកបដោយចីរភាព។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តជំរុញពិពិធកម្មទីផ្សារ លើកកម្ពស់សមត្ថភាពកែច្នៃ ក្នុងស្រុក និងពង្រឹងខ្សែច្រវាក់តម្លៃកសិ-ចំណីអាហារជាតិ ក្រសួងពាណិជ្ជកម្មបាននិងកំពុង​បោះជំហាន​យ៉ាង​ស្វាហាប់ជាមួយយុទ្ធនាការផលិតផលផលិតនៅកម្ពុជា (Made In Cambodia) ដើម្បីជំរុញការនាំ​ចេញ​ផលិតផលកសិ-កែច្នៃ បន្តឈានចូលទីផ្សារកម្រិតខ្ពស់ និងផ្សារទំនើបខ្នាតយក្សលំដាប់​ពិភព​លោក៕