* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក សួន សេរីរដ្ឋា៖ ការផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុងស្រុក គឺជា «កាតព្វកិច្ច» របស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនត្រូវយកការប្រៀបធៀបមកវាយតម្លៃការងារក្រសួងនោះឡើយ

28-09-2026 09:22

(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសន្តិភាពកម្ពុជា បានលើកឡើងតាមរយៈបណ្ដាញសង្គម CoolApp ថា ការលើកសរសើរដល់ Creator និងអ្នករកស៊ីក្នុងស្រុកដែលបានជួយបង្កើត និងបង្កើនការផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងស្រុក គឺជារឿងល្អ ប៉ុន្តែមិនគួរយកការចូលរួមជាកាតព្វកិច្ចនេះ មកធ្វើជាប្រធានបទប្រៀបធៀប ឬវាយតម្លៃលើសកម្មភាពការងារ និងការខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍នោះឡើយ។

លោកបានបញ្ជាក់ថា ក្រសួងទេសចរណ៍មានភារកិច្ច និងការងារជាតិធំៗជាច្រើន ដូចជាការចាយថវិកាជាតិដើម្បីអូសទាញវិនិយោគទេសចរណ៍ ដណ្តើមទីផ្សារទេសចរណ៍ក្រៅស្រុក និងភ្ជាប់គ្រប់ប្រភេទទេសចរណ៍ ដែលមានក្នុងស្រុកទៅកាន់ឆាកអន្តរជាតិសម្រាប់ការប្រកួតប្រជែងធំៗ មិនមែនចាយលុយដើម្បីចែកទូរស័ព្ទដៃធ្វើទីផ្សាររកលុយផ្ទាល់ខ្លួននោះទេ។

លោក សួន សេរីរដ្ឋា បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ គឺត្រូវតែជាកាតព្វកិច្ច និងទទួលភារកិច្ចធ្វើជាភ្នាក់ងារជួយផ្សព្វផ្សាយវិស័យទេសចរណ៍ និងតំបន់ទេសចរណ៍ក្នុងស្រុករបស់ខ្លួនឱ្យរីកសាយភាយទាំងក្នុង និងក្រៅប្រទេស។ ការផលិតមាតិកា និងការផ្សព្វផ្សាយនេះទៀតសោត ក៏មិនចាំបាច់ទាល់តែមានឧបករណ៍ទំនើបៗដូចជាទូរស័ព្ទម៉ាកថ្លៃៗ ឬម៉ាស៊ីនថតយន្តហោះគ្មានមនុស្សបើក (Camera Drones) នោះឡើយ ពោលគឺគ្រាន់តែមានស្មាតហ្វូនធម្មតាមួយគ្រឿងដែលអាចថតរូប និងវីដេអូបាន ក៏អាចធ្វើបានដែរ។

លោកបានបន្ថែមថា ការចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍ ក៏មិនចាំបាច់ទាល់តែមានលទ្ធភាពទៅរុករកតំបន់ជ្រោះជ្រង ឬភ្នំខ្ពស់អស្ចារ្យនោះដែរ ប៉ុន្តែវាអាចចាប់ផ្តើមពីសកម្មភាពសាមញ្ញក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដូចជារៀបចំដាំដុះបន្លែ ផ្កា និងច្បាដំណាំជុំវិញផ្ទះឱ្យបានស្អាតបាត មិនបោះចោលសំរាមឥតរបៀប រក្សាគន្លងសុវត្ថិភាពពេលបើកបរលើដងផ្លូវ និងមិនបោះចោលកាកសំណល់ពាសវាលពាសកាលនៅទីសាធារណៈ។

ជាមួយគ្នានេះ លោកក៏បានស្នើដល់ក្រុម Creators និងអ្នកធ្វើការផ្សាយ Online ទាំងឡាយ ឱ្យឈប់យកមនុស្សវិកលចរិត ឬការឈ្លោះប្រកែកគ្នាដែលបំពុលសង្គមមកធ្វើជាមាតិកាសម្ភាសន៍រកស៊ី ដោយងាកមកអនុវត្តសកម្មភាពដែលមានតម្លៃវិញ ទើបជាការចូលរួមចំណែកយ៉ាងធំធេងដល់ការលើកកម្ពស់វិស័យទេសចរណ៍ជាតិ។ លោកក៏បានរំលឹកប្រៀបធៀបផងដែរថា ប្រជាពលរដ្ឋគួរតែបង្ហាញស្មារតីស្រឡាញ់ និងផ្សព្វផ្សាយប្រទេសជាតិខ្លួនឯងឱ្យបានខ្លាំងក្លាដូចទៅនឹងពេលដែលពលរដ្ឋខ្មែរធ្លាប់បានជួយផ្សព្វផ្សាយ និងចាយវាយកម្សាន្តនៅប្រទេសជិតខាងដោយមិនចាំបាច់មានការតបស្នាតម្លៃអ្វីឡើយ។

ជាចុងក្រោយ លោក សួន សេរីរដ្ឋា បានសន្និដ្ឋានថា ក្នុងនាមជាពលរដ្ឋក្នុងប្រទេសមួយ ការជួយផ្សព្វផ្សាយវិស័យទេសចរណ៍ គឺផ្តើមចេញពីការរៀបចំផ្ទះសម្បែង និងផ្លូវថ្នល់ដែលខ្លួនរស់នៅ និងធ្វើដំណើរឱ្យក្លាយជាទីទាក់ទាញ ព្រមទាំងការប្រព្រឹត្តខ្លួនឱ្យស័ក្តិសមជាម្ចាស់ផ្ទះប្រកបដោយបដិសណ្ឋារកិច្ចដ៏ល្អផងដែរ៕