មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមកាន់បិណ្ឌវេនទី១ នៅវេឡុគង្គារាម (ហៅវត្តអូរឫស្សី) ក្រុងក្រចេះ
27-09-2026 14:48
(ក្រចេះ)៖ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តវេឡុគង្គារាម (ហៅវត្តអូរឫស្សី)ភូមិស្រែស្ដៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំ និងមានសារៈសំខាន់បំផុតមួយរបស់ប្រជាជនខ្មែរ ដែលបានប្រតិបត្តិតាំងពីបុរាណកាលមក ដើម្បីឧទ្ទិសកុសល ជូនដល់បុព្វការីជន មានជីដូនជីតា ឪពុកម្តាយ គ្រូឧបជ្ឈាយាចារ្យ និងញាតិសន្តានទាំងប្រាំពីរ ដែលបានចែកឋានទៅកាន់លោកខាងមុខ និងដើម្បីថែរក្សាវប្បធម៌ និងប្រពៃណី លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យស្ថិតស្ថេរចីរកាល ពង្រឹងសាមគ្គីភាព ជាពេលវេលានៃការជួបជុំគ្រួសារ បងប្អូន និងពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីធ្វើបុណ្យទាន រក្សាសីល និងសន្សំកុសលរួមគ្នា។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង រួមនឹងមេបញ្ជាការរង នាយទាហាន ពលទាហាន ចំណុះឱ្យទីបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមនឹងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ក៏បានអញ្ជើញចូលរួមពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងសម្ដែង ព្រះធម៌ទេសនា កាលពីល្ងាចថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ។
ហើយនៅព្រឹកថ្ងៃទី២៧នេះ លោកឧត្តមសេនីយ៍ត្រី រួមជាជាមួយមន្ត្រីក្រោមឱវាទ បានរៀបចំនាំយកចង្ហាន់ បច្ច័យ និងទេយ្យវត្ថុផ្សេងៗរួមាន ទឹកសុទ្ធចំនួន ១០កេះ មី២កេះ ទឹកសុីអុីវ២យួរ ទឹកត្រី២យួរ អង្ករ២បេ ស្មើនិង១០០គីឡូ និងបច្ច័យកសាង ៤ ០០០ ០០០រៀល សរុប ៤ ៥០០ ០០០រៀល វេរប្រគេនជូនព្រះសង្ឃដែលគង់ចាំវស្សា ដើមី្បជួយទ្រទ្រង់ដល់ការសិក្សារៀនសូត្រ និងការបដិបត្តិធម៌វិន័យរបស់ព្រះសង្ឃក្នុងរដូវវស្សា។
នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ រយៈពេល ១៥ថ្ងៃនេះ ក្រោមការចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានចាត់តាំង និងដាក់ពង្រាយកម្លាំងយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ដើម្បីឱ្យការធ្វើដំណើរ និងការប្រារព្ធពិធីបុណ្យនៅតាមទីវត្តអារាមនានាក្នុងខេត្ត ប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាពខ្ពស់៕











