ក្រុមការងារ CPP ចុះជួយឃុំសង្កែ ស្រុករំដួល នាំទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃចំនួន២វត្ត ក្នុងឱកាសវេនបិណ្ឌទីមួយ
27-09-2026 13:48
(ស្វាយរៀង)៖ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហុឹម ម៉ាលី សមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុករំដួល និងជាសមាជិកក្រុមការងារចុះជួយមូលដ្ឋានឃុំសង្កែ និងលោក ហេង ឡាលីន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ព្រមទាំងកូន ចៅ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២៦ បាននាំទេយ្យទាននិងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃចំនួន២ វត្តគឺវត្តសង្កែ និងវត្តថ្មីស្ថិតនៅក្នុងឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌវេនទី១។
ក្នុងឱកាសនោះ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហុឹម ម៉ាលី បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀងជូនចំពោះលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទចំណុះជើងវត្តទាំងពីរ ដោយក្តីនឹករលឹក និងការគិតគូរសុខទុក្ខប្រជាពលលរដ្ឋនៅខេត្តស្វាយរៀង ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ។
ជាមួយគ្នានេះ មហាឧបាសិកា ហុឹម ម៉ាលី បានថ្លែងថា ជារៀងរាល់ឆ្នាំនៅពេលដល់ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ឪពុកម្ដាយ នៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ ហើយសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា។
មហាឧបាសិកា ហុឹម ម៉ាលី ថ្លែងផ្ញើដល់អាជ្ញាធរដែនដីសូមបន្តយកចិត្តទុកដាក់អំពីសុខទុក្ខជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងដោះស្រាយបញ្ហាប្រឈមនានាឱ្យមានតម្លាភាព ផ្តល់សេវាសាធារណៈឱ្យកាន់ល្អប្រសើរបន្ថែមទៀត ធ្វើយ៉ាងណាកុំឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់។
បន្ថែមលើសពីនេះ សូមប្រជាពលរដ្ឋអញ្ជើញទៅត្រួតពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានត្រឹមត្រូវតាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីត្រៀមខ្លួនចូលរួមបោះឆ្នោតនាពេលខាងមុខ និងគាំទ្រគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន ជាបន្តបន្ទាប់ទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះដែរ មហាឧបាសិកាហុឹម ម៉ាលី និងកូនចៅក៏បានចែកជូនសារុង១ ក្រម៉ា១ និងថវិការមួយចំនួនជូនដល់ពុទ្ធបរិស័ទដែលបានចូលរួមក្នុងពិធីកាន់បិណ្ឌទីមួយទាំងពីរវត្តនេះផងដែរ៕

















