វត្តព្រះវិហារធំសសរ១០០ ស្អិតស្អាងទទួលពុទ្ធបរិស័ទប្រារព្ធបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ
27-09-2026 14:25
(ក្រចេះ)៖ ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យដ៏ធំមួយរបស់ប្រជាពលរដ្ឋខ្មែរជាអ្នកកាន់ព្រះពុទ្ធសាសនា បានចូលមកដល់ហើយនៅថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។
តាមទីអារាមនានា ត្រូវបានរៀបចំតុបតែងលំអទីធ្លា រៀបចំទីសក្ការៈបូជា និងកន្លែងពូនភ្នំខ្សាច់ជាដើម។ នៅវត្តព្រះវិហារធំសសរ១០០ ជាវត្តដ៏ចំណាស់មួយនៅប្រទេសកម្ពុជា ស្ថិតនៅស្រុកសំបូរ ចម្ងាយប្រហែល៣៦គីឡូម៉ែត្រ ភាគខាងជើងទីរួមខេត្តក្រចេះ ក៏បានរៀបចំតុបតែងលំអទីធ្លាវត្ត កន្លែងពូនភ្នំខ្សាច់ និងទីសក្ការៈបូជានានា ដើម្បីជាទីជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទ្ទទៅរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
វត្តព្រះវិហារធំសសរ១០០ ត្រូវបានសាងសង់ឡើងនៅចំទីតាំងរបស់រាជវាំងនគរសម្ភបុរៈ នៃអាណាចក្រចេនឡា។ វត្តព្រះវិហារធំសសរ១០០ ត្រូវបានសាងសង់ឡើងតាំងពីសតវត្សរ៍ទី១៦ ក្នុងរជ្ជកាលព្រះបាទច័ន្ទរាជា។
ទីអារាមដ៏ចំណាស់នេះ ជាទីបូជនីយដ្ឋានមួយដែលប្រជាពុទ្ធបរិស័ទជិតឆ្ងាយតែងគោរពបូជាប្រកបដោយសទ្ធាជ្រះថ្លា និងភ្ជាប់មកនូវជំនឿផ្សេងៗផងដែរ។
ក្រៅពីការគោរពបូជាហើយនោះ វត្តព្រះវិហារធំសសរ១០០ ក៏ជាកន្លែងអន្ទងទងចិត្តអ្នកទេសចរជិតឆ្ងាយឱ្យទៅលេងកម្សាន្តកម្រនឹងរំលងនៅពេលពួកគេទៅដល់ទឹកដីខេត្តក្រចេះ។
ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ និងព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០ បានមានសង្ឃដីកាឱ្យដឹងថា ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ វត្តព្រះវិហារធំសសរ១០០ តែងមានប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត និងអញ្ជើញពីជិតឆ្ងាយនានា យកចង្ហាន់ប្រគេនព្រះសង្ឃ និងឧទ្ទេសមហាកុសលជូនដល់បុព្វការីជន។ បន្ថែមពីលើនោះ ប្រជាពុទ្ធបរិស័ទក៏តែងឆ្លៀតបូជាផ្ញាភ្ញី ទៀនធូប ដល់ព្រះនាងក្រពុំឈូក ក៏ដូចជាបួងសួងតាមប្រាថ្នា និងជំនឿរៀងៗខ្លួន។
