* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដឹកនាំក្រុមការងារចុះពិនិត្យសុខទុក្ខ និងចែកសម្ភារចាំបាច់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង៦០គ្រួសារ នៅឃុំពុទ្រា ស្រុកជ័យសែន

25-09-2026 22:43

(ព្រះវិហារ)៖ លោកវេបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពសុខទុក្ខ និងផលប៉ះពាល់ដោយសារទឹកជំនន់ ព្រមទាំងនាំយកសម្ភារចាំបាច់មួយចំនួនចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ចំនួន៦៤គ្រួសារ មាន២៣៦នាក់ នៅឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បាននាំយក និងចែកជូនប្រជាពលរដ្ឋដោយផ្ទាល់នូវសម្ភារចាំបាច់មួយចំនួន ដើម្បីចូលរួមជួយសម្រួលដល់ការរស់នៅ និងការការពារសុខភាព ក្នុងអំឡុងពេលប្រឈមនឹងទឹកជំនន់ រួមមាន មុងជ្រលក់ថ្នាំ សម្រាប់ការពារការខាំរបស់មូស និងចូលរួមបង្ការជំងឺគ្រុនឈាម និងគ្រុនចាញ់ ព្រមទាំង ថ្នាំបន្សុតទឹក (ក្លរ៉ាមីន) សម្រាប់ប្រើប្រាស់ ក្នុងការបន្សុតទឹកឱ្យមានសុវត្ថិភាព មុនយកទៅប្រើប្រាស់ប្រចាំថ្ងៃ។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត គួង ឡូ បានណែនាំ និងអប់រំសុខភាពដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព ដែលអាចកើតមានក្នុងអំឡុងពេលទឹកជំនន់ ដោយត្រូវប្រកាន់ខ្ជាប់នូវអនាម័យ និងការរស់នៅស្អាត តាមគោលការណ៍ «ហូបស្អាត ផឹកស្អាត រស់នៅស្អាត»។

លោកក៏បានណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើសុវត្ថិភាពទឹក និងចំណីអាហារ ការការពារខ្លួនពីសត្វអាសិរពិស ព្រមទាំងបង្ការជំងឺឆ្លងផ្សេងៗដែលអាចកើតមានដោយសារទឹកជំនន់។ ក្នុងករណីមានបញ្ហាសុខភាព ឬមានរោគសញ្ញាមិនប្រក្រតី ប្រជាពលរដ្ឋត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមូលដ្ឋានសុខាភិបាលដែលនៅជិតបំផុត ដើម្បីទទួលបានការពិនិត្យ និងព្យាបាលទាន់ពេលវេលា។

សកម្មភាពនេះ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ ក្នុងការចូលរួមការពារ និងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ពីគ្រោះធម្មជាតិ និងត្រូវការការគាំទ្រផ្នែកសុខាភិបាល និងអនាម័យជាបន្ទាន់៕