បើតាមព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំវត្តព្រះវិហារធំសសរ១០០ តែងតែជាទីជ្រះថ្លាសម្រាប់ប្រជាពលរដ្ឋដ៏ច្រើនកុះករអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។
សូមបញ្ជាក់ថា វត្តព្រះវិហារធំសសរ១០០ ត្រូវបានសាងសង់លើកដំបូងក្នុងសតវត្សរ៍ទី១៦ ដោយព្រះបាទចន្ទរាជា។ ក្នុងវត្តនេះ មានព្រះរាជចេតិយដែលកសាងឡើងដោយព្រះបាទចន្ទរាជានៅក្នុងឆ្នាំ១៥២៩ ពោលគឺមុនការកសាងវត្តទៅទៀត។ ទ្រង់បានបញ្ចុះព្រះរាជអដ្ឋិធាតុធីតារបស់ព្រះអង្គ ព្រះនាមព្រះអង្គម្ចាស់អនុជាតិក្សត្រីយ៍វភក័ក្ត្រ ឬ ព្រះនាងក្រពុំឈូក តមកបានបញ្ចុះព្រះរាជអដ្ឋិធាតុ ព្រះសត្ថាទី១ ព្រះជ័យជេដ្ឋាទី១ ព្រះរាជសំភារ ចៅពញាតូ ព្រះនាងព្រះម៉ែយួ បុប្ឋាវតី និងព្រះរាជវង្សានុវង្សជាច្រើនអង្គ។ លុះមកដល់ខែធ្នូ គ.ស ១៩៥៥ សម្ដេចព្រះឧបយុវរាជ នរោត្តម សីហនុ ទ្រង់បានស្ថាបនាព្រះចេតិយនេះជាថ្មី ហើយទ្រង់បានសម្ពោធឆ្លងព្រះចេតិយនេះ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៥៦។
បន្ទាប់ពីកសាងចេតិយរួច ព្រះរាជាបានឲ្យគេសាងសង់រោងបុណ្យប្រក់ស្បូវយ៉ាងស្រស់ស្អាត់មួយ ក្បែរចេតិយនោះ ដោយមានសសរចំនួន១០០ដើម។ ក្រោយពីសាងសងរោងបុណ្យរួច ព្រះរាជាត្រាស់បង្គាប់ឱ្យរៀបចំពិធីបុណ្យធំនៅជិតមាត់ទន្លេ ដែលនៅចម្ងាយពីឆ្ងាយពីព្រះចេតិយ និងរោងបុណ្យនេះ ដោយមានអ្នកចូលរួមច្រើនកុះករ។ នៅក្នុងពិធីបុណ្យនោះ ព្រះរាជាទ្រង់បានប្រសិទ្ធនាមរោងបុណ្យនោះថា «ព្រះវិហារធំ» លុះក្រោយមកទៀត ទីអារាមនេះ ក៏ត្រូវបានគេហៅថា «ព្រះវិហារធំសសរ១០០»។
រយៈពេល១០០ឆ្នាំក្រោយមក ព្រះវិហារដែលមានដំបូលប្រក់ស្បូវ ត្រូវបានបំផ្លាញដោយរន្ទះភ្លើងបាញ់ ដែលបានធ្វើអោយសសរ២៨ដើមឆេះអស់ ហើយនៅសល់សសរតែ៧២ ដើមប៉ុណ្ណោះ ហើយព្រះពុទ្ធបដិមាប្រលាក់ដោយផ្សែងភ្លើង។
ដោយសារគ្រោះធម្មជាតិនេះ ប្រជាជននៅទីនោះបានស្ថាបនាព្រះវិហារនេះឡើងវិញ ប៉ុន្តែមានសសរតែ៧២ដើមទេ។ រហូតមកដល់ឆ្នាំ១៩៧៨ ព្រះវិហារសសរ១០០ ត្រូវបានរុះរើ ហើយសាងសង់ឡើងវិញ ដោយមានបណ្ដោយ៣៥ម៉ែត្រ ទទឹង១៨ម៉ែត្រ មានកម្ពស់ ២៣ម៉ែត្រ និងសសរ១១៦ដើម។ ព្រះវិហារថ្មីត្រូវបានស្ថាបនារួចរាល់ និងបញ្ចុះសីមានៅថ្ងៃទី១៤ មករា ១៩៩៨។ បច្ចុប្បន្នព្រះវិហារ នេះមានសសរស៊ីម៉ងត៍ សុទ្ធចំនួន១១៦ដើម៕



































































